ភ្នំពេញៈ ផ្នែកឯកជនបង្ហាញនូវការស្វាគមន៍ចំពោះចក្រភពអង់គ្លេសដែលចាប់អារម្មណ៍ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលនៅកម្ពុជា ខណៈវាជាវិស័យអាទិភាពមួយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ និងកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនឧត្តមភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។
ការបង្ហាញចំណាប់អារម្មណ៍នេះបានធ្វើឡើងក្នុងជំនួបរវាង លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាមួយនឹងតំណាងអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (UK Infrastructure and Projects Authority IPA) និងតំណាងស្ថានទូតចក្រភពអង់គ្លេសនៅកម្ពុជា កាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅទីស្តីការក្រសួង។
តំណាងអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (IPA) បានបង្ហាញនូវការកោតសរសើរចំពោះការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដែលបច្ចុប្បន្នប្រភពថាមពលកកើតឡើងវិញមានភាគរយខ្ពស់ជាងគេក្នុងចំណោមប្រភពផ្គត់ផ្គង់ថាមពលសរុបរបស់កម្ពុជា។
IPA បានលើកឡើងថា៖ «អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងតំណាងក្រុមហ៊ុនមួយចំនួនមកពីចក្រភពអង់គ្លេស បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល»។
លោក សុខ ខាវ៉ាន់ បានស្វាគមន៍រាល់វិនិយោគរបស់ចក្រភពអង់គ្លេស ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងក្រសួងរ៉ែ និងថាមពល និងគម្រោងវិនិយោគរបស់ចក្រភពអង់គ្លេស។
ប្រធានសមាគមភ័ស្ដុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ចក្រភពអង់គ្លេសក្នុងការវិនិយោគមកលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតនៅកម្ពុជា ដែលនេះជាវិស័យអាទិភាពត្រូវបានរដ្ឋាភិបាល និងផ្នែកឯកជនយកចិត្តទុកដាក់សំដៅធ្វើយ៉ាងណាលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង និងកាត់បន្ថយថ្លៃដើមរបស់កម្ពុជា។
លោកលើកឡើងថា៖ «យើងខ្ញុំផ្នែកឯកជនតែងតែផ្តល់នូវយោបល់នានាដល់វិនិយោគិនបរទេសរួមទាំងចក្រភពអង់គ្លេសផងដែរថា កម្ពុជាគឺមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ដោយយើងឃើញថាមានបណ្តាប្រទេសជាច្រើនដូចជា ជប៉ុន កូរ៉េ និងចិនបានមកវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ រាជរដ្ឋាភិបាលកម្ពុជាក៏បើកដល់បណ្តាប្រទេសនានារួមទាំងអង់គ្លេសផងដែរ។
លោកបានបន្ថែមថា សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធនេះរដ្ឋាភិបាលបានដាក់ចេញនូវផែនការមេ ដែលមាននូវគម្រោងវិនិយោគជាង ៣០០ នឹងត្រូវការប្រាក់វិនិយោគដល់ទៅជិត ៥០ ពាន់លានដុល្លារ ដូច្នេះវាជាឱកាសសម្រាប់បណ្តាប្រទេសនានាក្នុងការមកស្វែងរកឱកាសវិនិយោគ។
លោកអះអាងថា៖ «ខ្ញុំសង្កេតឃើញថា អង់គ្លេសក៏ជាប្រទេសដែលមានភាពរីកចម្រើនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដែរ ដូច្នេះប្រសិនបើអង់គ្លេសចាប់អារម្មណ៍លើវិស័យនេះជាការល្អដែលខាងពួកគាត់អាចមកវិនិយោគនៅកម្ពុជា។ វានឹងក្លាយជាការរួមចំណែកដល់ប្រព័ន្ធដឹកជញ្ជូននិងឡូជីស្ទីករបស់យើងឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មអន្តរជាតិយើងផងដែរ»។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ បាននិយាយថា កម្ពុជាបានរៀបចំផែនការមេដែលមានទឹកប្រាក់ប្រមាណ ៥០ ពាន់លានដុល្លារលើការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការតភ្ជាប់ទៅគ្រប់ច្រកល្ហកជាពិសេសច្រកទ្វារព្រំដែនអន្តរជាតិជាមួយនឹងប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងទាក់ទាញវិនិយោគិនពីក្រៅប្រទេសឱ្យចូលមកបណ្តាក់ទុន។
លោកថ្លែងថា៖ «រដ្ឋាភិបាលកំពុងរៀបចំផែនការមេលើការកែសម្រួលផ្លូវថ្នល់ ការពង្រីក និងលើកកម្រិតគុណភាពផ្លូវពីចំនួន ២ គន្លងទៅ ៤ គន្លង ការបង្កើនការតភ្ជាប់ទៅគ្រប់ច្រកល្ហកសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆាប់រហ័ស។ ផែនការមេភ័ស្តុភារកម្មដែលរួមមានគម្រោងប្រមាណ ៣៣០ ត្រូវការប្រាក់ប្រមាណ ៥០ ពាន់លានដុល្លារ រួមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមច្រកទ្វារព្រំដែនអន្តរជាតិជាមួយប្រទេសជិតខាងសំដៅជំរុញការដឹកជញ្ជូន និងការធ្វើចរាចរណ៍ឆ្លងកាត់មានភាពងាយស្រួល ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសកាត់បន្ថយចំណាយភ័ស្តុភារកម្ម និងដឹកជញ្ជូន និងទាក់ទាញវិនិយោគផងដែរ»៕