ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់និស្សិតដែលកំពុងរៀនផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានធុរកិច្ច ខេមអេដ (CamEd) ឱ្យបើកចំហចិត្តគំនិត និងបេះដូងចំពោះជំនាញផ្សេងៗ។ ជំនាញផ្សេងដែលលោកសំដៅលើកទឹកចិត្តដល់និស្សិតទាំងនោះគិតគូរដល់វិស័យកសិកម្មដែលលោកកំពុងដឹកនាំនេះ។
ថ្លែងទៅកាន់និស្សិតជាង ២០០ នាក់ ក្រោមប្រធានបទ «ចក្ខុវិស័យអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម» នៅទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅវិទ្យាស្ថានខេមអេដ លោក ឌិត ទីណា បានថ្លែងថា វិស័យកសិកម្មនៅកម្ពុជាសព្វថ្ងៃ បានដើរផុតពីការធ្វើកសិកម្មសម្រាប់បរិភោគ មកជាការធ្វើកសិកម្មដើម្បីផលចំណេញ។
ការលើកឡើងរបស់រដ្ឋមន្ត្រីគឺស្របពេលដែលកម្ពុជាបានបន្ថែមការវិនិយោគយ៉ាងច្រើនសម្រាប់បង្កើនផលិតកម្មក្នុងវិស័យកសិកម្ម និងការធ្វើធុរកិច្ចក្នុងវិស័យនេះ។
លោករដ្ឋមន្ត្រីថ្លែងថា៖ «ទោះជាកំពុងសិក្សាមុខជំនាញគណនេយ្យ ហិរញ្ញវត្ថុ ឬធុរកិច្ចក៏ពិតមែន ក៏គួរបើកចំហចិត្តគំនិត និងបេះដូងចំពោះជំនាញផ្សេងៗ ជាពិសេសត្រូវប្រឹងប្រែងសិក្សារៀនសូត្រ សម្រួចចំណេះដឹង ក៏ដូចជាគំនិត ព្រមទាំងឫកពាររបស់ខ្លួនឱ្យបានល្អប្រសើរ ឈានទៅទទួលបានការទុកចិត្តពីអ្នកដទៃ ដើម្បីអនាគតល្អប្រសើរក្នុងការងារ»។
លោករដ្ឋមន្ត្រី បានប្រាប់ថា៖ «វិស័យកសិកម្មនៅកម្ពុជាសព្វថ្ងៃ បានដើរផុតពីការធ្វើកសិកម្មសម្រាប់បរិភោគ មកជាការធ្វើកសិកម្មដើម្បីផលចំណេញ»។
លោករដ្ឋមន្ត្រី បានលើកឡើងពីសន្តិសុខស្បៀង សុវត្ថិភាពស្បៀង ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ហើយបានលើកទឹកចិត្ត និងជំរុញបង្កើនការដាំបន្លែសុវត្ថិភាព និងសរីរាង្គ ដោយចៀសវាងការប្រើប្រាស់សារធាតុគីមីខ្ពស់នាំឱ្យប៉ះពាល់សុខភាព។
លោកបញ្ជាក់ថា៖ «ជំនួញ និងការវិនិយោគ គឺសំខាន់ណាស់សម្រាប់វិស័យកសិកម្ម។ សារៈសំខាន់នៃធនធានមនុស្ស ជាសេចក្ដីសង្ឃឹមនៃប្រទេសជាតិទៅថ្ងៃអនាគត»។
រាជរដ្ឋាភិបាលកម្ពុជានឹងចំណាយទឹកប្រាក់រហូតដល់ ១៩៤ លានដុល្លារ សម្រាប់ជំរុញសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិកម្មប្រកបដោយបរិយាប័ន្ន ដែលហៅថា ASPIREAT ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ផ្តោតលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃនៃផលិតកម្មកសិកម្ម ដែលមានគោលដៅលើការលើកស្ទួយ ការដាំដុះបន្លែ ការចិញ្ចឹមសត្វមានមាន់ជាដើម អាជីវកម្មដំឡូងមី ផលិតកម្មគ្រាប់ស្វាយចន្ទី អាជីវកម្មផ្លែឈើស្រស់ និង អាជីវកម្មកែច្នៃផលិតផលពីផ្លែឈើ។
ក្នុងចំណោមថវិកាទាំងជិត ២០០ លានដុល្លារនេះ កើតចេញពីការវិនិយោគរបស់រដ្ឋាភិបាល ការកៀរគរថវិកាពីប្រភពផ្សេងៗ និងការខ្ចីហិរញ្ញប្បទានសម្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចំនួន ៤៧,៩ លានដុល្លារអាមេរិក។
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាទីប្រឹក្សារបស់គម្រោង កម្មវិធី ASPIREAT បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គម្រោងនេះត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារដែលមានផ្ទៃដីតូចរាប់សែន តាមរយៈការបង្កើតសហគមន៍កសិកម្ម ដែលផ្សារភ្ជាប់សកម្មភាពជាមួយសហគ្រាសកសិកម្មដែលកែច្នៃ និងនាំចេញផលិតផលកសិកម្ម។
លោក ចាន់ សុផល អះអាងថា៖ «វានឹងជាគម្រោងសំខាន់មួយក្នុងចំណោមគម្រោងផ្សេងទៀតដែលផ្តល់ការគាំទ្រដល់វិស័យកសិកម្ម»៕