ភ្នំពេញៈ លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា លទ្ធផលនៃការប្រមូលចំណូលរបស់ពន្ធដារនៅក្នុងរយៈពេល ៥ ឆ្នាំ នៅតែមានស្ថានភាពល្អប្រសើរលើសការគ្រោងទុក។
នៅក្នុងការផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានថ្លែងថា នៅក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ពោលគឺនៅមុនមានវិបត្តិកូវីដ១៩ ការប្រមូលចំណូលលើសផែនការ២៣ភាគរយក្នុងឆ្នាំ២០១៩ ខណៈឆ្នាំ២០២០ការប្រមូលចំណូលត្រូវបានព្យាករថា អាចធ្លាក់ចុះពី៤០ទៅ៥០ភាគរយ ប៉ុន្តែបែរជាលើសផែនការជាង១ភាគរយទៅវិញ។
លោកបានបន្ថែមថា ការកើនឡើងក្នុងឆ្នាំ២០២០ គឺជាចំហាយមកពីឆ្នាំ២០១៩ ដែលសហគ្រាស ឬក្រុមហ៊ុនទាំងនោះមានផលចំណេញ និងបានមកប្រកាសបង់ក្នុងឆ្នាំ២០២០។រហូតដល់ឆ្នាំ២០២១ ជាពេលដែលមានព្រឹត្តិការណ៍បិទខ្ទប់ច្រើន ជាពិសេសនៅរាជធានីភ្នំពេញ ប៉ុន្តែពន្ធដារ បានប្រមូលចំណូលលើសផែនការជាង២៤ភាគរយ។
លោកបានគូសបញ្ជាក់ដូច្នេះថា៖«២០២១កន្លងទៅនេះ ជាឆ្នាំដែលល្អដែរ ទោះបីជាមានការបិទខ្ទប់ក៏ដោយ តែយើងប្រមូលចំណូលនៅតែលើស។ចំពោះឆ្នាំ២០២២វិញ យើងនៅតែប្រមូលចំណូលលើសផែនការទៀត គឺលើសប្រមាណ២២,៥៤ភាគរយ ដូច្នេះកូវីដ១៩ (រយៈពេល)៣ឆ្នាំនេះ យើងទប់ទល់បាននូវចំណូលក្នុងស្រុក»។
លោក គង់ វិបុល អះអាងថា ស្ថានភាពនៃការប្រមូលពន្ធល្អប្រសើរដោយសារការរៀបចំកំណែទម្រង់យ៉ាងមុតស្រួចរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០១៣ទាំងហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងធនធានមនុស្ស ការធ្វើបច្ចុប្បន្នភាព និងការចុះបញ្ជីក្នុងប្រព័ន្ធ ការពង្រឹងការផ្តល់សេវាដល់អ្នកជាប់ពន្ធ ការដាក់លិខិតប្រកាសពន្ធ ការធ្វើសវនកម្ម ការគ្រប់គ្រងបំណុល និងការវិនិយោគទៅលើបច្ចេកវិទ្យាព័ត៌មាន បានធ្វើឱ្យការប្រមូលមានភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។
លោកបានបញ្ជាក់ដូច្នេះថា ៖«ការកើនឡើងនៃចំណូលរបស់ពន្ធដារនេះ មិនមែនដោយសារការកើនឡើងនៃសេដ្ឋកិច្ចទូទៅនោះទេ តែដោយសារតែយើងបិទភ្ជិតនៃការលេចធ្លាយចំណូល ហើយពង្រឹងតម្លាភាពនៃការបង់ចំណូលថវិកាជាតិ ដូចជាការបង់ពន្ធនៅតាមធនាគារជាដើម ដែលបច្ចុប្បន្ននេះត្រូវបានអនុវត្តស្ទើរតែ១០០ភាគរយទៅហើយជាពិសេសដាក់ឱ្យដំណើរការប្រព័ន្ធE-filing សម្រាប់អ្នកប្រកាសពន្ធ»។
នៅក្នុងវេទិកាសាធារណៈ ស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ ឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា តាមរយៈលទ្ធផលនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅឆ្នាំ២០២២ បានបង្ហាញថា ការផ្លាស់ប្ដូរនៃរចនាសម្ព័ន្ធពន្ធដារ មិនត្រឹមតែបានធ្វើឱ្យស្ថានភាពនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ កាន់តែល្អប្រសើរនោះទេ ថែមទាំងជួយឱ្យកម្ពុជា កាត់បន្ថយការពឹងផ្អែកលើប្រភពថវិកាពីខាងក្រៅ ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ថែមទៀតផង។
លោកបានបញ្ជាក់ថា៖«ស្ថានភាពសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង។ ការផ្លាស់ប្ដូរនៃរចនាសម្ព័ន្ធពន្ធដារ ដែលបានធ្វើឱ្យកម្ពុជា កាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើពន្ធពីក្រៅពី ៦៥% មកនៅត្រឹម ១១% ប៉ុណ្ណោះ»។
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ថ្លែងថា តាមរយៈលទ្ធផលនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញពីសញ្ញាណវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា ជួយឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើថវិកាពីខាងក្រៅ និងធ្វើឱ្យកម្ពុជា កាន់តែមានលទ្ធភាពអាចទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅក្នុងប្រទេសថែម១កម្រិតទៀត។
លោកបានបញ្ជាក់ថា៖«នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមិនទាន់ងើបផុតទាំងស្រុងពីវិបត្តិកូវីដ១៩ និងវិបត្តិសាកលនានា ប៉ុន្ដែការប្រមូលចំណូលពន្ធគ្រប់ប្រភេទរបស់ពន្ធដារក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ នៅតែមានកំណើនជាបន្តបន្ទាប់ ដែលនេះបានបង្ហាញថា ទោះបីជាស្ថិតនៅក្នុងវិបត្តិក៏ពិតមែន តែការកៀរគរចំណូលរបស់រដ្ឋតាមរយៈពន្ធដារនៅតែធ្វើបានល្អ ហើយវាក៏បង្ហាញសកម្មភាពអាជីវកម្មនៅក្នុងស្រុក នៅមានភាពល្អប្រសើរ ទើបអាចជំរុញកំណើនចំណូលពន្ធដារបែបនេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្មីៗនេះ បានសាទរចំពោះប្រធានអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលប្រមូលចំណូលបានដល់ ១២២,៥៤ ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ខណៈស្ថាប័ននេះនឹងធ្វើជាគំរូសម្រាប់ស្ថាប័នរដ្ឋាភិបាលផ្សេងទៀត។ ចំណូលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិនាអំឡុងពេលវិបត្តិសុខាភិបាល និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយសកល។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ(GDT ) នៅឆ្នាំ២០២២ GDT ប្រមូលចំណូលបានប្រហែល ៣,៤៥៥ ពាន់លានដុល្លារ ដែលស្មើនឹង ១២២,៥៤ ភាគរយឬលើស ៦៦៧,៣៤ លានដុល្លារនៃចំណូលពន្ធដារដែលមានចែងក្នុងច្បាប់ថវិកាឆ្នាំ២០២២ ។ ផែនការថវិកាឆ្នាំ២០២៣នេះ ពន្ធដារត្រូវប្រមូលចំណូលឱ្យបានចំនួន៣,៥៧១ ពាន់លានដុល្លារ៕