ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុ ស្វាគមន៍ និងសាទរចំពោះសេចក្ដីថ្លែងការណ៍រួមដែលថា ភាគីទាំង ២ កម្ពុជា និងចិន នឹងពិនិត្យលទ្ធភាពអភិវឌ្ឍន៍ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងគំរូមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះបានបញ្ជាក់ថា ការកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាគម្រោងលេចធ្លោ និងផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ដើម្បីទាក់ទាញសហគ្រាសចិនដែលមានសមត្ថភាពបន្ថែមទៀតក្នុងការបង្កើនការវិនិយោគនៅកម្ពុជា ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បណ្តាញអគ្គិសនី បណ្តាញខ្សែកាប្លិ៍អុបទិក ឃ្លាំងស្តុកទំនិញ និងភ័ស្តុភារកម្មដើម្បីបង្កើនប្រសិទ្ធភាពសមាហរណកម្មនៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មកម្ពុជាចិនដែលមានលក្ខណៈចម្រុះ។
ស្របពេលលោកធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា បេសកកម្មរបស់លោកទៅទីនោះក៏ស្ថិតក្នុងក្របខ័ណ្ឌនៃការកសាងផែនការមេដើម្បីតម្រង់ទិសក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងគំរូមួយដែរ។
លោកបានថ្លែងថា ផែនការមេដែលសិក្សា និងរៀបចំដោយក្រុមការងាររបស់វិទ្យាស្ថាន (UPDIS) នេះជាមហិច្ឆតាដ៏ធំមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជា ខេត្តព្រះសីហនុក្នុងគោលដៅប្រែក្លាយខេត្តព្រះសីហនុជាប៉ូលនៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃមានការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ និងជាទីក្រុងបៃតង (Green city) ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម,សេវាកម្មនិងឡូជីស្ទិកដ៏រស់រវើកនៅក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែចង្វាក់ផលិតកម្មនិងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
លោកបានបន្តថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិន គឺភាគីចិនថានឹងពិនិត្យលទ្ធភាពអភិវឌ្ឍន៍ «ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា» ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងគំរូមួយដែលនេះគឺជាសមិទ្ធផលដ៏ធំធេងមួយ។
លោកថា៖ «ការគាំទ្រលក្ខណៈនយោបាយរវាងថា្នក់ដឹកនាំទាំង ២ ដែលជាការគាំទ្រគ្នាជាលក្ខណៈមិត្តភាពដែកថែបដ៏យូរអង្វែងនេះ ខ្ញុំគិតថា នឹងជួយឱ្យការអភិវឌ្ឍខេត្តព្រះសីហនុយើងនេះ ឆ្ពោះទៅរកគោលដៅដែលយើងចង់បាន...»។
លោកបានបញ្ជាក់បន្ថែមថា ជាក់ស្តែងដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាការវិនិយោគមួយរបស់ចិនដ៏មានសារៈសំខាន់ដោយតំបន់នេះបានដើរតួនាទីយ៉ាងសំខាន់ទោះបីក្នុងអំឡុងពេលកូវីដ ១៩ ក៏ដោយ ក៏ការផលិតនិងការនាំចេញមានការកើនឡើងដែរ។
អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានលើកឡើងថា ចំពោះការរៀបចំខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពហុបំណងនេះ គឺក្នុងទម្រង់ទីក្រុងប៊ូសាន របស់ប្រទេសកូរ៉េដែរ។
លោកថា៖ «អ្វីដែលរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការមេសម្រាប់កសាងតំបន់នេះ គឺជាសក្តានុពលមួយដែលជំរុញឱ្យមានតំបន់ពាណិជ្ជកម្មនិងសេដ្ឋកិច្ចពិសេសនៅជាប់មាត់សមុទ្រដែលជាតំបន់ងាយស្រួលនិងប្រមូលផ្តុំក្នុងការធ្វើពាណិជ្ជកម្ម ជំនួញ ហិរញ្ញវត្ថុ និងទេសចរណ៍ជាដើម។ យើងជឿជាក់ ផែនការមេនេះ មានការសិក្សាហានិភ័យឱ្យបានច្បាស់លាស់ ពិសេសពាក់ព័ន្ធបញ្ហាបរិស្ថាន ដូចជា ការចាក់ដីចូលសមុទ្រជាដើម ដើម្បីចៀសវាងការអភិវឌ្ឍដែលមិនមាននិរន្តរភាព»។
ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯសាលនៃមហាវិមានប្រជាជនចិនក្នុងរដ្ឋធានីប៉េកាំង ពីទី ១០ ខែកុម្ភៈ លោក លី កេឈាង នាយករដ្ឋមន្ត្រីចិន បានថ្លែងថា ភាគីទាំង ២ ត្រូវអភិវឌ្ឍសមត្ថភាពផលិតកម្ម គឺពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្ត្រចតុកោណដោយត្រូវអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាគំរូតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
សូមជម្រាបថា ផែនការមេអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមានគោលបំណងប្រែក្លាយខេត្តនេះឱ្យទៅជាច្រកទ្វារជាតិនិងជាក្បាលម៉ាស៊ីនសម្រាប់ជំរុញការអភិវឌ្ឍដោយផ្តោតជាយុទ្ធសាស្ត្រដូចជា ក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មនិងមជ្ឈមណ្ឌលភ័ស្តុភារកម្មសម្រាប់តំបន់អាស៊ាន,មជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្មថ្នាក់តំបន់,មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានវានុវត្តន៍ថ្នាក់ជាតិ និងប្រែក្លាយទីក្រុងព្រះសីហនុដែលជាទីក្រុងតំបន់ឆ្នេររបស់កម្ពុជា៕
វីដេអូ៖