ភ្នំពេញៈ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) កាលពីថ្ងៃទី ១៤ ខែកុម្ភៈ បានប្រកាសភាពជាដៃគូថ្មី ជាមួយក្រុមហ៊ុនឯកជនផ្នែកវិស័យកសិកម្មកម្ពុជាចំនួន ៣ ដែលមានទុនវិនិយោគ និងមូលនិធិជាង ៤ លានដុល្លារអាមេរិក ដើម្បីពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច និងលទ្ធភាពអាចជ្រៀតចូលទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ ដល់កសិករខ្នាតតូច។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញបញ្ជាក់នាថ្ងៃទី១៤ ខែកុម្ភៈ ថា ចំនួនទុនវិនិយោគសរុបរបស់ក្រុមហ៊ុនទាំង៣ និងមូលនិធិ ដែលគាំទ្រពី USAID មានតម្លៃ រហូតដល់៤,៤លានដុល្លារអាមេរិក ហើយជាងពាក់កណ្តាលទុននេះ គឺបានមកពីទុនវិនិយោគរបស់ក្រុមហ៊ុនដោយផ្ទាល់។ ក្រុមហ៊ុនទាំង៣នោះ រួមមាន ប៊ីអអិមអាហ្គ្រោ (BRM Agro) សហករណ៍សរីរាង្គខ្មែរ និងសហគ្រាសលាង ឡេង។
លោកស្រីHanh Nguyen តំណាងស្តីទីនៃUSAID ថ្លែងថា៖«ការធ្វើការជាដៃគូជាមួយក្រុមហ៊ុនថ្មីទាំងនេះបានគាំទ្រដោយផ្ទាល់ចំពោះគោលដៅរបស់ USAID ក្នុងការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុក្រុមហ៊ុន ដែលហ៊ានសាកល្បង និងអនុវត្តដំណោះស្រាយប្រកបដោយនវានុវត្តន៍ដែលលើកទឹកចិត្តក្នុងការវិនិយោគលើវិស័យកសិកម្ម»។
លោកស្រីបន្ថែមថា៖«ជួយបង្កើនចំណូលដល់កសិករ និងបង្កើនភាពអាចរកបាននូវផលិតផលកសិកម្មកម្ពុជា ប្រកបដោយគុណភាព និងសុវត្ថិភាព នៅទូទាំងផ្សារក្នុងស្រុក និងអន្តរជាតិ»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងភាពជាដៃគូ រយៈពេល២ឆ្នាំ ក្រុមហ៊ុន BRM Agro ដែលវិនិយោគលើដំណាំស្រូវ និងម៉ាស៊ីនស្រូវ ដែលមានទីតាំងនៅខេត្តកំពង់ធំ នឹងដំណើរការលើឡសម្ងួត ដែលអាចឱ្យក្រុមហ៊ុននេះបង្កើនបរិមាណនាំចេញអង្ករក្រអូបប្រកបដោយគុណភាពខ្ពស់ ដែលទិញពីកសិករខ្នាតតូចដោយផ្តល់នូវប្រភពច្បាស់លាស់ និងទុកចិត្តដល់អ្នកប្រើប្រាស់។
សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា សហករណ៍សរីរាង្គខ្មែរ(KOC) ដែលជាក្រុមហ៊ុនធុរកិច្ចកសិកម្មសង្គម ដែលផលិត និងលក់ផលិតផលកសិកម្មសរីរាង្គ និងការអនុវត្តកសិកម្មល្អ (GAP) នឹងពង្រីកកន្លែងទុកដាក់ត្រជាក់ និងវេចខ្ចប់ ដើម្បីបង្កើនសមត្ថភាពក្នុងការកែច្នៃ ទុកដាក់ និងដឹកជញ្ជូនសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកលើផលិតផលសរីរាង្គ ដោយផលិតផលទាំងនេះចុះកិច្ចសន្យា (កុងត្រា) ទិញចេញពីកសិករខ្នាតតូចក្នុងស្រុក។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«ការខិតខំប្រឹងប្រែងនេះ នឹងជួយដល់កសិករកម្ពុជា ជាច្រើនទៀត តាមរយៈការបណ្តុះបណ្តាល និងចុះកិច្ចសន្យាទិញពីពួកគាត់។ តាមរយៈមធ្យោបាយនេះ នឹងជួយបង្កើនចំណូលកសិករ និងអ្នកទិញអាចរកទិញបាននូវចំណីអាហារ ដែលមានគុណភាព និងសុវត្ថិភាព ហើយចូលរួមកាត់បន្ថយការនាំចូលបន្លែពីបរទេស»។
សហគ្រាសលាង ឡេង គឺជាសហគ្រាសផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកម្ទេស ទឹកសៀង និងប្រេងខ្យងសម្រាប់ផ្គត់ផ្គង់ដល់ភោជនីយដ្ឋាន ផ្សារទំនើប និងគ្រួសារ និងវិនិយោគលើប្រព័ន្ធផលិតកម្មទឹកម្ទេស ដោយចុះកុងត្រាទិញពីកសិករព្រមទាំងពង្រីកទីផ្សារទៅកាន់ខេត្តចំនួន៥ទៀតក្នុងប្រទេសកម្ពុជា។
