អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានឱ្យដឹងថា ក្នុងខែមករា ដើមឆ្នាំ ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ប្រមូលបានប្រមាណ ៣០០ លានដុល្លារអាមេរិក ស្មើនឹង ៨ % នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
ការបង្ហាញតួលេខចំណូលពន្ធនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដែលដឹកនាំដោយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល។
លោក គង់ វិបុល បានឱ្យដឹងថា៖«ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១ ២១៧,៣៨ ប៊ីលានរៀល (ប្រមាណជា ៣០០,៥៩ លានដុល្លារ ស្មើនឹង ៨,៤២ % នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣»។
លើសពីនេះ ក្នុងខែមករា ឆ្នាំ ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះពន្ធលើប្រាក់ចំណូល ២០,៧៣ % អាករលើតម្លៃបន្ថែម ៨,៥៧ % និងពន្ធលើប្រាក់បៀវត្ស ១៨, ០៧ %។
លោក គង់ វិបុល បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមឆ្នាំ២០២៣ ជាមួយនឹងលទ្ធផលល្អប្រសើរសម្រាប់ខែមករា ឆ្នាំ២០២៣ ធៀបនឹងខែមករា ឆ្នាំ២០២២ ក៏ដូចជាផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
លោកថា៖ «ហើយសម្រាប់រដូវកាលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល សម្រាប់ឆ្នាំ២០២២ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ និងមិនមានការថមថយឡើយ តាមរយៈប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing ដែលជាប្រព័ន្ធដ៏រឹងមាំនិងមានតម្លាភាព និងជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ (Cross check)»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី មានប្រសាសន៍ថា ការបង្កើនសមត្ថភាពរបស់ រដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ និងស្ថាប័នដទៃទៀតដែលដើរតួនាទីក្នុងការប្រមូលចំណូលចូលរដ្ឋឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាដំណើរវិវត្តន៍ដ៏ល្អមួយសម្រាប់កម្ពុជា ដែលអាចឱ្យយើងប្រមូលចំណូលផ្ទាល់ខ្លួនដើម្បីដាក់ចូលថវិកាជាតិ យកទៅប្រើប្រាស់តាមផែនការដែលច្បាប់ថវិកាជាតិអនុវត្តប្រចាំឆ្នាំ។ លោកថា៖«ការបង្កើនសមត្ថភាពនេះទីមួយអាចឱ្យយើងកាត់បន្ថយនូវការពឹងពាក់ទៅលើកម្ចីបរទេស ទី២ អាចឱ្យយើងកាត់បន្ថយការពឹងពាក់ផ្នែកហិរញ្ញវត្ថុទៅលើដៃគូអភិវឌ្ឍន៍ផ្សេងៗដែលយើងតែងតែប្រើប្រាស់កន្លងមកដោយសារយើងខ្វះថវិកាប្រចាំឆ្នាំ ហើយអាចឱ្យយើងឈរជើងដោយខ្លួនឯងផ្នែកហិរញ្ញវត្ថុ»។
ពាក់ព័ន្ធការគ្រប់គ្រងពន្ធនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបំពេញបេសកកម្មដ៏ជោគជ័យ ដោយបានប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋបានគ្រប់ និងលើសផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ប្រកបដោយមោទនភាព៕