ភ្នំពេញៈ ក្នុង​ឆ្នាំ ​២០២២ កម្ពុជា​អាច​ផ្គត់ផ្គង់​សាច់​សម្រាប់​តម្រូវការ​ក្នុងស្រុក​បាន​រហូត​​ ៩៥​ ភាគរយ ខណៈ​ការផ្គត់ផ្គង់​ផលិតផល​ទាំង​ក្នុងស្រុក​និង​នាំចេញ​មាន​ទឹកប្រាក់​ប្រមាណ​ជាង​ ២ ​ពាន់​លាន​ដុល្លារ ក៏ប៉ុន្ដែ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​ជំរុញ​បន្ថែមទៀត​ឱ្យ​មន្ត្រី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ផលិតផល​សត្វ​ឱ្យបាន​ទាន់ពេល​។​

​ការអះអាង​នេះ​បានធ្វើ​ឡើង​នៅ​ពិធី​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ប្រចាំឆ្នាំ ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៣ នៅ​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​

​តាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា វិបត្តិ​សកល​នៃ​ជំងឺ​កូ​វីដ​ ១៩ បាន​រុញច្រាន​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​ធ្លាក់​ដល់ ​(៣,១​ភាគរយ​) ក្នុង​ឆ្នាំ​ ២០២០ ហើយ​សង្គ្រាម​អ៊ុយ​ក្រែ​ន​រុស្ស៊ី និង​បញ្ហា​ប្រឈម​ធំៗ​ផ្សេងទៀត​បាននិងកំពុង​បន្ត​ជះឥទ្ធិពល​មកលើ​សេដ្ឋកិច្ចកម្ពុជា​។

​ក្រសួង​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ជម្នះ​បញ្ហា​ប្រឈម​ឧបសគ្គ និង​ការលំបាក​នានា​និង​បាន​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឱ្យសម្រេចបាន​កំណើន​៣​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ និង ​៥,២ ​ភាគរយ​ក្នុង​ឆ្នាំ ​២០២២ ហើយ​គេ​រំពឹងថា នឹង​អាច​សម្រេច​កំណើន​រហូត​ ៧​ ភាគរយ​ដូច​មុន​វិបត្តិ​កូ​វីដ​ ១៩​។

​ក្រសួងកសិកម្ម​បានបញ្ជាក់​ថា ​«​ចំពោះ​ការងារ​ចិញ្ចឹមសត្វ គឺ​សម្រេច​កំណើន​បាន​ ៨,៨ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ ហើយ​ជា​លទ្ធផល​កម្ពុជា​អាច​ផ្គត់ផ្គង់​សាច់​សម្រាប់​តម្រូវការ​ក្នុងស្រុក​បាន​រហូត​ ៩៥ ​ភាគរយ ហើយ​ផលិតកម្ម​សាច់ ការនាំចេញ​សត្វ និង​ផលិតផល​សត្វ គឺមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ ២ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​កន្លងទៅ​។ លើសពីនេះ​ទៀត​រោងចក្រ​ក្នុងស្រុក​ ២៦ មាន​សមត្ថភាព​ផលិត​ចំណី​សត្វ​ជាង​ ១,៥​ លាន​តោន ​/១​ ឆ្នាំ​ដែល​អាច​ផ្គត់ផ្គង់​បាន​ ៦៧​ ភាគរយ​នៃ​តម្រូវការ​ក្នុងស្រុក​»​។​

​ក្នុងឱកាស​នោះ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ខិតខំ​ប្រឹងប្រែង​ជម្នះ​រាល់​ការលំបាក និង​បញ្ហា​ប្រឈម​នានា ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ ទោះបី​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩​ក្តី​រហូត​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ដោយ​អនុវត្ត​លើស​ផែនការ​ដល់​ទៅ​ ១១ ​ភាគរយ​។

​យ៉ាងណាក្ដី លោក​ឌិ​ត ទីណា បាន​ជំរុញ​ឱ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ត្រូវ​ពិនិត្យ និង​ចាត់​អាទិភាព​ការងារ​ដោយមាន​ផែនការ​ច្បាស់លាស់ តម្រង់ទិស​ទាំង​ការងារ​ជំនាញ និង​នយោបាយ ព្រមទាំង​ត្រូវ​ចំណាយ​ឱ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ការងារ​ពិតប្រាកដ ដើម្បី​សម្រេចបាន​នូវ​ផលិតកម្ម​សត្វ​ក្នុងការ​ធានា​ដល់​សន្តិសុខ​ស្បៀង​។

​លោក​បាន​បញ្ជាក់ថា​៖ «​ការធ្វើផែនការ​គឺ​ត្រូវផ្តោត​គិតគូរ​លើ​សន្តិសុខ​ស្បៀង និង​និរន្តរភាព ផ្អែកលើ​អាហារ​មាន​ជីវជាតិ​តាម​ទំនៀមទម្លាប់ និង​វប្បធម៌ ដោយ​ដាក់​សន្តិសុខ​ស្បៀង​ជា​អាទិភាព​។ ទន្ទឹមនឹងនេះ ត្រូវមាន​ការយោគយល់​នូវ​សាសនា និង​អនាម័យ និង​ភូតគាម​អនាម័យ​ព្រមទាំង​ធ្វើការ​បែង​ចែង​ឱ្យ​ច្បាស់លាស់​ជាមួយនឹង​ច្បាប់​រដ្ឋ​»​។

