ភ្នំពេញៈ មន្ត្រីជំនាញក្នុងខេត្តបាត់ដំបង បានស្វាគមន៍ចំពោះផែនការក្រុមហ៊ុនជប៉ុន Top Planning Japan Co.,LTD (TPJ) ដែលចង់វិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញ និងកែច្នៃទៅជាប្រេងឥន្ធនៈ នៅក្នុងខេត្តបាត់ដំបង ខណៈបច្ចុប្បន្នផលដែលកសិករប្រមូលបានគឺពឹងផ្អែកស្ទើរទាំងស្រុងទៅលើការនាំទៅប្រទេសវៀតណាមក្រោមរូបភាពផលិតផលស្រស់ (ស្វាយចន្ទីឆៅ)។
ផែនការនេះត្រូវបាន លោក Tetsuo Murayama អគ្គនា យកក្រុមហ៊ុន TPJ លើកឡើងនៅក្នុងឱកាសនៃជំនួបជាមួយលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាបញ្ជាការដ្ឋាន CMAC កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោក Tetsuo បានប្រាប់ថា កម្ពុជាអាចចាត់ទុកជាប្រទេសមានដំណាំស្វាយចន្ទីច្រើនលើពិភពលោក ដោយបច្ចុប្បន្ននេះស្វាយចន្ទីអាចផ្តល់ផលជាង ១ លានតោនក្នុង ១ ឆ្នាំ។ លោកបន្តថា ទោះមានការដាំដុះច្រើន ប៉ុន្តែផលដែលកសិករប្រមូលបាន គឺមិនទាន់ត្រូវបានកែច្នៃជាផលិតផលសម្រេចនោះទេ ដោយវាត្រូវបាននាំចេញភាគច្រើនជាគ្រាប់ស្វាយចន្ទីឆៅទៅលក់ឱ្យប្រទេសជិតខាង។ តាមការប៉ាន់ស្មាន កម្ពុជាលក់គ្រាប់ស្វាយចន្ទី (មិនទាន់កែច្នៃ) ទៅក្រៅប្រទេសក្នុងតម្លៃប្រមាណជាង ១ ពាន់លានដុល្លារក្នុង ១ ឆ្នាំ ខណៈក្រុមហ៊ុនលោកគ្រោងនឹងកែច្នៃ ដែលអាចលក់បានដល់ ៣ ពាន់លានដុល្លារ។
លោកបន្តថា TPJ ចង់ពង្រីកការវិនិយោគក្នុងខេត្តបាត់ដំបង ដែលជាទីតាំងបោសសម្អាតមីនរួចរាល់ ដោយមានទាំងការកែច្នៃស្វាយចន្ទីឆៅ និងចម្រាញ់ធ្វើជាប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់។ ការវិនិយោគនេះនឹងជួយធ្វើឱ្យស្វាយចន្ទីកម្ពុជាកាន់តែមានតម្លៃ និងជួយឱ្យសេដ្ឋកិច្ចកសិករកាន់តែល្អ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែកុម្ភៈថា បើសិនមានក្រុមហ៊ុនមកវិនិយោគលើការដាំដុះ កែច្នៃ និងវេចខ្ចប់គ្រាប់ស្វាយចន្ទី នៅក្នុងខេត្តបាត់ដំបងនោះវានឹងផ្តល់ផលវិជ្ជមានច្រើនទៅដល់ប្រជាកសិករទាំងតម្លៃ និងការបង្កើតការងារ ខណៈបច្ចុប្បន្នផលប្រមូលបានគឺពឹងផ្អែកទាំងស្រុងលើការប្រមូលទិញរបស់ឈ្មួញទៅប្រទេសជិតខាង។
លោកបញ្ជាក់ថា៖ «ក្នុងនាមមន្ទីរកសិកម្ម ខ្ញុំពិតជារីករាយចំពោះផែនការវិនិយោគមួយនេះ ដោយយើងនឹងរង់ចាំសហការទាំងផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលផ្សេងៗដើម្បីជួយលើកតម្កើងការដាំដុះ និងធ្វើឱ្យប្រជាកសិករទទួលបានប្រាក់ចំណូលកាន់តែច្រើន»។
បើតាម លោក វជិរ៉ា ស្វាយចន្ទី ជាដំណាំមិនរើសដីដាំដុះ និងអាកាសធាតុឡើយ។ ក្នុងខេត្តបាត់ដំបងបច្ចុប្បន្នស្វាយចន្ទីមានដាំនៅក្នុងស្រុកសំឡូត រតនមណ្ឌល រុក្ខគិរី និងគាស់ក្រឡ ជាដើម ដោយមានផ្ទៃដីសរុប ៣ ៣៧៨ ហិកតា។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានប្រាប់ថា លោកមិនទាន់ទទួលបានព័ត៌មានស្តីពីផែនការរបស់ក្រុមហ៊ុន TPJ ដែលចង់មកវិនិយោគនៅក្នុងខេត្តបាត់ដំបងទេ ប៉ុន្តែលោកពិតជារីករាយ និងស្វាគមន៍ចំពោះគម្រោងនេះ ព្រោះស្វាយចន្ទី ជាដំណាំដែលមានសក្តានុពលខ្ពស់សម្រាប់សេដ្ឋកិច្ចជាតិ។ ស្វាយចន្ទី ជាដំណាំកសិឧស្សាហកម្ម ដែលផ្តល់ផលរយៈពេលយូរ។
លោកប្រាប់ថា៖ «ជាគំនិតខ្ញុំ ពិតជាល្អណាស់សម្រាប់ដំណាំកសិឧស្សាហកម្មរយៈពេលវែង នេះ ព្រោះការដាំដុះដំណាំរយៈពេលខ្លីតែងតែជួបបញ្ហាទីផ្សារមួយចំនួនពេលកន្លងមក»។
ដោយសារស្វាយចន្ទី គឺជាប្រភេទដំណាំមានសក្តានុពលសម្រាប់សេដ្ឋកិច្ចជាតិកន្លងមកក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន បានរៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទី។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត ធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា គោលដៅនៃការរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទីគឺដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកឱ្យបញ្ចេញទុនមកវិនិយោគលើផលិតកម្មស្វាយចន្ទីឱ្យបានច្រើន ខណៈកន្លងមកវិស័យនេះហាក់ត្រូវគេព្រងើយកន្តើយមិនសូវយកចិត្តទុកដាក់ឡើយ បើទោះបីនៅក្នុង ១ ឆ្នាំៗកម្ពុជាទទួលបានប្រាក់យ៉ាងច្រើនចូលក្នុងចរន្តសេដ្ឋកិច្ចជាតិក៏ដោយ។
ទិន្នន័យក្រសួងកសិកម្មបានឱ្យដឹងថា រយៈពេល ១១ ខែ ឆ្នាំ ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ៤៦៩ ៥១៥,១៥ តោនទៅទីផ្សារវៀតណាម, ថៃ, ឥណ្ឌា, ចិន, ជប៉ុន និងហ្វីលីពីន។ ដោយឡែកការនាំចេញស្វាយចន្ទីកែច្នៃគឺ ៦៣៩,៥៦ តោនទៅថៃ, ចិន, ជប៉ុន, កោះតៃវ៉ាន់, កូរ៉េ, និងស្វ៊ីស៕