ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងតំណាងវិស័យឯកជនមានសុទិដ្ឋិនិយមថា ការចុះហត្ថលេខានៅលើផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ ២០២៣-២០២៤ រវាងក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជាចិននឹងជំរុញការដោះដូរទំនិញ និងវិនិយោគប្រទេសទាំង ២ កាន់តែច្រើនថែមទៀត តាមរយៈការទាញយកឧត្តមប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងនៅក្នុងតំបន់ដែលមានស្រាប់។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសចិន កាលពីថ្ងៃទី ១០ ខែកុម្ភៈ បានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ ២០២៣-២០២៤ ដែលធ្វើឡើងនៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសចិន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែកុម្ភៈថា តាមរយៈកិច្ចព្រមព្រៀងដែលក្រសួងពាណិជ្ជកម្មកម្ពុជាចិន បានចុះហត្ថលេខានេះគឺជាការរៀបចំនូវផែនការសកម្មភាពនៃប្រទេសទាំង ២ ក្នុងការអនុវត្តដើម្បីទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) និងកិច្ចព្រមព្រៀងតំបន់ចិនអាស៊ាន សំដៅជំរុញការនាំចេញកសិផលកម្ពុជាទៅទីផ្សារចិនឱ្យកាន់តែច្រើនថែមទៀត ពិសេសការទាក់ទាញវិនិយោគចិនមកធ្វើការវិនិយោគដើម្បីនាំចេញទៅទីផ្សាររបស់ខ្លួន។
លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំង ២ នឹងធ្វើការដាក់ចេញនូវផែនការសកម្មភាពនានា សំដៅធ្វើយ៉ាងណាទាញយកឧត្តមប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងទាំងទ្វេភាគី និងពហុភាគី ទាំងក្នុងតំបន់ និងពិភពលោកតាមរយៈអង្គការពាណិជ្ជកម្មពិភពលោក ក្នុងការបង្កើនការនាំចេញនូវផលិតផលកសិកម្មរបស់យើងឱ្យកាន់តែច្រើន ពិសេសការផ្តល់ការគាំពារដល់វិនិយោគិនចិន និងវិនិយោគិនកម្ពុជា»។
លោកបន្ថែមថា៖ «កិច្ចព្រមព្រៀងនេះគឺយើងធ្វើឡើងក្នុង ១ ឆ្នាំម្តង ដើម្បីដាក់ចេញនូវផែនការសកម្មភាពដែលត្រូវអនុវត្តដើម្បីជំរុញកំណើន និងលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ជារឿងចាំបាច់ណាស់ដែលភាគីទាំង ២ បានយល់ព្រមក្នុងការដាក់ចេញនូវផែនការសកម្មភាពនានាក្នុងការអនុវត្តនូវកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពដើម្បីទាញយកប្រយោជន៍ដល់សេដ្ឋកិច្ច។
លោកលើកឡើងថា៖ «ខ្ញុំជឿថា កិច្ចព្រមព្រៀងលើផែនការសកម្មភាពនេះគឺជាផែនទីចង្អុលផ្លូវមួយសម្រាប់ភាគីទាំង ២ ក្នុងការកំណត់នូវផលិតផលសក្តានុពលដែលកម្ពុជាមានទៅកាន់ទីផ្សារចិនកាន់តែច្រើន និងបម្រើជាប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រទេសទាំង ២។ លើសពីនោះទៅទៀត វាក៏នឹងផ្តល់សេចក្តីទុកចិត្តទាំងធុរជន ឬវិនិយោគិនចិន និងកម្ពុជាយើងការចាប់ដៃគូវិនិយោគ ឬរកស៊ីជាមួយគ្នាដោយសារតែយើងមានច្បាប់ការពាររៀងៗខ្លួន»។
ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ កម្ពុជាចិនកាលពីថ្ងៃទី ១០ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន តាមរយៈយន្តការនានាដូចជា ការបង្កើតផែនការសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ ២០២៣-២០២៤ ការបង្កើតរបៀងស្រូវអង្ករ និងត្រី ការបង្កើតច្រកតែ ១ រួមគ្នាសម្រាប់ការធ្វើពាណិជ្ជកម្ម ការបង្កើតរបៀងអភិវឌ្ឍឧស្សាហកម្មដែលជាគំរូសម្រាប់ឈានទៅបង្កើតតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ និងការលើកទឹកចិត្តឱ្យកម្ពុជាអាចចូលរួមយ៉ាងពេញលេញនូវពិព័រណ៍នាំចេញនាំចូល របស់ចិន ព្រមទាំងពិព័រណ៍នាំចូលអន្តរជាតិ ជាដើម បានជំរុញឱ្យមានកំណើនពាណិជ្ជកម្មសរុបរវាងកម្ពុជាចិន កើនឡើងជារៀងរាល់ឆ្នាំ៕