​លោក​បាន​បន្ថែមថា​៖ «​លើសពីនេះ​ទៀត​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ទាំង​អ្នក​ចិញ្ចឹម អ្នក​បរិភោគ និង​អ្នកពាក់ព័ន្ធ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​សប្បាយចិត្ត យល់​ត្រឹមត្រូវ មិនមាន​ការយល់ច្រឡំ​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ចំពោះ​ការងារ​សត្តឃាតដ្ឋាន គឺត្រូវធ្វើ​ឱ្យ​ប្រសើរឡើង និង​មាន​ស្តង់ដា មាន​និរន្តរភាព និង​មាន​ផលចំណេញ ដើម្បី​បម្រើ​ជាតិ​ប្រជាជន​ពិតប្រាកដ​»​។​

​តាមរយៈ​សន្និបាត​នេះ លោក ឌិ​ត ទីណា ក៏បាន​ណែនាំ​ឱ្យ​មន្ដ្រី​គ្រប់លំដាប់​ថ្នាក់​ព្យាយាម​ជំរុញ​បន្ថែម និង​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​កុំ​បណ្ដែតបណ្ដោយ​ឱ្យ​បញ្ហា​នៅ​ចាក់​ស្រែះ​គ្មាន​ដំណោះស្រាយ​។ ជាមួយនេះ​លោក​បាន​ស្នើឱ្យ​អគ្គនាយកដ្ឋាន​វិភាគ​ពី​តម្លៃ​សត្វ និង​ចំណូល​ចំណាយ ដែល​អាច​តម្រង់ទិស​ទា​ន់​ពេលវេលា ហើយ​ត្រូវ​ពិនិត្យឡើងវិញ និង​មិនត្រូវ​ឱ្យមាន​ការិយាធិបតេយ្យ​ឡើយ តែ​ត្រូវ​រក្សា​ធនធានមនុស្ស​មាន​សម​ត្ថ​ភាព និង​ធ្វើការ​ឱ្យមាន​ប្រសិទ្ធភាព ឱ្យមាន​ការទទួលខុសត្រូវ​ទៅតាម​ជំនាញ និង​បច្ចេកទេស​ផ្ទាល់​។​

​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​ម្នាក់​នៅ​ខេត្តកំពង់ឆ្នាំង សុំ​មិន​បញ្ចេញ​ឈ្មោះ បានបង្ហាញ​ក្តីសប្បាយ​ចិត្ត ដែល​រដ្ឋមន្ត្រីក្រសួង​បាន​ជំរុញឱ្យមាន​វិធានការ និង​ដំណោះស្រាយ​សម្រាប់​បញ្ហា​ផលិតកម្ម​សាច់​នៅ​កម្ពុជា​។ អ្នកស្រី បាន​រំពឹងថា បញ្ហា​ដែល​កសិករ ឬ​អ្នក​ចិញ្ចឹមសត្វ​បាន​ជួបប្រទះ​នឹងត្រូវ​បាន​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​អ្នកស្រី បាន​អះអាងថា ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​បច្ចុប្បន្ន គឺ​កំពុងដំណើរការ​បានល្អ និង​ប្រកបដោយ​ស្តង់ដា​។​

​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ក្នុង​បទពិសោធន៍​ដែល​ខ្ញុំ​ចិញ្ចឹមសត្វ​មក​ជិត​ ១០ ​ឆ្នាំនេះ គឺ​កាន់តែ​ល្អ​ទៅៗ គ្រាន់តែ​ពេលខ្លះ​យើង​នៅ​ប្រឈម​នឹង​បញ្ហា​ដដែលៗ​ដូចជា បញ្ហា​នាំចូល​ផលិតផល​គ្មាន​គុណភាព​ពី​ប្រទេសជិតខាង​។ បញ្ហា​អគ្គិសនី​ដែលមាន​តម្លៃ​ថ្លៃ ហើយ​ងាក​ដាច់ៗ​ធ្វើឱ្យប៉ះពាល់​ដល់​ពួកយើង​ដែល​ត្រូវ​ចំណាយ​ច្រើន​។ ប្រសិនបើ​ក្រសួង​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​បាន​ទៀត គឺ​កាន់តែ​ប្រសើរ​ដល់​ពួកយើង​»​។​

​លោក ថេ​ង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ស្វាគមន៍​ចំពោះ​ការដាក់ចេញ​វិធានការ​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា ជាពិសេស​ពាក់ព័ន្ធ​នឹង​តម្លៃ​លើ​ទីផ្សារ​ដែល​ប្រជាកសិករ​តែង​បាន​ជួបប្រទះ​ជា​យូរ​មកហើយ​។

​លោក​បាន​រំពឹងថា ចំណាត់ការ​របស់​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​ថ្មី នឹង​ជំរុញឱ្យមាន​ដំណោះស្រាយ​សមស្រប​មួយ ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ទទួលបាន​អត្ថប្រយោជន៍​ជាពិសេស​អ្នក​ចិញ្ចឹមសត្វ​នេះ​តែម្តង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជុំវិញ​ដំណើរការ​ដោះស្រាយ​បញ្ហា​តម្លៃ​លើ​ទីផ្សារ​សម្រាប់​ផលិតផល​សាច់​ដោយ​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​តម្លៃ​សមរម្យ និង​លើកទឹកចិត្ត​ឱ្យមាន​ការផ្គត់ផ្គង់​នូវ​ការចិញ្ចឹម​បន្ថែម​សម្រាប់​ម្ហូបអាហារ​និង​ការនាំចេញ រួម​នឹង​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​។ បើ​យើង​ប្រើ​ផលិតផល​ក្នុង​ច្រើន យើង​នឹង​ទទួលបាន​ភាពល្អប្រសើរ និង​សមស្រប ហើយ​ពលរដ្ឋ​ដែល​ប្រកប​របរ​ទាំងនោះ​នឹង​កាន់តែ​ល្អប្រសើរ​»៕

វីដេអូ៖