ភ្នំពេញៈ កម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឡាវ នឹងមានសកម្មភាពមមាញឹកជាងពេលបច្ចុប្បន្ន បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ២ បានជួបពិភាក្សាគ្នាកាលពីពេលថ្មីៗនេះ។
សេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា(CCC)បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការអមដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅជួបពិភាក្សាជាមួយនឹងសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសឡាវ នាថ្ងៃទី១៤ ខែកុម្ភៈ ផងដែរ។កិច្ចពិភាក្សានេះ គឺផ្តោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំង២ និងការពិភាក្សាផ្លាស់ប្ដូរយោបល់អំពីកាលានុវត្តភាពបរិយាកាស វិនិយោគ និងវិស័យសក្តានុពលនៃប្រទេសទាំង២។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីការពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងក្រុមហ៊ុននានានៃបណ្ដាប្រទេសទាំង២ រួចមក ភាគីទាំង២ ក៏បានឯកភាពគ្នាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញធុរកិច្ចរវាងប្រទេសទាំង២ ជាពិសេសការផ្លាស់ប្តូរព័ត៌មាន និងគោលនយោបាយថ្មីៗជាមួយគ្នា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៥ ខែកុម្ភៈថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឡាវ គឺនៅមានកម្រិតនៅឡើយបើទោះកន្លងមករដ្ឋាភិបាល និងផ្នែកឯកជនប្រទេសទាំង២ ខិតខំជំរុញឱ្យបណ្តាខេត្តនៅជាប់ព្រំដែនប្រទេសទាំង២ បង្កើនការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយគ្នាក៏ដោយ។ កម្ពុជា-ឡាវ ក្រៅពីមានព្រំដែនជាប់គ្នា ប្រទេសទាំង២ ក៏ជាសមាជិកសមាគមអាស៊ាន និងជាហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) រួមគ្នាផងដែរ។
លោកបន្តថា តាមរយៈការប្តេជ្ញារបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលប្រទេសទាំង២ នាពេលថ្មីៗនេះ លោករំពឹងថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ នឹងកើនឡើង ខណៈរដ្ឋាភិបាលប្រទេសទាំង២ ក៏បានជំរុញឱ្យមានការតភ្ជាប់ផ្លូវដែកជាមួយគ្នា ព្រោះផ្លូវដែកនេះនឹងជួយធ្វើឱ្យលំហូរទំនិញរវាងប្រទេសទាំង២ កើនឡើង ហើយតាមរយៈផ្លូវដែកនេះ ប្រទេសឡាវក៏អាចប្រើប្រាស់កំពង់ផែសមុទ្រកម្ពុជាដើម្បីនាំចេញទំនិញរបស់ខ្លួនទៅទីផ្សារអន្តរជាតិផងដែរ។
លោកថ្លែងថា៖«បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី និងការចុះអនុស្សរណៈរវាងថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា-ឡាវ ខ្ញុំគិតថា ការធ្វើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២ នឹងមានសម្ទុះកាន់តែខ្លាំង»។
បើតាមលោក លឹម ហេង បច្ចុប្បន្ននេះ ក្រៅពីការនាំយកថាមពលអគ្គិសនី និងកសិផលមួយចំនួនពីប្រទេសឡាវមកប្រើប្រាស់ហើយ កម្ពុជាក៏បាននាំចេញនូវផលិតផលកសិកម្ម ព្រមទាំងការបណ្តាក់ទុនរបស់វិនិយោគិនកម្ពុជាលើវិស័យហិរញ្ញវត្ថុ នៅប្រទេសឡាវផងដែរ។
នៅក្នុងជំនួបជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី១៣ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រទេសឡាវគឺជាធុងអាគុយនៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជាជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដូច្នេះហើយទើបប្រទេសទាំង២ ផ្តល់ការយកចិត្តទុកដាក់ សហការគ្នាទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម។
បន្ថែមពីលើនេះលោក ហ៊ុន សែន ក៏បានលើកឡើងប្រាប់ទៅភាគីឡាវ អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់លក្ខខណ្ឌល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេស និងបានលើកទឹកចិត្តឱ្យភាគីទាំង២(កម្ពុជា-ឡាវ) ពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី និងសកម្មភាពសេដ្ឋកិច្ចនៃប្រទេសទាំង២។
លោក ហ៊ុន សែន បានបន្ថែមទៀតថា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរ លោកក៏សូមលើកទឹកចិត្តឱ្យភាគីទាំង២ បង្កើនការរៀបចំព្រឹត្តិការណ៍ផ្គូផ្គង ដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង២ ផងដែរ។
លោក ហ៊ុន សែន បានថ្លែងថា៖«ការពិភាក្សារបស់យើង ក៏គ្រប់ដណ្តប់ទៅលើបញ្ហាវិស័យទេសចរណ៍ ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេសហ្លួងព្រះបាង ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់ឱកាសសម្រាប់អ្នកទេសចរបង្វែរគោលដៅពីកម្ពុជាមកឡាវ និងពីឡាវមកកម្ពុជាផងដែរ»។
បើតាមទិន្ន័យរបស់ CCC ទោះបីប្រទេសទាំង២ មានព្រំដែនជាប់គ្នា ប៉ុន្តែទំហំទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្ម គឺនៅមានទំហំតូចនៅឡើយ ដោយក្នុងឆ្នាំ២០២២ កន្លងទៅ សម្រេចបានប្រមាណ ២១០លានដុល្លារ កើនឡើងពីជាង ១៦០ លានដុល្លារក្នុងឆ្នាំ២០២១៕