ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនដែលកំពុងសិក្សាលទ្ធភាពកសាងផ្លូវល្បឿនលឿនភ្នំពេញសៀមរាប ជួយពន្លឿនការងារឱ្យបានលឿន ដើម្បីឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាយ៉ាងយូរនៅចុងត្រីមាសទី៣ ខាងមុខ ខណៈអ្នកក្នុងវិស័យឡូជីស្ទិក និងទេសចរណ៍ និយាយថា ផ្លូវល្បឿនលឿននឹងដើរតួនាទីសំខាន់ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ច ២ នៅកម្ពុជា។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១៥ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួងសាធារណការ កំពុងធ្វើការសិក្សា សាងសង់ និងដាក់ឱ្យដំណើរការជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ ឆ្នាំ ២០២២ កន្លងមកអាចចាត់ទុកថាជាឆ្នាំមួយដែលមានការសម្ពោធឱ្យប្រើប្រាស់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗជាច្រើននិងជាឆ្នាំនៃការបើកការដ្ឋានសង់ផ្លូវស្ពាន ជាច្រើនដែរ។
លោកបានបន្តថា សម្រាប់ឆ្នាំ ២០២៣ នេះមានគម្រោងសាងសង់ជាច្រើន ក្នុងនោះសម្រាប់ផ្លូវល្បឿនលឿនភ្នំពេញខេត្តសៀមរាប គឺកំពុងបោះជំហានទៅមុខយ៉ាងល្អ ដោយក្រសួងជំរុញឱ្យក្រុមហ៊ុនសិក្សាឱ្យបានលឿន ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងនៅខែកញ្ញានេះ។
លោកថ្លែងថា៖ «សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញសៀមរាប គឺក្រុមហ៊ុនបានសន្យាថា នឹងធ្វើឱ្យហើយ និងឈានទៅចុះហត្ថលេខាលើ Framework Agreement (កិច្ចព្រមព្រៀងក្របខ័ណ្ឌការងារ) នៅក្នុងខែ ៩ ឆ្នាំ ២០២៣»។ នេះជាគម្រោងធំ ដែលយើងកំពុងខិតខំជំរុញឱ្យចេញ (រូបរាង)»។
ក្រសួងសាធារណការកន្លងមកធ្លាប់បានឱ្យដឹងថា មានក្រុមហ៊ុនចំនួន ៤ កំពុងសិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញសៀមរាប។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែកុម្ភៈថា គ្រប់គម្រោងសាងសង់ផ្លូវស្ពាន គឺនឹងចូលរួមចំណែកជំរុញឱ្យវិស័យដឹកជញ្ជូនកម្ពុជាកាន់តែមានភាពល្អប្រសើរដោយរាប់ទាំងការដឹកជញ្ជូនទំនិញ និងមនុស្ស។ ផ្លូវល្បឿនលឿន ដែលតភ្ជាប់ពីប៉ូលសេដ្ឋកិច្ចនីមួយៗបែបនេះ នឹងចូលរួមចំណែកយ៉ាងច្រើនសម្រាប់កំណើនសេដ្ឋកិច្ច។
ផ្លូវល្បឿនលឿនភ្នំពេញសៀមរាប ប្រាកដជានឹងធ្វើឱ្យចរន្តវិស័យទេសចរណ៍មានសម្ទុះកាន់តែខ្លាំង ពីព្រោះភ្ញៀវដែលចង់ទៅទស្សនាប្រាសាទនៅក្នុងខេត្តសៀមរាប ក៏អាចបន្តដំណើរទៅកម្សាន្តនៅឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ដោយប្រើរយៈពេលដ៏ខ្លី។
លោកបញ្ជាក់ថា៖ «យើងពិតជាចង់ឱ្យមានផ្លូវបែបនេះកាន់តែច្រើន ព្រោះនៅពេលមានការតភ្ជាប់កាន់តែច្រើន ចរាចរណ៍មនុស្ស និងទំនិញក៏កើនឡើងទៅតាមនោះដែរ»។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ លោក ខៀវ ធី ឱ្យដឹងថា បើមានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប គឺនឹងមានភ្ញៀវជាច្រើនធ្វើដំណើរទៅទស្សនាខេត្តសៀមរាប ដែលជាតំបន់ប្រាសាទបុរាណ និងមានរឿងរ៉ាវជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជា។
លោកនិយាយថា៖ «ផ្លូវល្បឿនលឿននឹងជួយសម្រួលឱ្យអ្នកដែលមិនសូវមានពេលវេលា អាចធ្វើដំណើរបានច្រើនកន្លែង និងមិនសូវមានបញ្ហាកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍»។
លោក ថុល មាស ដែលមានមុខរបរអ្នកបើករថយន្តឈ្នួលភ្នំពេញសៀមរាប បាននិយាយថា ទោះការប្រើប្រាស់ផ្លូវល្បឿនលឿនត្រូវចំណាយប្រាក់ ប៉ុន្តែលោកនៅតែគិតថាវាចំណេញជាងការប្រើប្រាស់ផ្លូវជាតិដែលកំពុងប្រើប្រាស់រាល់ថ្ងៃដែលត្រូវចំណាយពេលជាង ៥ ម៉ោង។ លោកបន្តថា ជាក់ស្តែងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺបានផ្តល់ផលចំណេញយ៉ាងច្រើនសម្រាប់អ្នកប្រើប្រាស់ផ្លូវ និងកំណើនសេដ្ឋកិច្ច។
នៅកម្ពុជាបច្ចុប្បន្នមានផ្លូវល្បឿនលឿន ១ ខ្សែដែលបានបើកឱ្យដំណើរការជាផ្លូវការរួចមកហើយកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចជាប់មាត់សមុទ្ររបស់កម្ពុជា។
បន្ថែមពីនេះរដ្ឋាភិបាលក៏គ្រោងនឹងបើកការដ្ឋានកសាងផ្លូវល្បឿនលឿន ១ ខ្សែទៀតពីភ្នំពេញទៅក្រុងបាវិតព្រំដែនវៀតណាម នៅក្នុងពេលឆាប់ៗនេះផងដែរ៕
វីដេអូ៖