​ភ្នំពេញៈ ​កម្ពុជា ​អាច​នឹង​ជីក​ព្រែក​១ ដែលមាន​ប្រវែង ៧​គីឡូម៉ែត្រ​ដើម្បី​បើក​ផ្លូវទឹក​សម្រាប់​ការធ្វើ​ចរាចរណ៍​និង​ដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់​ពី​ទន្លេបាសាក់ ទៅ​កំពង់ផែ​សមុទ្រ​ក្នុង​ខេត្ត​កែប​ ដោយ​មិនចាំបាច់​ឆ្លងកាត់​តាម​ផ្លូវទឹក​ប្រទេសជិតខាង​ទៀត​ទេ​។ ​នេះ​បើតាម​លោក​ ​ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ ដឹកជញ្ជូន​។​

​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២​ និង​ លើក​ទិសដៅ​ការងារ​ ឆ្នាំ ​២០២៣ ​របស់​ក្រសួង​សាធារណការ​ និង​ ដឹកជញ្ជូន​ កាលពី​ថ្ងៃទី ​១៥ ​ខែកុម្ភៈ ​លោក​ ស៊ុន ចាន់ថុល ​បានលើកឡើង​ថា​ ការសិក្សា​លើ​គម្រោង​ផ្លូវ​នាវាចរណ៍​ពី​ទន្លេបាសាក់​ ទៅ​កំពង់ផែ​សមុទ្រ​នេះ ​ក្រុមការងារ​របស់​ក្រសួង ​និង ​ផ្នែក​ពាក់ព័ន្ធ​បានធ្វើ​ឡើង​រយៈពេល ​២ ​ឆ្នាំ ​មកហើយ ​គឺ​លទ្ធផល​នៃ​ការសិក្សា​ដែល​ស្ទើរ​បញ្ចប់ ​១០០​ភាគរយ​នោះ បង្ហាញថា ​សម្រាប់​លក្ខណៈ​បច្ចេកទេស​ (​ការ​ខួង​ដី​ធ្វើតេស្ត​, ជីវចម្រុះ​, បរិស្ថាន​, បរិមាណ​ទឹកទន្លេ​, ការជួយ​រំដោះគ្រោះ​ទឹកជំនន់​-​រាំងស្ងួត​ជាដើម​) និង​ផ្លូវច្បាប់​គឺ​មិនមាន​បញ្ហា​ទេ​។

​លោក​បន្តថា ​គម្រោង​បើកផ្លូវ​ទឹក​ភ្ជាប់​ពី​ទន្លេបាសាក់​ទៅ​សមុទ្រ​ក្នុង​ខេត្ត​កែប​គឺ​នឹង​ប្រើប្រាស់​ផ្លូវទឹក​មួយចំនួន​ដែលមាន​ស្រាប់ ដោយ​គ្រាន់តែ​ជីក​ជម្រៅ​ចុះ​បន្ថែម​និង​ជីក​ព្រែក​ថ្មី​ដែលមាន​ប្រវែង ​ប្រហែល ​៧ ​គីឡូម៉ែត្រ​ទៀត​នឹង​ទៅដល់​សមុទ្រ​ក្នុង​ខេត្ត​កែប​។​

​លោក​ថ្លែងថា​៖«​បើ​ធ្វើបាន​គម្រោង​នេះ​នឹង​ប្តូរ​មុខមាត់​ក៏ដូចជា​ប្តូរ​ការដឹកជញ្ជូន​តាម​ផ្លូវទឹក​ទៅ​សមុទ្រ​របស់​យើង ​គឺ​ការរៀបចំ​ឱ្យមាន​ផ្លូវ​ដឹកទំនិញ​មួយទៀត​ដោយ​ប្រើ​ទន្លេមេគង្គ​ដោយ​ឥឡូវនេះ​យើង​ចង់​ប្រើ​ទន្លេបាសាក់​ ១ ​ថែមទៀត​ដើម្បី​កាត់បន្ថយ​ចំណាយ​នៃ​ការដឹកជញ្ជូន​កាត់បន្ថយ​តម្លៃ​និង​កាត់បន្ថយ​នីតិវិធី​ពេល​កប៉ាល់​ចេញពី​កំពង់ផែ​ផ្លូវទឹក​របស់​យើង​ទៅ​សមុទ្រ​»​។​

​យោងតាម​លោក​ចាន់ថុល​ក្នុងការ​សិក្សា​រយៈពេល​២​ឆ្នាំកន្លងមក​នេះ​គឺ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក​ផ្លូវ​សមុទ្រ​និង​កំពង់ផែ នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចំនួន​២​គឺ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​CRBC និង​ក្រុមហ៊ុន​CCCC water Transportation Consultants Co., Ltd​។​

