ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅខេត្តសៀមរាប ការិយាល័យប្រឆាំងការក្លែងបន្លំនៃប្រទេសអឺរ៉ុប (OLAF) បានសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម បើកកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលស្តីពីប្រតិបត្តិការគយរួមគ្នា រវាងរដ្ឋបាលគយនៃប្រទេសសមាជិកអាស៊ី-អឺរ៉ុប (ASEM) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសសមាជិកអាស៊ី-អឺរ៉ុប លើបញ្ហាការធ្វើពាណិជ្ជកម្មខុសច្បាប់។
លោក Ernesto BIANCHI អគ្គនាយកនៃការិយាល័យប្រឆាំងការក្លែងបន្លំនៃប្រទេសអឺរ៉ុប បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសសមាជិកអាស៊ី-អឺរ៉ុប លើបញ្ហាការធ្វើពាណិជ្ជកម្មខុសច្បាប់ ដូចជា សារធាតុគ្រោះថ្នាក់ កាកសំណល់ប្លាស្ទិក ថ្នាំសម្លាប់សត្វល្អិតក្លែងក្លាយ និងការរត់ពន្ធបារីក្លែងក្លាយនិងថ្នាំជក់ តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ ព្រមទាំងបន្តពង្រឹងការអនុវត្តប្រតិបត្តិការគយរួមគ្នារវាងប្រទេសសមាជិកអាស៊ី-អឺរ៉ុប តាមរយៈការអនុវត្តប្រតិបត្តិការរួមគ្នា (NOXIA)។
លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងថា នៅក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ី-អឺរ៉ុបលើកទី១៣ ដែលអង្គប្រជុំបានឯកភាពចាប់ផ្តើម អនុវត្តប្រតិបត្តិការគយរួមគ្នារវាងប្រទេសសមាជិកអាស៊ី-អឺរ៉ុបដើម្បីប្រយុទ្ធប្រឆាំងការធ្វើពាណិជ្ជកម្មខុសច្បាប់ លើសារធាតុគ្រោះថ្នាក់ ទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន។
លោកបានបញ្ជាក់ថា៖«ក្រោមការគាំទ្រថវិកាពីរដ្ឋាភិបាលនៃប្រទេសបែលហ្ស៊ិក ការិយាល័យប្រឆាំងការក្លែងបន្លំនៃប្រទេសអឺរ៉ុប (OLAF) ត្រូវបានចាត់តាំងជាអ្នកសម្របសម្រួលការអនុវត្តប្រតិបត្តិការគយរួមគ្នារវាងប្រទេសសមាជិកអាស៊ី-អឺរ៉ុប ដោយមានការគាំទ្រពីរដ្ឋបាលគយនៃប្រទេសកម្ពុជា និងប្រទេសវៀតណាមជាប្រទេសសម្របសម្រួល»។
លោកអគ្គនាយករង ក៏បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសសមាជិកអាស៊ី-អឺរ៉ុប ទាំងកម្រិតទ្វេភាគី និងតំបន់ មានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមដើម្បីចូលរួមចំណែកការពារសង្គម បរិស្ថាន និងសុខុមាលភាព របស់ប្រជាពលរដ្ឋនៃប្រទេសជាសមាជិកអាស៊ី-អឺរ៉ុប ដូចជា ការចូលរួមទប់ស្កាត់នូវការធ្វើពាណិជ្ជកម្មខុសច្បាប់ រួមមាន៖ សារធាតុគ្រោះថ្នាក់, កាកសំណល់ប្លាស្ទិក, ថ្នាំសម្លាប់សត្វល្អិតក្លែងក្លាយ និងការរត់ពន្ធបារីក្លែងក្លាយ និងថ្នាំជក់ ជាដើម។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រៅពីកិច្ចប្រជុំនេះហើយ តំណាងរដ្ឋបាលគយកម្ពុជាក៏បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយអូស្ត្រាលី និង រដ្ឋបាលគយនូវែលសេឡង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ និងពិភាក្សាលើការស្នើសុំជំនួយបច្ចេកទេស និងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈយោគយល់គ្នា លើការងារគយរវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយអូស្ត្រាលី និងរៀបចំអនុស្សរណៈយោគយល់គ្នាលើការងារគយរវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយនូវែលសេឡង់ផងដែរ។
សូមជម្រាបថា កិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាល ក្នុងរយៈពេល ០៣ថ្ងៃនេះ បានផ្តោតសំខាន់លើ ១.កិច្ចសហប្រតិបត្តិការគយរួមគ្នាក្រោមក្របខ័ណ្ឌ ASEM, ២.ការវាយតម្លៃពីការប្រឈមនានា,៣.ការរៀបចំសេចក្តីព្រាងផែនការប្រតិបត្តិការគយរួមគ្នា និងការចែករំលែកបទពិសោធន៍រវាងរដ្ឋបាលគយនៃប្រទេសសមាជិក ASEM៕