បន្ទាយមានជ័យៈ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ សម្រេចបាន ៨០ ភាគរយហើយ ខណៈអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូន រំពឹងថា នៅពេលបើកឱ្យដំណើរការ ច្រកព្រំដែនថ្មីនេះ នឹងធ្វើឱ្យមានសកម្មភាពសេដ្ឋកិច្ចនិងទេសចររវាងប្រទេសកម្ពុជានិងថៃមានលក្ខណៈកាន់តែប្រសើរ។
លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ តាមរយៈហ្វេសប៊ុករបស់លោក បានឱ្យដឹងថា គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៨០ភាគរយ ដែលក្នុងនោះរួមមាន អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រផងដែរ។
លោកបញ្ជាក់ថា៖«បន្ទាប់ពីបានពិនិត្យលើបទបង្ហាញ និងវឌ្ឍនភាពការងារនានាទាក់ទងនឹងគម្រោងខាងលើ ធនាគារពិភពលោកបានលើកឡើងពីនីតិវិធី និងការសម្របសម្រួលការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់តាមព្រំដែន យើងឃើញថា តាមរយៈការអនុវត្តអនុស្សរណៈ និងកិច្ចព្រមព្រៀងផ្សេងៗ នឹងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូននៅក្នុងប្រទេស និងតំបន់»។
ជាមួយគ្នានេះ លោក ស៊ិន ចន្ធី ប្រធានសមាគមស្តុ័ភារកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ថា ច្រកទ្វារព្រំដែនស្ទឹងបត់នេះ ជាច្រកសំខាន់ណាស់ ដែលអ្នកនៅក្នុងវិស័យដឹកជញ្ជូន ត្រូវការជាយូរមកហើយ ព្រោះថា កន្លងទៅទាំងការដឹកជញ្ជូនទំនិញ និងការចេញចូលរបស់អ្នកដំណើរ និងអ្នកទេសចរ គឺទៅតាមច្រកតែ១(ច្រកអារញ្ញប្រាថេត-ប៉ោយប៉ែត) ដែលធ្វើឱ្យចង្អៀតកកស្ទះ។
លោកបញ្ជាក់ថា៖«នេះជាការរៀបចំយ៉ាងប្រសើរពីសំណាក់អាជ្ញាធរប្រទេសទាំង២ ដែលអាចកាត់បន្ថយការកកស្ទះ សម្រាប់ការចរាចររថយន្តដឹកទំនិញធំៗ ដោយសារ មានការបែងចែកច្រកចេញចូលទំនិញ និងច្រកអ្នកដំណើរផ្សេងពីគ្នា ធ្វើឱ្យចំណេញពេលវេលា»។
លោកបន្ថែមថា ខាងវិស័យឯកជន កំពុងទន្ទឹងរង់ចាំពីការអនុញ្ញាតឱ្យបើកច្រកនេះជាបណ្តោះអាសន្នសិនដែរ ព្រោះថា បច្ចុប្បន្នច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានភាពមមាញឹកខ្លាំងណាស់។
លោកបានបញ្ជាក់ថា៖«ថ្វីត្បិត បច្ចុប្បន្នការដឹកជញ្ជូនទំនិញទៅតាមច្រកប៉ោយប៉ែតនេះ មិនទាន់ចោទជាបញ្ហាខ្លាំងមែន តែការបើកច្រកស្ទឹងបត់-បាណងអៀន ជាបណ្តោះអាសន្ន នោះ នឹងធ្វើឱ្យការដឹកជញ្ចូន កាន់តែប្រសើរឡើង ហើយសកម្មភាពដឹកជញ្ជូននឹងលឿនរហ័សជាងមុន ចំណេញពេលវេលា និងជំរុញឱ្យការដោះដូរទំនិញរវាងកម្ពុជានិងថៃ កាន់តែមានកំណើន»។
គួរជម្រាបថា ការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd& Tan Kim EngCo.,Ltdនិងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ ក្រោមឥណទានពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) ដែលនឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣នេះ៕