ភ្នំពេញៈ ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី បានស្នើចក្រភពអង់គ្លេស ឱ្យជំរុញការ វិនិយោគ និងបង្កើនការនាំចូលទំនិញពីកម្ពុជាដើម្បីជួយលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពិសេសចូលរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាដែលទទួលរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ ១៩ និងបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
សំណើនេះបានធ្វើឡើងនៅក្នុងជំនួបជាមួយលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោកស្រី ជា សិរី បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ ១៩ ជាពិសេសក្នុងឆ្នាំ ២០២០ ប៉ុន្តែបានងើបឡើងវិញជាបន្តបន្ទាប់ ដែលគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ និងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដែលអាចបើកប្រទេសឡើងវិញនៅចុងឆ្នាំ ២០២១ និងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកត្រឡប់មកប្រក្រតីភាពវិញ។
លោកស្រីបានបន្តថា ក្នុងឆ្នាំ ២០២២ កម្ពុជាក៏រងផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា ដែលបណ្តាលពីការកើន ឡើងថ្លៃប្រេង និងម្ហូបអាហារក្រោមឥទ្ធិពលនៃសង្គ្រាមរុស្ស៊ីអ៊ុយក្រែន ប៉ុន្តែកម្រិតអតិផរណាបានធ្លាក់ចុះមកវិញជាបន្តបន្ទាប់រហូតដល់កម្រិតប្រមាណ ៣ ភាគរយនាចុងឆ្នាំ ២០២២។ កម្ពុជាក៏បានធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយបង្កើនមុខទំនិញផលិត និងនាំចេញ ដែលរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ ចំណែកក្នុងវិស័យទេសចរណ៍ ភ្ញៀវក្នុងស្រុកបានវិលរកភាពប្រក្រតីវិញក្នុងឆ្នាំ ២០២២ ហើយភ្ញៀវអន្តរជាតិក៏បានកើនឡើងខ្ពស់ជាងការរំពឹងទុក ថ្វីបើនៅទាបជាងគ្រាមុនមានវិបត្តិក៏ដោយ។
លោកស្រីថ្លែងថា៖ «ឆ្នាំ ២០២៣ នេះ សេដ្ឋកិច្ចកម្ពុជាត្រូវរំពឹងថា នឹងបន្តងើបឡើងថែមទៀត ក៏ប៉ុន្តែក៏ប្រឈមនឹងភាពមិន ច្បាស់លាស់ដែរ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ជាពិសេសការថយចុះកំណើនក្នុងប្រទេសអភិវឌ្ឍន៍ដែលកម្ពុជានាំទំនិញទៅ»។
លោកស្រីក៏ស្នើឱ្យស្ថានទូតអង់គ្លេស បង្ហាញពីឱកាសការវិនិយោគនៅកម្ពុជា និងបង្កើនតម្រូវការនាំទំនិញចូលពីកម្ពុជា ដោយសារសក្តានុពលសេដ្ឋកិច្ចកម្ពុជា ជាពិសេសស្ថិតក្នុងតំបន់ប្រកបដោយថាមពល។
លោក Dominic Williams បានអបអរសាទរការគ្រប់គ្រងសេដ្ឋកិច្ចល្អរបស់កម្ពុជា ដែលក្នុងនោះកំណើនបន្តងើបឡើង ខណៈអតិផរណាកើនឡើងក្នុងកម្រិតមធ្យមហើយថយចុះយ៉ាងឆាប់ និងរក្សាបាននូវទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ ចំណែកប្រព័ន្ធធនាគារមានភាពធន់។
លោកលើកឡើងថា៖ «ស្ថានទូតអង់គ្លេសនឹងបន្តសហការគាំទ្រ នៅលើផ្នែកទាំងនេះទៀត និងត្រៀមផ្តល់ការគាំទ្រលើផ្នែកពាក់ព័ន្ធ»។
កាលពីចុងខែធ្នូ ឆ្នាំ ២០២០ ចក្រភពអង់គ្លេសបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលចូលជាធរមានតាំង ពីដើមខែមករា ឆ្នាំ ២០២១ មកកម្ពុជា ដែលកិច្ចព្រមព្រៀងនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប៉ះប៉ូវជាមួយនឹងការដកផ្នែកខ្លះនៃ EBA ពីប្រទេសកម្ពុជា ដោយសហភាពអឺរ៉ុប។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជាចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០២២ មានទឹកប្រាក់ ៩៧៧,៤៣ លានដុល្លារ កើនជិត ២៤ ភាគរយធៀបឆ្នាំ ២០២១។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ៕