ភ្នំពេញ/ព្រះសីហនុៈ កម្ពុជារកចំណូលបានជិត ១៣០ លានដុល្លារអាមេរិកពីកំពង់ផែក្រុងព្រះសីហនុ និងកំពងផែភ្នំពេញ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក កាលពីឆ្នាំ ២០២២ ដែលសកម្មភាពនេះពិតជាបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ។
ថ្លែងក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល ចាត់ទុកការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ពិតជាបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិ។ លោករដ្ឋមន្រ្តីអះអាងថា ភាពរីកចម្រើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក នៅតាមកំពង់ផែសំខាន់ៗទាំងនេះ ដោយសារការនាំចេញកសិផលកម្ពុជាមានការកើនឡើង ព្រមទាំងការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរទៅទីផ្សារបរទេសក៏មានការកើនឡើងដែរ។
លោកស៊ុន ចាន់ថុល បញ្ជាក់ថា៖«កាលពីឆ្នាំ២០២២ ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានការកើនឡើងចំនួន២,៤៥ភាគរយ រកចំណូលបាន៨៦លានដុល្លារអាមេរិក។ សក្តានុពលនៃកំពង់ផែភ្នំពេញវិញ ឃើញថា កាលពីឆ្នាំ២០២២ ការដឹកជញ្ជូនទំនិញមានការកើនឡើង១៧,១០ភាគរយ រកចំណូលចូលជាតិបាន៤០លានដុល្លារអាមេរិក»។
លោកបន្តថា៖«សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកនៅកំពង់ផែសំខាន់ៗចំនួន២ គឺកំពង់ផែក្រុងព្រះសីហនុ និងកំពងផែភ្នំពេញអាចរកចំណូលចូលជាតិបានជិត១៣០លានដុល្លារ កាលពីឆ្នាំ២០២២កន្លងទៅ»។
លោករដ្ឋមន្រ្តីបានឱ្យដឹងថា កំពង់ផែនៅតែបន្តមាននិរន្តរភាព និងស្ថិរភាព ទោះជាមានវិបត្តិ ដែលផ្ទុះឡើង ដោយកូវីដ១៩ ហើយកំពង់ផែ ក៏កំពុងតែអនុវត្តការបន្តអភិវឌ្ឍកំពង់ផែជាបន្តបន្ទាប់។
លោកស៊ុន ចាន់ថុល បន្ថែមថា៖«ការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ ក៏ជាមូលហេតុនៃការរីកចម្រើន»។
អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានលើកឡើងដែរថា កំពង់ផែក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់របស់កម្ពុជា។ តាមរយៈកំពង់ផែនេះ បានជួយឱ្យខេត្តព្រះសីហនុ មានការវិវឌ្ឍខ្លួន ជាខេត្តឧស្សាហកម្ម និងក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណងនាពេលអនាគត។
លោកបញ្ជាក់ថា៖«សក្តានុពលរបស់ខេត្ត រួមមាន កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១១ទីតាំង (៣កំពុងដំណើរការ និង៨ត្រៀមដំណើការ)។ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលត្រូវបានប្រសិទ្ធនាមជា "តារារះនាទិសនិរតី”។ សមិទ្ធផលទាំងនេះកំពុងជំរុញឱ្យខេត្តរីកចម្រើនលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល»។
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញថា កំពង់ផែក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់របស់កម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការ ប្រមាណ១២៥ហិកតា។ កំពង់ផែស្ថិតនៅឈូងសមុទ្រកំពង់សោម ដែលជាកំពង់ផែទឹកជ្រៅតែ១គត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជាមានជម្រៅទឹកជ្រៅ មានកោះជារបាំងខ្យល់ និងរលកធំៗ។ កំពង់ផែនេះត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ១៩៥៦ និងបានពង្រីកជាលំដាប់។ ឥឡូវនេះកំពង់ផែមានចំណតនាវាចំនួន៨ចំណត ដែលបំពាក់ដោយឧបករណ៍លើកដាក់ទំនើបទាន់សម័យ។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះបរិមាណទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់។ ចំណែកកំពង់ផែស្វយ័តភ្នំពេញ ជាសហគ្រាសសាធារណៈ ដែលមានភារកិច្ចធ្វើអាជីវកម្ម-សេវាកម្មផែ ហើយដែលមានការទទួលស្គាល់ និងតែងតែឈានមុខគេជានិច្ច ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ តាមរយៈការផ្តល់សេវាប្រកបដោយគុណភាពរហ័ស និងតម្លៃប្រកួតប្រជែង តាមរយៈការពង្រីក និងបង្ខិតសេវារបស់ខ្លួនទៅជិតអ្នកប្រើប្រាស់។ កំពង់ផែនេះ នឹងខិតខំពង្រីកសកម្មភាពដឹកជញ្ជូនទំនិញឱ្យកាន់តែមានដំណើរការល្អប្រសើរថែមទៀត៕