ភ្នំពេញៈ ក្រសួងសាធារណការឱ្យដឹងថា ការស្ថាបនាផ្លូវជាតិលេខ ២ និងលេខ ២២ គ្រោងនឹងបញ្ចប់នៅត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២៣ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង ៩០% ស្របពេលដែលអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរំពឹងថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិទាំងនេះ នឹងធ្វើឱ្យសកម្មភាពនៃការដឹកជញ្ជូនកាន់តែមមាញឹកនិងរលូនជាងមុន។
ផ្លូវជាតិលេខ ២ និងលេខ ២២ សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin Engineering &Construction ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ ដែលគ្រោងចំណាយថវិកាប្រមាណ៥៦លានដុល្លារអាមេរិកក្រោមកម្ចីឥណទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ៨,៥លានដុល្លារអាមេរិក។
ការស្ថាបនាផ្លូវនេះចែកចេញជា២ផ្នែក ក្នុងនោះផ្លូវជាតិលេខ២មានប្រវែងជាង៦២គីឡូម៉ែត្រគិតចាប់ពីរង្វង់មូលតាខ្មៅដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ២២មានប្រវែងជិត១០គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលក្រុងដូនកែវដល់អង្គតាសោមផ្លូវជាតិលេខ៣។ គម្រោងផ្លូវនេះ ឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានប្រាប់ថា ផ្លូវជាតិលេខ២ និងលេខ២២ គឺបណ្តាញផ្លូវដែលមានសារៈសំខាន់ណាស់ សម្រាប់ការតភ្ជាប់ប្រទេសកម្ពុជាជាមួយប្រទេសជិតខាង ជាពិសេសវៀតណាម ដែលនេះជាការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែបដើម្បីបង្កលក្ខណៈងាយស្រួលដល់វិស័យដឹកជញ្ជូន និងឡូជីស្ទិក។
លោកបានបន្ថែមថា មិនត្រឹមការដឹកជញ្ជូនពីខាងក្រុមហ៊ុនឯកជននោះ វាក៏នឹងបង្កភាពងាយស្រួល និងលឿនរហ័ស សម្រាប់កសិករ ក្នុងការដឹកកសិផលរបស់ពួកគាត់ទៅកាន់ច្រកព្រំដែន ជាពិសេសច្រកភ្នំដិន ដើម្បីដោះដូរពាណិជ្ជកម្មជាមួយឈ្មួញវៀតណាម ដែលនឹងធ្វើឱ្យតំបន់ព្រំដែននេះ កាន់តែសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមតំបន់ព្រំដែន។
លោកបានបញ្ជាក់ថា៖«មែនទែនទៅរវាងកម្ពុជានិងវៀតណាម មានព្រំដែនវែង ដែលមានច្រកព្រំដែន និងច្រករបៀងតូចធំ ដល់ទៅជាង២០ច្រក ដោយសព្វថ្ងៃច្រកដែលមមាញឹកជាងគេមានតែប្រមាណ១០ច្រកទេ ដូច្នេះបើយើងមានអភិវឌ្ឍផ្លូវជាតិ ប្រកបដោយភាពងាយស្រួលបែបនេះទៀត វានឹងធ្វើឱ្យច្រកដទៃទៀត កាន់មានភាពងាយស្រួល ចំណេញពេលវេលាបានច្រើនដែលជំរុញកំណើននៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង២ផងដែរ»។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជា បានថ្លែងថា ផ្លូវជាតិទាំង២ខ្សែនេះ មានសក្តានុពលខ្ពស់សម្រាប់វិស័យដឹកជញ្ជូនចេញចូលរវាងកម្ពុជា និងវៀតណាម ដែលជំរុញដឹកជញ្ជូនមានភាពរហ័សជាងមុន ដែលអាចកៀរគរការវិនិយោគបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។
លោកបានបញ្ជាក់ថា ៖ «ជាទូទៅនៅពេលដែលយើងបានផ្លូវល្អ ការធ្វើដំណើរងាយស្រួល ច្បាស់ណាស់កំណើននៃការធ្វើពាណិជ្ជកម្មតាមព្រំដែន ក៏នឹងកើនទៅតាមនោះដែរ ប៉ុន្តែទោះជាយ៉ាងណា វាក៏អាស្រ័យទៅលើកត្តាសេដ្ឋកិច្ចផងដែរ ព្រោះនៅពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសកលលោកទាំងមូលវិលមកភាពល្អប្រសើរវិញហើយនោះ វានឹងជំរុញឱ្យវិស័យឡូជីស្ទិក មានកំណើនទៅតាមនោះដែរ»។
បើតាមការបញ្ជាក់ពីលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនថា ក្រសួងបានសម្រេចពន្យារពេលឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវជាតិលេខ២និងលេខ២២ធ្វើយ៉ាងណាស្ថាបនាផ្លូវជាតិទាំង២ខ្សែនេះឱ្យបានរួចរាល់ត្រឹមដំណាច់ខែមីនាឆ្នាំនេះ ខណៈបច្ចុប្បន្នការសាងសង់ផ្លូវជាតិទាំង២នេះសម្រេចបាន៩៤% តែតួផ្លូវសម្រេចបានស្ទើរ១០០% នៅឡើយតែការងារបន្ទាប់បន្សំដូចជា ការបំពាក់បង្គោលភ្លើង គូសគំនូស និងបំពាក់ស្លាកសញ្ញាចរាចរណ៍ និងធ្វើប្រព័ន្ធលូជាដើម។
តាមគម្រោងផ្លូវជាតិទាំង២នេះ គ្រោងបញ្ចប់ការសាងសង់នៅអំឡុងខែមេសា ឆ្នាំ២០២២ តែត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍សុំពន្យារពេលជាបន្តបន្ទាប់ក្នុងការបញ្ចប់ការសាងសង់។
លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា៖«កត្តាដែលធ្វើឱ្យការស្ថាបនាផ្លូវជាតិទាំង២មានភាពយឺតយ៉ាវជាងគ្រោងទុក គឺដោយសារមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ដែលធ្វើឱ្យរាំងស្ទះដល់ការនាំចូលគ្រឿងចក្រ ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមានភាពយឺតយ៉ាវ គួបផ្សំបញ្ហាអាកាសធាតុ ពិសេសជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោតតែម្តង»៕