ការប្រកាសភាពជាដៃគូថ្មីជាមួយក្រុមហ៊ុនឯកជនទាំង៣នេះ គឺជាផ្នែកមួយនៃកម្មវិធីផ្តូចផ្តើមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក(Feed the Future Initiative)។ កម្មវិធីនេះគឺជាគំនិតផ្តួចផ្តើមជាសកលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីឆ្លើយតបទៅនឹងគ្រោះស្រេកឃ្លាន និងសន្តិសុខស្បៀង និងគាំទ្រយ៉ាងទូលំទូលាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ USAID ក្នុងប្រទេសកម្ពុជាចំពោះការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការធ្វើការជាមួយវិស័យឯកជន។
លោកចាន់ អង នាយកប្រតិបត្តិក្រុមហ៊ុន BRM Agro ឱ្យដឹងថា ក្នុងភាពជាដៃគូ រយៈពេល២ឆ្នាំមកនេះ ក្រុមហ៊ុនបានវិនិយោគលើដំណាំស្រូវ និងម៉ាស៊ីនស្រូវដែលមានទីតាំងនៅខេត្តកំពង់ធំ។ ការគាំទ្រពីមូលនិធិរបស់USAID ធ្វើឱ្យក្រុមហ៊ុនអាចដំណើរការលើឡសម្ងួត បង្កើនបរិមាណនាំចេញអង្ករក្រអូប ប្រកបដោយគុណភាពខ្ពស់។ លោកថា នៅខេត្តកំពង់ធំ ក្រុមហ៊ុនបានធ្វើការងារជាច្រើនជាមួយកសិករ នៅលើផ្ទៃដីប្រមាណ៥ពាន់ហិកតា ដោយកិច្ចសហការនេះបានអនុវត្តអស់រយៈពេល៥ឆ្នាំមកហើយ ក្នុងនោះទាំងកសិករ និងក្រុមហ៊ុនសុទ្ធតែទទួលបានលទ្ធផលជាវិជ្ជមាន។
លោកចាន់ អង បញ្ជាក់ថា៖«កន្លងមកយើងមានម៉ាស៊ីនកិនស្រូវ និងឡសម្ងួតស្រូវដែរ តែវាមានទំហំតូច សម្ងួតបានតិច។ ឥឡូវនេះ ការណ៍ដែលយើងធ្វើគម្រោងជាមួយUSAID ដោយបានពិភាក្សាគ្នាក្នុងការពង្រីកសមត្ថភាពសម្ងួតស្រូវ តាមរយៈការបន្ថែមឡសម្ងួត។ ការធ្វើបែបនេះ យើងអាចប្រមូលទិញស្រូវពីកសិករឱ្យបានច្រើនតាមរយៈការបន្ថែមកិច្ចសន្យាជាមួយកសិករ។ ដូចនេះក្នុងគម្រោងនេះ ខាងUSAID ជួយយើងរឿងឡសម្ងួត»។
លោកបន្តថា ក្នុងគម្រោងឡសម្ងួតនេះមានទំហំទឹកប្រាក់សរុបប្រហែល១លានដុល្លារអាមេរិក ខណៈដែលចំនួនជាងពាក់កណ្តាលនៃទឹកប្រាក់នេះជាដើមទុនផ្ទាល់របស់ក្រុមហ៊ុន និងជិតពាក់កណ្តាលទៀតទទួលបានពីមូលនិធិរបស់USAID។
លោកនួន ទុំ អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃសហករណ៍សរីរាង្គខ្មែរ(KOC) ឱ្យដឹងដែរថា ក្រុមហ៊ុនរបស់លោក នឹងប្រើប្រាស់ថវិកា ដែលបានពីមូលនិធិនេះ ដើម្បីពង្រីកកន្លែងទុកដាក់ត្រជាក់ និងវេចខ្ចប់ ដើម្បីបង្កើនសមត្ថភាពក្នុងការកែច្នៃ ទុកដាក់ និងដឹកជញ្ជូនសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកលើផលិតផលសរីរាង្គ។ តាមរយៈមធ្យោបាយនេះ នឹងជួយបង្កើនចំណូលកសិករ និងអ្នកទិញ អាចរកទិញបានចំណីអាហារ ដែលមានគុណភាព និងសុវត្ថិភាព ហើយចូលរួមកាត់បន្ថយការនាំចូលបន្លែពីបរទេស។
លោកបញ្ជាក់ថា៖«តាមរយៈកិច្ចសហការជាមួយUSAID យើងរំពឹងថា ក្រោយពីគម្រោងនេះចប់ យើងនឹងអាចបង្កើនបរិមាណផលិតផលរបស់យើងទៅតាមតម្រូវការទីផ្សារ ដោយសារតែយើងមើលឃើញថា តម្រូវការបន្លែសរីរាង្គមានការកើនឡើងជាលំដាប់។ យើងក៏អាចកែសម្រួលនូវការកែច្នៃ និងការវេចខ្ចប់របស់យើងផងដែរ ហើយយើងនឹងធ្វើឱ្យគុណភាពផលិតផលបន្លែសរីរាង្គមានស្តង់ដាត្រឹមត្រូវ»។
លោកបន្តថា បច្ចុប្បន្ន KOC កំពុងធ្វើការគាំទ្រដល់សហគមន៍ចំនួន១២ ក្នុងការដាំដុះបន្លែសរីរាង្គ ហើយនឹងមានគម្រោងពង្រីកកិច្ចសហការឱ្យបាន៣០សហគមន៍បន្ថែមទៀតដើម្បីជំរុញការផលិតបន្លែសរីរាង្គ បំពេញតម្រូវការទីផ្សារ៕