ភ្នំពេញៈ តម្លៃដំឡូងមីនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសថៃ នាចុងរដូវកាលប្រមូលផលឆ្នាំ ២០២២-២០២៣ បានកើនឡើងបើធៀបទៅរដូវកាលឆ្នាំ ២០២១-២០២២ ខណៈការប្រមូលផលពេលនេះសម្រេចបាន ៨៥-៩០ ភាគរយ។ នេះបើយោងតាមអ្នកនៅក្នុងផលិតកម្មដំឡូងមី។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន លោក សាយ សុផាត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែកុម្ភៈថា ទោះបីជាគ្រោះធម្មជាតិ (ទឹកជំនន់) ធ្វើឱ្យផលដំឡូងមីរបស់កសិករនៅក្នុងខេត្តប៉ៃលិន និងបណ្តាខេត្តជិតខាងក្នុងរដូវកាលប្រមូលផលឆ្នាំ ២០២២-២០២៣ នេះធ្លាក់ចុះបន្តិចបើធៀបនឹងរដូវកាលឆ្នាំ ២០២១-២០២២ ប៉ុន្តែតម្លៃ គឺកើនឡើងគួរឱ្យ កត់សម្គាល់។ ជាធម្មតាដំឡូងមីត្រូវបានកសិករដាំដុះ ១ ដងក្នុង ១ ឆ្នាំ ដោយអាចប្រមូលផលចាប់ពីខែកញ្ញា ដល់ខែមេសានៃឆ្នាំបន្ទាប់។
លោកថ្លែងថា៖ «ផលដំឡូងមីដើរតួនាទីជាផ្នែកដ៏សំខាន់មួយសម្រាប់ប្រជាជននៅខេត្តប៉ៃលិន ដោយមានដាំនៅស្ទើរគ្រប់កន្លែង។ បើគ្មានគ្រោះទឹកជំនន់កាលពីចុងឆ្នាំ ២០២២ ការប្រមូលផលអាចមានចំនួនច្រើនជាងឆ្នាំ ២០២២»។
លោកប្រាប់ថា ដំឡូងមីដែលកសិករបានលក់ចេញក្នុងថ្ងៃនេះ (ថ្ងៃទី ១៣ ខែកុម្ភៈ) គឺដំឡូងមីស្ងួត មានតម្លៃក្នុងរង្វង់ ៧ បាត (៨៥០ រៀល) ក្នុង ១ គីឡូក្រាម និងដំឡូងសើម តម្លៃចន្លោះពី ៣,២៣,៣ បាត (៣៩០-៤០០ រៀល)។ តម្លៃនេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ គឺ ៦,៥ បាត(៧៩០ រៀល) និង ២,៦២,៧ បាត(៣១៥-៣៣០រៀល) រៀងគ្នា។
បើតាមលោក សុផាត ផ្ទៃដីដាំដំឡូងមី ក្នុងខេត្តប៉ៃលិនរដូវកាលឆ្នាំ ២០២២-២០២៣ នេះមានប្រមាណ ៤,៤ ម៉ឺនហិកតា កើនឡើងពីជាង ៤,២ ម៉ឺនហិកតាកាលពីឆ្នាំ ២០២១ -២០២២ ដោយប្រមូលផលបានក្នុងរង្វង់ជិត ៨ ម៉ឺនតោន។ ផលដំឡូងមីប្រហែល ២០៣០ ភាគរយត្រូវបានប្រើប្រាស់សម្រាប់កែច្នៃជាចំណីសត្វក្នុងខេត្តប៉ៃលិន និងក្រុមហ៊ុនក្នុងប្រទេស ចំណែក ៧០-៨០ ភាគរយទៀតត្រូវបានឈ្មួញប្រមូលទិញយកទៅលក់នៅប្រទេសថៃ។
ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វជិរ៉ា បាននិយាយថា ផលដំឡូងមីនៅតាមចម្ការក្នុងខេត្តបាត់ដំបងនៅពេលនេះជិតអស់ហើយ ដោយតម្លៃល្អជាងរដូវកាលឆ្នាំមុន គឺដំឡូងមីស្រស់មានតម្លៃក្នុងរង្វង់ ៣៥០-៣៨០ រៀលក្នុង ១ គីឡូក្រាម និងដំឡូងមីស្ងួតស្ថិតក្នុងរង្វង់ជាង ៧០០ រៀល។ សម្រាប់ផលនារដូវកាលដែលកំពុងប្រមូលផលឆ្នាំនេះ គឺធ្លាក់ចុះបន្តិច បើធៀបទៅឆ្នាំមុន។
លោកប្រាប់ថា៖ «ឆ្នាំនេះផលប្រមូលបានទាបជាងមុន ប៉ុន្តែតម្លៃខ្ពស់ជាងមុន ខណៈដំឡូងមីបានចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើតមុខរបរ និងបង្កើនចំណូលដល់កសិករ»។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានប្រាប់ថា តម្លៃដំឡូងមីក្នុងពេលនេះ គឺមានសន្ទស្សន៍ប្រសើរបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំមុន។ តម្លៃជាមធ្យមក្នុងថ្ងៃទី ១៣ ខែកុម្ភៈ គឺដំឡូងមីស្រស់ មានតម្លៃជាមធ្យម ៣៨៤ រៀលក្នុង ១ គីឡូក្រាម និងដំឡូងមីក្រៀម (ស្ងួត) ៩០០ រៀល។
លោកបញ្ជាក់ថា៖ «ដំឡូងមីជាដំណាំដែលមានសក្តានុពលខ្ពស់សម្រាប់ពេលអនាគត»។
ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា រយៈពេល ១១ ខែ ឆ្នាំ ២០២២ កម្ពុជាបាននាំចេញដំឡូងមី និងផលិតផលពីដំឡូងមីសរុប ៣ ២៣០ ១៨៥,៨៦ តោន ដោយក្នុងនោះ ចំណិតដំឡូងមីក្រៀម ១ ៨១៧ ១៦៨,៤៧ តោន, ដំឡូងមីស្រស់ ១ ៣៣១ ៨៥០ តោន, ម្សៅដំឡូងមី ៥៧ ០៦៧ តោន និងកាកសំណល់ដំឡូងមី ២៤ ១០០,៣៩ តោន។ ប្រទេសដែលទទួលទិញដំឡូងមី និងផលិតផលពីដំឡូងមីរបស់កម្ពុជា រួមមាន ថៃ វៀតណាម ចិន អាមេរិក អ៊ីតាលី ហូឡង់ កាណាដា ម៉ាឡេស៊ី ឥណ្ឌា និងសិង្ហបុរី ជាដើម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បាននិយាយថា ដំឡូងមី គឺជាដំណាំកសិឧស្សាហកម្ម និងជាផលិតផលនាំចេញសំខាន់មួយរបស់ប្រទេសកម្ពុជាដែលបានចូលរួមចំណែកប្រហែល ៣៤ ភាគរយនៃ GDP ក្នុង ១ ឆ្នាំៗ៕