​លោក​លើកឡើងថា​៖«​នេះ​គឺជា​គម្រោង​ប្រវត្តិសាស្ត្រ​ហើយ​ខ្ញុំ​សង្ឃឹមថា​ក្នុង​ខែ​នេះ​(​កុម្ភៈ​) យើង​នឹង​បាន​តួលេខ​ទាំងអស់​ដើម្បី​យកមក​ពិភាក្សាគ្នា​ជាមួយ​អន្តរក្រសួង​ដើម្បី​រាយការណ៍​ទៅ​គណៈរដ្ឋមន្ត្រី​ពិនិត្យថា​តើ​យើង​ធ្វើ​ឬ​មិន​ធ្វើ​»​។​

​បើតាម​ លោក​ ស៊ុន ចាន់ថុល ​គម្រោង​ជីក​ព្រែក​ខាងលើ​ក៏​នឹង​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ផងដែរ​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​ លោក ​ជា ​ចាន់​ដា​រ៉ា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ​១៩ ​ខែកុម្ ភៈ​ថា បើ​តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន​គឺ​ផ្លូវទឹក​ថ្មី​នេះ​នឹង​ចេញពី​ទន្លេបាសាក់​ត្រង់ ​ឃុំ​ព្រែក​អំបិល ​(​ស្រុក​ស្អាង ​ខេត្តកណ្តាល​) ភ្ជាប់​ទៅ​សមុទ្រ​ក្នុង​ខេត្ត​កែប​។​ផ្លូវទឹក​នេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ពី​តាម​បណ្តា​ខេត្ត​ពិសេស​ខេត្ត​នៅជាប់​ទន្លេសាប​និង​មេគង្គ​ទៅកាន់​កំពង់ផែ​សមុទ្រ​ផ្ទាល់​តែម្តង​ដែល​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាកសិករ​និង​អ្នក​នាំចេញ​បាន​យ៉ាងច្រើន​។​

​លោក​ប្រាប់ទៀតថា​បច្ចុប្បន្ន​នៅតាម​បណ្តា​ខេត្ត​ជាប់​ទន្លេសាប​ក៏មាន​ការសាងសង់​កំពង់ផែ​ពហុ​បំណង​សម្រាប់​ដឹកទំនិញ​តាមផ្លូវ​ទឹក​ផងដែរ​។​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​មានតម្លៃ​ទាប​ជា​មធ្យោបាយ​ផ្សេងៗ​ទៀត​។​

​លោក​លើកឡើងថា​៖«​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ខ្ញុំ​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ព្រលានយន្តហោះ​និង​កំពង់ផែ​ជា​បន្តបន្ទាប់​កើតឡើង​។ សកម្មភាព​ទាំងអស់នេះ​នឹង​ក្លាយជា​កម្លាំង​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ក៏ដូចជា​លើកកម្ពស់​សមត្ថភាព​នាំចេញ​របស់​កម្ពុជា​ឱ្យបាន​កាន់តែខ្លាំង​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ លោក ​ហុង​ វណ្ណៈ ​បាន​និយាយថា​ នៅពេលដែល​ប្រទេសមួយ​មាន​មធ្យោបាយ​ដឹកជញ្ជូន​កាន់តែ​សម្បូរបែប​និង​ចម្រុះ​វា​នឹង​ធ្វើឱ្យ​សមត្ថភាព​នៃ​ការប្រកួតប្រជែង​ផលិតផល​របស់ខ្លួន​លើ​ទីផ្សារ​អន្តរជាតិ​មាន​កាន់តែខ្លាំង​។​ ផ្លូវទឹក​គឺមាន​ភាពចាំបាច់​ព្រោះ​ក្រៅពី​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​និង​កកស្ទះ​តាមផ្លូវ​ថ្នល់​គឺ ​វា​មានតម្លៃ​ទាប​ជាងគេ​ទៀតផង​។​លោក​បន្តថា​អ្វីដែល​ពិសេស​នោះ​គឺ​គម្រោង​នេះ​នឹង​ធ្វើឱ្យ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក​ពី​ភ្នំពេញ​ទៅ​សមុទ្រ​មិនចាំបាច់​ឆ្លងកាត់​ប្រទេស​គេ ​(​វៀតណាម​) ​ដូច​ពីមុន​ឡើយ​។​

​លោក​លើកឡើងថា​៖«​គម្រោង​នេះ​នឹង​ផ្តល់​ផលចំណេញ​ច្រើន​សម្រាប់​សេដ្ឋកិច្ ច​ដូច្នេះ​បើ​សាងសង់​កាន់តែ​ឆាប់​គឺ​កាន់តែ​ល្អ​»​។​

​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​ក្នុង​ឆ្នាំ ​២០២២​ មាន​ប្រមាណ​ ៥២,៤២​ ពាន់​លាន​ដុល្លារ​កើនឡើង ​៩,២​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។​ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន​ ២២,៤៨ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ១៦,៤​ភាគរយ ​និង​ការនាំ​ចូល​មាន​ចំនួន ​២៩,៩៤​ ពាន់​លាន​ដុល្លារ ​កើនឡើង​ ៤,៣​ភាគរយ​។ ​នេះ​បើតាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ​ និង ​រដ្ឋាករ​កម្ពុជា​៕