ភ្នំពេញៈ កម្ពុជាបានកំណត់យកអំបិល ៣ ប្រភេទជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) «អំបិលកំពត កែប»ដែលគ្រោងនឹងប្រកាសជាផ្លូវការនៅចុងខែមេសា ឆ្នាំ ២០២៣ ខណៈការ ចុះបញ្ជីសម្គាល់ភូមិសាស្ត្រនឹងជួយឱ្យកេរ្តិ៍ឈ្មោះអំបិលកម្ពុជាមានការទទួលស្គាល់គុណភាពជាអន្តរជាតិកាន់តែច្រើន ព្រមទាំងមានទីផ្សារអន្តរជាតិកាន់តែធំផងដែរ។នេះបើតាមអ្នកក្នុងផលិតកម្មអំបិលកម្ពុជា។
ក្រសួងពាណិជ្ជកម្ម តំណាងដោយលោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា កាលពីថ្ងៃទី ៦ ខែកុម្ភៈ បានជួបពិភាក្សាជាមួយ លោក សុក សារ៉ង អ្នកជំនាញការជាតិ និងលោក Peter Damary អ្នកជំនាញការអន្តរជាតិនៃអង្គការ WIPO និងលោក JeanMarie Brun អ្នកជំនាញការអន្តរជាតិនៃអង្គការ AFD ដើម្បីពិភាក្សាស្តីពីការកំណត់ឈ្មោះសមាគម សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «អំបិលកំពតកែប»។
ក្រសួងឱ្យដឹងថា៖ «កំណត់យកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «អំបិលកំពតកែប» ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក។ កម្ពុជាកំណត់ប្រភេទផលិតផលអំបិលចំនួន ៣ ប្រភេទសម្រាប់ការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺអំបិលក្រួស ផ្កាអំបិល និងអំបិលម៉ដ្ឋ (កិន)»។
កសិករ និងជាម្ចាស់សិប្បកម្មផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍ នៅខេត្តកំពត លោក ប៊ុន ណារិន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែកុម្ភៈថា ការចុះបញ្ជីជាទំនិញសម្គាល់ភូមិសាស្ត្រ នឹងជួយឱ្យការបង្កបង្កើនផល និងតម្លៃអំបិលទីតាំងចុះបញ្ជីកើនឡើង ហើយការបញ្ជាទិញទៅទីផ្សារអន្តរជាតិក៏នឹងកើនឡើងដែរ។ លោកបន្ថែមថា ជាក់ស្តែងថ្មីៗនេះមានក្រុមហ៊ុននាំចេញម្រេចទៅប្រទេសមួយចំនួន ដូចជា ស្វ៊ីស សាធារណរដ្ឋឆែក អង់គ្លេស និងកាណាដា ជាដើម បានមកសិក្សាពីលទ្ធភាពធ្វើកិច្ចព្រមព្រៀងទិញអំបិល GI ពីកម្ពុជា ព្រោះប្រទេសទាំងអស់នោះគេនិយមទទួលទានអំបិល និងម្រេច និងមិនដូចប្រទេសក្នុងតំបន់អាស៊ីភាគច្រើននិយមប្រើប្រាស់ទឹកត្រី។
លោកអះអាងថា៖ «នៅពេលអំបិលកំពតកែប បានចុះបញ្ជីទំនិញសម្គាល់ភូមិសាស្ត្រ គឺតម្លៃ និងគុណភាពនឹងកាន់តែល្អជាងមុន ហើយទីផ្សារនាំចេញទៅក្រៅប្រទេសក៏កើនឡើងដែរ។ អំបិល និងម្រេច នៅខេត្តកំពតកែប ដែលជាផលិតផល GI ដូចគ្នា នឹងទទួលបានទំនុកចិត្តលើគុណភាព និងរសជាតិកាន់តែច្រើន»។
