ភ្នំពេញៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងអំឡុងពេល ចុះទៅទស្សនកិច្ច នៅសហគមន៍ត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី ១២ ខែកុម្ភៈ បានលើកឡើងថា ក្រសួងបាននិងកំពុងជួយឱ្យសហគមន៍អ្នកផលិតពូជស្រូវផ្ការំដួលសុទ្ធឱ្យបានច្រើន ដោយសារតែពូជស្រូវប្រភេទនេះកំពុងមានទីផ្សារល្អ។
ទោះជាយ៉ាងណាក៏ដោយ លោកបានឱ្យដឹងថា សហគមន៍ត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផលិតស្រូវពូជផ្ការំដួលបាន ១៧០ តោន តែពួកគាត់បារម្ភពីទីផ្សារលក់ពូជរបស់គាត់។
លោកបានលើកឡើងថា៖ «យើងបានពន្យល់គាត់ពីប្រព័ន្ធដែលតភ្ជាប់គ្នារវាងអ្នកផលិតស្រូវពូជ អ្នកផលិតស្រូវចំណី និងរោងម៉ាស៊ីនដែលជួយឱ្យទាំងអ្នកផលិតពូជនិងអ្នកផលិតស្រូវចំណីទទួលបានការធានាទីផ្សារ និងរោងម៉ាស៊ីនទទួលបានស្រូវសុទ្ធល្អសម្រាប់កែច្នៃជាអង្ករដើម្បីលក់មកកាន់ទីផ្សារ»។
លោកលោក យ៉ង សាំងកុមារ បានឱ្យដឹងទៀតថា បន្ទាប់ពីខាងសហគមន៍ បានយល់ហើយ សហគមន៍មានអារម្មណ៍សប្បាយចិត្តឡើងវិញ ដោយអះអាងថា នឹងខំពង្រីកសមាជិកបន្ថែមដើម្បីផលិតពូជ។ប៉ុន្តែគាត់ក៏នៅបន្តបញ្ហាប្រឈមក្នុងការខ្វះទុនផងដែរសម្រាប់ការពង្រីកបន្ថែម ដែលនេះជាកិច្ចការសំខាន់មួយដែលលោកកំពុងចូលរួមធ្វើដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជានិងជីវភាពកសិករ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ចាន់ សុឃាំង បានប្រាប់ឱ្យដឹងថា ការជំរុញឱ្យកសិករដាំដុះពូជស្រូវផ្ការំដួលសុទ្ធនេះ គឺជាការជួយ ១ ផ្នែកដល់ពួកគាត់ ដោយសារតែ នៅក្នុងករណីដែលពូជមិនសុទ្ធល្អ ដំណុះអាចនៅសល់ត្រឹមតែ៧០ទៅ៨០ភាគរយប៉ុណ្ណោះទេ ប៉ុន្តែបើគាត់ប្រើប្រាស់ពូជសុទ្ធ ដំណុះអាចកើនដល់ជាង៩០ភាគរយ។
លោកបានបន្ថែមថា បច្ចុប្បន្ននេះ ខាងសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយក្រសួងកសិកម្ម កំពុងតែធ្វើការជាមួយសហគមន៍នានាទូទាំងប្រទេសលើការងារផលិតពូជស្រូវផ្ការំដួលសុទ្ធនេះ ដោយជំរុញឱ្យកសិករទៅទាក់ទងជាមួយសហគមន៍ ដើម្បីទទួលបានពូជស្រូវផ្ការំដួលសុទ្ធទាំងអស់នេះ។
លោក ចាន់ សុឃាំង បានបញ្ជាក់ថា៖ «យើងនឹងមានការលំបាក ប្រសិនបើយើងទៅធ្វើការផ្ទាល់ជាមួយកសិករម្តង ១ គ្រួសារៗ ដែលត្រូវចំណាយពេលវេលាច្រើន ហើយមិនទាន់សភាពការណ៍។ដូចនេះយើងត្រូវធ្វើការជាមួយសហគមន៍កសិករវិញ ដោយជំរុញឱ្យកសិករយើងទៅរកសហគមន៍ដែលនៅក្បែរគាត់។ បន្ទាប់ពីយើងបានពិភាក្សាជាមួយក្រសួង យើងបានកំណត់យកពូជចំនួន ២ ជាគោលគឺពូជផ្ការំដួល ដែលផលិតចេញជាអង្ករដែលឈ្មោះថា ម្លឹះអង្គរ និងពូជសែនក្រអូប០១ ដែលពូជទាំង២ប្រភេទនេះ សុទ្ធតែមានទីផ្សារល្អដូចគ្នា»។
ចំណែក លោក ឃុន សាអែម ប្រធានសហគមន៍កសិកម្មបាភ្នំមានជ័យ នៃខេត្តព្រៃវែង បានប្រាប់ឱ្យដឹងដែរថា ពូជដែលសហគមន៍បាភ្នំមានជ័យ បាននិងកំពុងផលិតនេះ មាន៣ប្រភេទ គឺ ពូជផ្ការំដួល សែនក្រអូប ០១ និងពូជ OM54 ដែលក្នុងឆ្នាំ ២០២២កន្លងទៅ សហគមន៍ផលិតបានជាង ២៦៨ តោន។ប៉ុន្តែ ដោយសារក្នុងឆ្នាំ ២០២៣ រោងម៉ាស៊ីនមានតម្រូវការច្រើនលើពូជផ្ការំដួល និងសែនក្រអូប ០១ ទើបសហគមន៍មានគម្រោងផលិតឱ្យបានប្រមាណ ៤៥០ តោន។
លោកបានបន្ថែមថា៖«ពូជស្រូវ ដែលសហគមន៍កសិកម្មផលិតបាន មិនត្រឹមតែលក់នៅក្នុងខេត្តព្រៃវែងប៉ុណ្ណោះទេ ថែមនាំចេញទៅលក់នៅតាមបណ្តាខេត្តផ្សេងៗទៀត ដូចជា កំពង់ធំ កំពង់ចាម តាកែវ ស្វាយរៀង មណ្ឌលគិរី រតនគិរី បន្ទាយមានជ័យ និងកំពង់ឆ្នាំងជាដើម។ឆ្នាំកន្លងទៅ ខាងរោងម៉ាស៊ីនក្នុងខេត្តព្រៃវែងយើងមិនសូវទិញសែនក្រអូប ០១ ទេ ទើបយើងមិនសូវផលិត តែឆ្នាំនេះគេទិញច្រើន ទើបយើងបង្កើនការផលិតវិញ»។
លោកបានបន្តថា ដោយសារតែតម្រូវការពូជស្រូវមានការកើនឡើង សហគមន៍កសិម្មបាភ្នំមានជ័យ នៃខេត្តព្រៃវែង ដែលសព្វថ្ងៃមានសមាជិកជាង ២២៦ គ្រួសារ នឹងបង្កើនចំនួនសមាជិកថែមទៀត ដើម្បីជំរុញឱ្យការផលិតពូជស្រូវសុទ្ធ ផ្ការំដួល និងសែនក្រអូប ០១ នេះ គ្រប់ទៅតាមផែនការដែលបានកំណត់។
បើតាមលោក យ៉ង សាំងកុមារ បច្ចុប្បន្នទូទាំងប្រទេសកម្ពុជា ត្រូវការពូជស្រូវផ្ការំដួលសុទ្ធប្រមាណ ២០ ០០០ តោន ហើយនិងអាចកើនដល់ ៤០ ០០០ តោន សម្រាប់ពេលខាងមុខ៕