ភ្នំពេញៈ កម្ពុជាកំពុងពិនិត្យលទ្ធភាពដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ Alibaba ដែលជាក្រុមហ៊ុនថ្នាលបច្ចេកវិទ្យាផ្សារអនឡាញដ៏ធំរបស់ប្រទេសចិនក្នុងការនាំចេញផលិតផលខ្មែរទៅទីផ្សារអនឡាញបរទេស។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចពិភាក្សាលើកទី ១ របស់ក្រុមការងារចំពោះការសិក្សាពីលទ្ធភាព និងសម្របសម្រួលការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស តាមរយៈថ្នាលបច្ចេកវិទ្យាក្រុមហ៊ុន Alibaba។
លោកថ្លែងថា៖ «ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង Alibaba ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ ហើយជាលទ្ធផលបឋមក្រុមការងារបានចូលរួមប្រជុំចំនួន៣លើកជាមួយ Alibaba រហូតឈានដល់ការសម្រេចបាននូវសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះ។
សម្រាប់ការត្រៀមចូល eWPT របស់ Alibaba ក្រសួងពាណិជ្ជកម្មបានសហការជាមួយនឹងវិស័យឯកជន ដោយបាននាំចេញផ្លែមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ Alibaba ដែលជាលទ្ធផល ត្រឹមរយៈពេល ៣ ថ្ងៃ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន។
លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ ប្រទេសចិន បានឱ្យ Fresh News ដឹងនៅថ្ងៃទី ២១ ខែធ្នូថា មៀនប៉ៃលិនកម្ពុជា បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន។
កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រសួងពាណិជ្ជកម្មក៏បានចុះ MOU ជាមួយក្រុមហ៊ុន Lanton Cloud ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងជំរុញដល់ការផ្សព្វផ្សាយផលិតផលរបស់កម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក និងពិភពលោក។
ក្នុងពិធីចុះហត្ថលេខានោះ លោក សូរស័ក្តិ បានលើកឡើងថា MoU នឹងចូលរួមកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជាទៅកាន់ពិភពលោក។ MoU នេះនឹងបង្កើតឱ្យមានការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹងPlatform ដែលបង្កើតដោយវិស័យឯកជននៅក្រោមកម្មវិធី Lanton Cloud ក្នុងន័យជំរុញឱ្យទំនិញកម្ពុជាមានលទ្ធភាពពង្រីកទីផ្សារកាន់តែធំ៕