កំពតៈ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន លើកឡើងថា អតីតទីតាំងសមរភូមិប្រយុទ្ធដ៏ក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងទ័ពខ្មែរក្រហម នៅខេត្តកំពត បានក្លាយទៅជាតំបន់ទេសចរណ៍ និងចម្ការចេកអំបូងលឿង ដែលទទួលទិន្នផលបាន ២០០០-២ ៥០០ តោន ក្នុង ១ ខែ សម្រាប់នាំចេញទៅក្រៅប្រទេស និងអាចផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាង ២ ០០០ នាក់ រកចំណូលផ្គត់ផ្គង់គ្រួសារ។
លោក ម៉ៅ ធនិន ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តកំពត រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ១៦ ខែកុម្ភៈ។
លោកថ្លែងថា៖ «ទីកន្លែងនោះពីមុនមកជាទីកន្លែងសមរភូមិប្រយុទ្ធ ប៉ុន្តែឥឡូវប្រែក្លាយទៅជាចម្ការចេក ហើយមិនត្រឹមតែចម្ការចេកទេ វាទៅជាកន្លែងទេសចរណ៍ទៀត។ ភ្ញៀវចេញចូលមិនដាច់ទេទៅមើលការដាំដុះចេកនេះ ហើយចេកនេះធ្វើការនាំចេញទៅក្រៅប្រទេសផង និងធ្វើការនាំចេញនៅនឹងកន្លែងផង។ នាំចេញនៅនឹងកន្លែងមានន័យថា ការបញ្ជាទិញពីបងប្អូនប្រជាពលរដ្ឋ»។
លោកអភិបាលខេត្តឱ្យដឹងថា មានក្រុមហ៊ុនចំនួន ២ ទទួលបានផ្ទៃដី ដែលទទួលស្គាល់ដោយច្បាប់សម្បទានសេដ្ឋកិច្ចក្នុងការដាំដុះចេកអំបូងលឿង។ ប៉ុន្តែដោយសារទីផ្សារល្អដូចការលើកឡើងមកនេះ និងតាមព័ត៌មានដែលលោកទទួលបាន ក្រុមហ៊ុនដាំចេកអំបូងខេត្តកំពតគ្រោងនឹងធ្វើការពង្រីកផ្ទៃដីដាំដុះបន្ថែមទៀតក្នុងពេលខាងមុខ។
លោកបញ្ជាក់ថា៖ «បញ្ហានេះក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញរបស់យើង គឺយើងមានការគាំទ្រណាស់ទៅលើផ្នែកនេះ។ ឥឡូវនេះក្រុមហ៊ុនកំពុងមាន ការជំរុញបន្ថែមទៅលើការដាំដុះ។ ខ្ញុំសង្ឃឹមថា បើសិនជាការដាំដុះនេះល្អ នឹងអាចពង្រីកបានលើផ្ទៃដីមួយចំនួនដែលពាក់ព័ន្ធនៅទីនោះថែមទៀត ដោយមានការចូលរួមពីសហគមន៍ ពីបងប្អូនប្រជាពលរដ្ឋជុំវិញនោះ»។
លោក ម៉ៅ ធនិន លើកឡើងថា ចេកមិនមែនដាំតែក្នុងខេត្តកំពតទេ សូម្បីដីសណ្តនៅតាមទន្លេមេគង្គប៉ែកខាងលើពីក្រចេះមកកំពង់ចាមក៏មានការដាំដុះចម្ការចេកផងដែរ ប៉ុន្តែលោកថា ការដាំដុះចេកតំបន់នោះ គេយកទឹកទន្លេមេគង្គស្រោចស្រព។ ដោយឡែកចម្ការចេកនៅខេត្តកំពត គឺប្រើប្រាស់ទឹកស្រោចស្រព ដោយទឹកជ្រោះដែលជាទឹកល្អ គ្មានជាតិគីមី ផ្សេងលាយឡំចូល។ ហេតុនេះរសជាតិចេកខេត្តកំពតឆ្ងាញ់ប្លែកពីចេកកន្លែងផ្សេងៗ។
លោកថ្លែងថា៖ «ខ្ញុំមិនបានបង្អាប់ទេណា ប៉ុន្តែនេះគ្រាន់តែជាការហូបរបស់ខ្ញុំ។ ខ្ញុំហូបចេកខ្ញុំ និងហូបចេកកន្លែងផ្សេងមិនថា កន្លែងណាទេឃើញថា ខ្ញុំហូបចេកនៅខេត្តខ្ញុំ និងហូបចេកកន្លែងផ្សេង គឺឱជារសខុសគ្នា។ ចេកកន្លែងខ្ញុំក្រអូប ឈ្ងុយ ហើយមុត»។
លោកអភិបាលខេត្តបន្តថា ការពង្រីកផ្ទៃដីដាំដុះចេកនៅខេត្តកំពត នឹងទទួលបានប្រាក់ចំណូល ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃ ប្រចាំខែរបស់ប្រជាពលរដ្ឋផងដែរ និងទទួលបានទីផ្សារពលកម្មនៅនឹងកន្លែងបន្ថែមទៀត។
បើតាមលោកអភិបាលខេត្ត ការដាំចេកនេះ មិនមែនពឹងផ្អែកតែទៅលើកត្តាដី ១ មុខទេ គឺមានកត្តាផ្សេងៗបន្ថែមទៀត ដូចជា ការផ្គត់ផ្គង់ទឹក និងកត្តាអាកាសធាតុផងដែរ។
លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ខេត្តកំពត មានក្រុមហ៊ុន ចំនួន ២ ដែលដាំដុះចេកអំបូងលឿង គឺក្រុមហ៊ុន វើលទិសា របស់ ឧកញ៉ា សូ ងួន និងក្រុមហ៊ុន ឡុង ម៉េត របស់ឧកញ៉ា ហ៊ុន ឡាក់។ តាមរយៈការដាំដុះនៃក្រុមហ៊ុនទាំង ២ ខេត្តកំពតមានចេកអាចនាំចេញទៅក្រៅប្រទេសបានប្រមាណជាង ២០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។
លោកប្រធានមន្ទីរឱ្យដឹងថា ការដាំដុះចេកអំបូងនេះ ចិនជាទីផ្សារសំខាន់ ហើយចិនក៏បានដាក់អ្នកជំនាញដើម្បីធ្វើការសិក្សាដី និងទឹក ព្រមទាំងផ្តល់បច្ចេកទេសដាំដុះគ្រប់យ៉ាង ទាំងការដាក់ជី ដែលធ្វើឱ្យដំណាំចេកទទួលផលល្អ និងមានទីផ្សារ៕