ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារនាថ្ងៃទី ១៦ កុម្ភៈ បានចេញសេចក្តីបំភ្លឺមួយ ក្រោយពីមានគណនីបណ្តាញសង្គមហ្វេសប៊ុក (Facebook) បានផ្សព្វផ្សាយរូបភាពនៃការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២២ របស់សាខាពន្ធដារខេត្តស្វាយរៀង ដោយបានលើកឡើងថា "ភូមិពភ្លា សង្កាត់សង្ឃ ក្រុងស្វាយរៀង ខេត្តស្វាយរៀងប្លែកទៀតហើយ មន្ត្រីពន្ធដារនិងប៉ូលិស ចរាចរណ៍ចុះទៅសួរសុខទុក្ខបងប្អូនតាមវាលស្រែ ក្នុងគោយន្តមួយគ្រឿងត្រូវផាកពិន័យ ២០០ ០០០ រៀល”។
អគ្គនាយកដ្ឋានពន្ធដារលើកឡើងថា ក្នុងគោលដៅធានាបាននូវការគ្រប់គ្រងប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ, ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសដើម្បីធានាបាននូវសមធម៌និងតម្លាភាពនៃការបំពេញកាតព្វកិច្ចពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារបានធ្វើការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២២។ នេះស្របតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ស្តីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ។
យោងតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៨ ស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ម្ចាស់យានយន្ត រួមទាំងម្ចាស់រថយន្តកែច្នៃក្នុងស្រុក ត្រូវមានកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ។ បន្ថែមពីនេះ ឧបសម្ព័ន្ធ I ចំណុច ខ នៃប្រកាសនេះ ក៏បានកំណត់ថា រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកង់បី (បំពាក់ដោយម៉ាស៊ីនរថយន្ត) ត្រូវកំណត់ជារថយន្តដឹកទំនិញដល់ ៣តោន ដែលត្រូវបង់ពន្ធចំនួន ២០០ ០០០ រៀលក្នុង ១ ឆ្នាំក្នុង ១ គ្រឿង។
ចំពោះការលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកខាងលើ អគ្គនាយកដ្ឋានពន្ធដារ បានបំភ្លឺថា នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមការងារចម្រុះចុះត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដឹកនាំដោយសាខាពន្ធដារខេត្តស្វាយរៀង បានចុះត្រួតពិនិត្យតាមដងផ្លូវនៅជិតទីតាំងដែលរថយន្តកែច្នៃនោះកំពុងចរាចរ និងប្រកបសកម្មភាពអាជីវកម្មដឹកដី ហើយបានពិនិត្យឃើញថាម្ចាស់រថយន្តកែច្នៃទាំងនោះ ពុំទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាននៅឡើយ ទើបកម្លាំងចម្រុះធ្វើការណែនាំ និងអញ្ជើញម្ចាស់រថយន្តកែច្នៃទាំងនោះ មកបំពេញកាតព្វកិច្ចបង់ពន្ធនៅគោលដៅកំណត់។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា៖ «ការអនុវត្តភារកិច្ចរបស់មន្ត្រីពន្ធដារគឺត្រូវអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ស្តីពីពន្ធដារជាធរមាន ក្នុងករណីមន្ត្រីពន្ធដាររូបណាអនុវត្តខុសពីច្បាប់និងបទប្បញ្ញត្តិជាធរមាននឹងត្រូវទទួលរងពិន័យឬ ទោសទណ្ឌតាមច្បាប់»។
អគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវឱ្យមានការចូលរួមសហការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមានឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារក៏សូមជំរុញដល់ម្ចាស់យានយន្ត ដែលខកខានមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២២ សូមមេត្តារួសរាន់មកបំពេញកាតព្វកិច្ចបង់ពន្ធនេះឱ្យបានត្រឹមត្រូវផងដែរ៕