លោកបានបន្តថា៖ «នេះជាកិត្តិយសមួយរបស់ខេត្តកំពតកែបដែលនឹងមានផលិតផលសម្គាល់ភូមិសាស្ត្រកាន់តែច្រើន។ អំបិល និងម្រេច គឺជាគ្រឿងផ្សំដៃគូជាមួយគ្នា»។
បើយោងតាមលោក ណារិន បច្ចុប្បន្នអំបិលនៅក្នុងឃ្លាំងស្តុក មានតម្លៃចន្លោះពី ២៥ ០០០-២៨ ០០០រៀលក្នុង ១ បាវទម្ងន់ ៥០ គីឡូក្រាម ដែលតម្លៃនេះគឺកើនលើសមុនតិចតួចបើធៀបរយៈពេលដូចគ្នាឆ្នាំមុន។
លោកប្រាប់ទៀតថា ការដាក់អំបិលកំពតកែប ទៅក្នុងបញ្ជី GI ក៏នឹងជួយទាក់ទាញកសិករ និងអ្នកបោះបង់មុខរបរផលិតអំបិលឱ្យងាកមកចាប់យកមុខរបរនេះវិញដែរ ព្រោះមិនបារម្ភពីទីផ្សារ និងតម្លៃ ហើយវាក៏នឹងជួយបង្កើនសមត្ថភាពផលិតកាន់តែខ្ពស់ជាងមុនផងដែរ។
លោកបន្ថែមថា តាមគម្រោងនៅថ្ងៃទី ២៨ ខែកុម្ភៈ ក្រសួងពាណិជ្ជកម្ម និងផ្នែកពាក់ព័ន្ធនឹងរៀបចំមហាសន្និបាតកំណើតដំបូងរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប ដើម្បីអនុម័តលើសៀវភៅលក្ខន្តិកៈសមាគម សៀវភៅបន្ទុក និងបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកសមាគម និងរៀបចំឯកសារចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ និងក្រសួងពាណិជ្ជកម្ម។
លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត កាលពីចុងខែមករា បាននិយាយថា អំបិលកម្ពុជាគឺជាអំបិលធម្មជាតិ ដូច្នេះវាត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើអាកាសធាតុ បើអាកាសធាតុក្តៅ និងមិនមានភ្លៀងធ្លាក់រយៈពេល ៣ ខែជាប់គ្នា គឺផលអំបិលអាចកើនដល់ជាង ១០ ម៉ឺនតោនដែលគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុក និងមានសល់ក្នុងឃ្លាំងស្តុកទៀតផង។ លោកបន្តថា ចុះបញ្ជី និងដាក់ផលិតផលមួយឱ្យក្លាយទៅជាទំនិញសម្គាល់ភូមិសាស្ត្រនឹងផ្តល់ផលវិជ្ជមានច្រើនដល់កសិករ។
យោងតាមលោក គឹមជឿន កត្តាអាកាសធាតុភ្លៀងច្រើន និងការធ្លាក់ចុះកម្លាំងពលកម្មបានធ្វើឱ្យកម្ពុជានាំចូលអំបិលជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ខេត្តកំពត និងខេត្តកែប គឺជាទីតាំងផលិតអំបិលនៅកម្ពុជា ដោយក្នុងឆ្នាំ ២០២២ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តទាំង ២ គឺ ៤ ៧៤៨ ហិកតា។ ទំហំផ្ទៃដីនេះនៅដដែលបើធៀបនឹងឆ្នាំ ២០២១។ នេះបើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ធម្មតារដូវកាលផលិតអំបិល គឺចាប់ពីចុងខែធ្នូ ទៅដល់ពាក់កណ្តាលខែឧសភា នៃឆ្នាំនីមួយៗ ប៉ុន្តែក៏មានឆ្នាំខ្លះអាកាសធាតុក្តៅបានអូសបន្លាយការផលិតរហូតដល់ខែមិថុនា។ បើអាកាសធាតុអំណោយផលផ្ទៃដី១ហិកតា គេអាចផលិតអំបិលបានជាមធ្យម ២០ តោនក្នុងរយៈពេល ១ ឆ្នាំ៕