ភ្នំពេញៈ អ្នកសេដ្ឋកិច្ចលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់មកកម្ពុជា គឺមិនត្រឹមតែពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជាអាល្លឺម៉ង់ឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយធ្វើឱ្យការនាំទំនិញពីកម្ពុជាទៅអាល្លឺម៉ង់មានទឹកប្រាក់កាន់តែច្រើន ខណៈការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាលពីឆ្នាំ ២០២២ សម្រេចបានលើសពី ១ ពាន់លានដុល្លារ។
ប្រធានាធិបតីប្រទេសអាល្លឺម៉ង់ លោក FrankWalter Steinmeier ព្រមទាំងគណៈប្រតិភូ បានធ្វើដំណើរមកបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃនៅកម្ពុជា ពីថ្ងៃទី ១៤-១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ តាមការអញ្ជើញរបស់ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី។ លោក FrankWalter Steinmeier គឺជាប្រធានាធិបតីអាល្លឺម៉ង់ទី១ ដែលបានធ្វើដំណើរមកកម្ពុជា។
តារាងស្ថិតិពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជាអាល្លឺម៉ង់ ក្នុងឆ្នាំ ២០២២ មានទឹកប្រាក់សរុប ១ ២៤៦,៩០៤ លានដុល្លារ កើនឡើង ១៩,៣ ភាគរយពី ១ ០៤៥,៣៦៦ លានដុល្លារកាលពីឆ្នាំ ២០២១។ ទំហំទឹកប្រាក់ធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺស្មើនឹង ២,៣៧៨ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២២។
យោងតាមទិន្នន័យខាងលើ គឺការនាំទំនិញពីកម្ពុជាទៅអាល្លឺម៉ង់ ក្នុងឆ្នាំ ២០២២ មានចំនួន ១ ០៨៣,៦២៤ លានដុល្លារ កើន ២៣ភាគរយ (ឈរលេខ៦ ជាប្រទេសទទួលទិញទំនិញច្រើនពីប្រទេសកម្ពុជា) ចំណែកទំនិញនាំចូលពីអាល្លឺម៉ង់ មាន ១៦៣,២៨០លានដុល្លារ ធ្លាក់ចុះ ០,៨ ភាគរយ (ឈរលេខ ១៨ ជាប្រទេសនាំចូលទំនិញមកកម្ពុជាច្រើន)។ បើតាមស្ថិតិគឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៩២០,៣៤៤ លានដុល្លារ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែកុម្ភៈថា អាល្លឺម៉ង់ ជាប្រទេសរីកចម្រើន និងមានសេដ្ឋកិច្ចធំជាងនៅក្នុងទ្វីបអឺរ៉ុប ហើយតែងតែបញ្ជាទិញទំនិញច្រើនពីកម្ពុជាដោយមិនសូវផ្តោតលើបញ្ហានយោបាយឡើយ។ ទឹកប្រាក់នៃការនាំចេញពីកម្ពុជាដែលមានរហូតដល់ជាង ១ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ គឺដោយសារគុណភាព និងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជាត្រូវបានទទួលស្គាល់នៅទីនោះ និងមានតម្លៃសមរម្យ។ លោកបន្តថា សម្រាប់ចំនួនទឹកប្រាក់ទំនិញនាំពីអាល្លឺម៉ង់ មានតិច គឺដោយសារផលិតផលអាល្លឺម៉ង់មានតម្លៃខ្ពស់។
លោកបន្ថែមថា ទំនាក់ទំនងការទូតដែលមានកន្លងមក និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់នៅកម្ពុជា នឹងជួយជំរុញឱ្យការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជាអាល្លឺម៉ង់ មានទំហំកាន់តែធំ ពិសេសការនាំទំនិញកម្ពុជាទៅកាន់ទីផ្សារអាល្លឺមង់។
លោកអះអាងថា៖ «សេដ្ឋកិច្ច និងនយោបាយតែងដើរជាមួយគ្នា ដូច្នេះបើប្រទេសទាំង ២ មានទំនាក់ទំនងការទូតជាមួយគ្នាកាន់តែល្អ កម្ពុជាក៏មានឱកាសកាន់តែច្រើនក្នុងការនាំផលិតផលខ្លួនទៅប្រទេសអាល្លឺម៉ង់ដែរ។ ដោយសារអាល្លឺម៉ង់ជាបងធំក្នុងសហគមន៍អឺរ៉ុប (សេដ្ឋកិច្ចធំជាងគេ) ដូច្នេះតាមរយៈទំនាក់ទំនងល្អនេះ ក៏អាចជួយឱ្យទំនិញកម្ពុជាហូរបន្តទៅទីផ្សារអឺរ៉ុបកាន់តែច្រើនដែរ»។
បើតាមលោក វណ្ណៈ ទំនិញដែលកម្ពុជានាំចេញទៅអាល្លឺម៉ង់ភាគច្រើន គឺសម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ធ្វើដំណើរ កង់ និងផលិតផលកសិកម្ម ចំណែកទំនិញដែលអាល្លឺម៉ង់ នាំមកកម្ពុជា គឺរថយន្ត គ្រឿងអគ្គិសនី អេឡិចត្រូនិក និងគ្រឿងសំណង់។
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ក្នុងជំនួបជាមួយគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ដែលដឹកនាំដោយលោក Michael Kellner រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងបរិស្ថានអាល្លឺម៉ង់ នៅទីស្តីការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC បានស្នើឱ្យអ្នកវិនិយោគអាល្លឺម៉ង់ចូលមកសិក្សាពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។
លោកថ្លែងថា៖ «ប្រទេសកម្ពុជាបានបើកចំហសម្រាប់បរិយាកាសវិនិយោគ ដោយអនុញ្ញាតឱ្យវិនិយោគិនបរទេសអាចបណ្តាក់ទុនវិនិយោគនៅលើគ្រប់វិស័យ ដោយមិនមានការតម្រូវឱ្យមានការចូលរួមទុនពីវិនិយោគិនក្នុងស្រុកទេ»។
លោក Michael Kellner បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ និងបានប្រាប់ថា រដ្ឋាភិបាលអាល្លឺម៉ង់កំពុងជំរុញវិនិយោគិនរបស់ខ្លួនឱ្យមកបណ្តាក់ទុននៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
លោកបញ្ជាក់ថា៖ «ក្នុងន័យនេះ ខ្ញុំសង្ឃឹមថា វិនិយោគិនអាល្លឺម៉ង់ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាពេលនេះនឹងចាប់យកឱកាសពីបរិយាកាសវិនិយោគបើកចំហ និងអំណោយផលធ្វើការបណ្តាក់ទុននៅកម្ពុជា»៕