ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បាននិយាយថា បច្ចេកវិទ្យាទំនើប (Digitalization) បានជួយជំរុញឱ្យទំនាក់ទំនងរវាងអ្នកផលិត និងអ្នកទិញមានគម្លាតកាន់តែជិត ព្រមទាំងជួយកាត់បន្ថយការចំណាយក្នុងខ្សែចង្វាក់ផលិតកម្មបាន ១ កម្រិត។
ក្នុងពេលជួបពិភាក្សាជាមួយលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ លោក ឌិត ទីណា បានបង្ហាញការស្វាគមន៍ និងគាំទ្រសកម្មភាពរបស់គម្រោង ADB ដែលកំពុងសហការជាមួយក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ស្របទៅតាមគោលនយោបាយជាតិ។
លោកបន្ថែមថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជាបានបោះជំហានទៅមុខជាបន្តបន្ទាប់ ខណៈក្រសួងកំពុងជំរុញផលិតកម្ម និងការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃ តាមរយៈការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ ឬសូឡាសម្រាប់បូមទឹកនៅពេលថ្ងៃ និងប្រើអគ្គិសនីនៅពេលយប់ដែលមានតម្លៃទាប ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ។
បន្ថែមពីលើនេះលោករដ្ឋមន្ត្រីក៏បានលើកឡើងពីសារៈសំខាន់របស់បច្ចេកវិទ្យាទំនើប (Digitalization) ក្នុងខ្សែចង្វាក់ផលិតកម្មនៅកម្ពុជានាពេលនេះផងដែរ។ លោកថ្លែងថា៖ «កម្ពុជាកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប (Digitalization) ដើម្បីផ្សារភ្ជាប់អ្នកផលិត និងអ្នកទិញ ព្រោះវាអាចជួយកាត់បន្ថយឈ្មួញកណ្តាល កាត់បន្ថយការចំណាយក្នុងខ្សែចង្វាក់ផលិតកម្ម និងបង្កើនប្រាក់ចំណេញផងដែរ»។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថល នៃកម្ពុជា លោក ឈិន កេន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែកុម្ភៈថា បច្ចេកវិទ្យាទំនើប (Digitalization) ពិតជាចូលរួមចំណែកយ៉ាងច្រើននៅគ្រប់ចង្វាក់ផលិតកម្មនៅកម្ពុជា ដោយរាប់តាំងពីការធ្វើអាជីវកម្មខ្នាតតូចៗ រហូតដល់ការដោះដូរពាណិជ្ជកម្មអន្តរជាតិ។ កំណើននៃការប្រើស្មាតហ្វូនបានធ្វើឱ្យចរន្តនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅកម្ពុជាកើនឡើងយ៉ាងឆាប់រហ័ស។
លោកបន្តថា បច្ចេកវិទ្យាទំនើប បានធ្វើឱ្យអ្នកប្រើប្រាស់ទទួលផលចំណេញជាច្រើនដូចជា ជួយកាត់បន្ថយការចំណាយថវិកា រយៈពេលធ្វើដំណើរ និងមានភាពឆាប់រហ័សជាងមុន។
លោកនិយាយថា៖ «បច្ចេកវិទ្យាទំនើបកំពុងជួយលើកកម្ពស់ទីផ្សារផលិតផលកសិកម្មបានយ៉ាងច្រើន ព្រោះតាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អ្នកផលិត និងអ្នកបញ្ជាទិញ គឺអាចផ្ញើរូបភាពពីផលិតផលរបស់ខ្លួនដោយផ្ទាល់ទៅភាគីម្ខាងទៀតបានឆាប់រហ័ស និងចំណាយតិច។បច្ចេកវិទ្យាទំនើបក្លាយជាផ្នែកសំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានសម្ទុះទៅមុខកាន់តែលឿន»។
យោងតាមក្រសួងកសិកម្ម ក្រោមកិច្ចសហប្រតិបត្តិការរវាង ADB និងក្រសួងកសិកម្ម គឺមានគម្រោងដែលកំពុងអនុវត្ត Investment Project ចំនួន ៥ គម្រោង និង Pipeline Project ចំនួន ៥ គម្រោង។ ជាមួយគ្នានេះគម្រោងដែលទើបបានបញ្ចប់រួមមាន Investment Project ចំនួន ៤ គម្រោង និង Technical Assistance ១០គម្រោង។
ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល ១១ ខែ ឆ្នាំ ២០២២ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារអន្តរជាតិក្នុងបរិមាណសរុប ៥ ២២២ ០៥៦,១៩ តោន ក្នុងនោះតំបន់អាស៊ី ៤ ២៧៥ ៤៦២,៨ តោន, ប្រទេសចិន ៦៨៩ ៧០២,៦៥ តោន, សហភាពអឺរ៉ុប ១៨៦ ៨៩៧,៧៤ តោន និងទិសដៅផ្សេងៗទៀតចំនួន ៧០ ១៩៦,៥៨ តោន៕