ភ្នំពេញៈ ក្រុមហ៊ុនចុះបញ្ជីថ្មីចំនួន ៤៤៤ ទទួលការអនុម័តដោយជោគជ័យតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២ បើគិតចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៦ ខែកុម្ភ: ឆ្នាំ ២០២៣ ខណៈអ្នកជំនាញលើកឡើងថា ការចុះតាមថ្នាលបច្ចេកវិទ្យាបានបង្កបរិយាកាសល្អ និងភាពងាយស្រួលដល់ធុរជន និងចូលរួមកាត់បន្ថយការចំណាយក្រៅផ្លូវការ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុនដែលទទួលបានការអនុម័តដោយជោគជ័យទាំង ៤៤៤ គឺមាន ២៣៤ ត្រូវបានអនុម័តដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ៧០ ដោយនិយតករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ៥ ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ចាប់តាំងពីរដ្ឋាភិបាលដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីតាមអនឡាញនេះគឺបានជួយសម្រួលច្រើនដល់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដែលនេះជាការឆ្លុះបញ្ចាំងពីកំណែទម្រង់របស់រដ្ឋាភិបាលក្នុងការធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការចុះបញ្ជី និងការកាត់បន្ថយចំណាយក្រៅផ្លូវការផ្សេងៗ។
លោកលើកឡើងថា៖ «ការចុះបញ្ជីតាមប្លាតហ្វមអនឡាញនេះ មិនត្រឹមតែជួយកាត់បន្ថយការជួបគ្នារវាងអ្នកចុះបញ្ជីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការចំណាយពេលមកចុះបញ្ជីដល់កន្លែង និងការចំណាយកម្រៃសេវាក្រៅផ្លូវការ។ ការណ៍នេះបញ្ជាក់ឱ្យឃើញអំពីការបង្កភាពងាយស្រួល និងផ្តល់សេចក្តីទុកចិត្តដល់វិស័យឯកជនក្នុងការប្រកបរបររកស៊ីទទួលទាននានា»។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ២ កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ ថា សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច និងកសាងសង្គមស៊ីវីល័យដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។
លោកបានថ្លែងថា៖ «ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២ ក៏ឆ្លើយតបយ៉ាងលឿនក្នុងការចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយនេះ ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងីកូវីដ ១៩» ។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដោយទទួលបានការចាប់អារម្មណ៍ និងសាទរខ្ពស់ពីវិស័យឯកជន។ សេវាចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ទាំង ២ ដំណាក់កាលត្រូវបានដាក់ឱ្យអនុវត្តលើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data ExchangeCamDX) ដែលអនុញ្ញាតឱ្យក្រសួង សហគ្រាស និងទិន្នន័យពាក់ព័ន្ធដោយរលូន និងសង្គតិភាព ដោយមិនតម្រូវឱ្យធុរជន ឬប្រជាពលរដ្ឋត្រូវបំពេញឬផ្តល់ទិន្នន័យដដែលៗពីស្ថាប័ន ១ ទៅស្ថាប័ន ១ ទៀត៕