![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/field/image/topic_19._cambodian_aquaculture_association_and_fishery_administration_urge_fish_farmers_to_share_experiences_at_battambang_on_feb_20_2023_by_supplied_4.jpg)
ទិដ្ឋភាពកន្លែងចិញ្ចឹមត្រីបែបពាណិជ្ជក្នុងតំបន់១កន្លែងនៃខេត្តបាត់ដំបង។ រូបថត សហការី
ភ្នំពេញៈ សមាគមវារីវប្បករនៅកម្ពុជា និងមន្ត្រីរដ្ឋបាលជលផល បានសហការគ្នាដឹកនាំ ក្រុមកសិករចិញ្ចឹមត្រីនៅស្រុកស្អាង ខេត្តកណ្តាលទៅទស្សនកិច្ចសិក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្របច្ចេកទេសចិញ្ចឹមត្រីបែបពាណិជ្ជកម្មនៅខេត្តបាត់ដំបង ក្នុងរយៈពេល៣ថ្ងៃដើម្បីជួយពង្រឹងផលិតកម្មរវាងគ្នាទៅវិញទៅមកនៅក្នុងវិស័យវារីវប្បកម្មនេះ។
លោក ឡែមផូរ វរិទ្ធិ មន្ត្រីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់ឱ្យដឹងថា គោលបំណងសំខាន់នៃទស្សនកិច្ចនោះគឺ ដើម្បីសមាជិករបស់សមាគម ដែលជាកសិករអ្នកចិញ្ចឹមត្រី ភ្ជាប់បណ្តាញគ្នា ក្នុងការផ្គត់ផ្គង់ពូជ និងបច្ចេកទេសនៃការភ្ញាស់កូនត្រី ឱ្យគ្នាទៅវិញទៅមក ខណៈខេត្តបាត់ដំបងជាខេត្តដែលមានភាពរីកចម្រើនខ្លាំងដែរលើផ្នែកចិញ្ចឹមត្រី និងភ្ញាស់កូនត្រីនេះ។
លោកបានបន្ថែមថា ការចិញ្ចឹមត្រីបែបពាណិជ្ជកម្មនៅខេត្តបាត់ដំបង មានលក្ខណៈរីកចម្រើនខ្លាំងណាស់ដោយពួកគាត់ភាគច្រើនចិញ្ចឹមត្រីឆ្តោ ត្រីទីឡាព្យាក្រហម ត្រីប្រា ត្រីពោ។
លោកឡែមផូរ វរិទ្ធិ បានបញ្ជាក់ថា៖ «បើនិយាយពីការចិញ្ចឹមត្រីលក្ខណៈពាណិជ្ជកម្ម បាត់ដំបងជាប់ចំណាត់ថ្នាក់លេខ៣ នៅក្នុងប្រទេស ខណៈលេខ១នៅខេត្តកំពង់ចាម និងលេខ២នៅខេត្តកណ្តាល។ ការចិញ្ចឹមត្រីលក្ខណៈពាណិជ្ជកម្ម មាននៅស្ទើរទូទាំងប្រទេស ប៉ុន្តែខេត្តដែលសម្បូរអ្នកចិញ្ចឹមច្រើន គឺជាខេត្តដែលស្ថិតនៅជុំវិញបឹងទន្លេសាបនិងទន្លេមេគង្គ»។
លោក ជួន ធួក មេក្រុមដឹកនាំកសិករ ទៅទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្របច្ចេកទេចិញ្ចឹមត្រីបែបពាណិជ្ជកម្ម នៅខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចេកទេសចិញ្ចឹមត្រីរបស់កសិករនៅខេត្តបាត់ដំបង មានលក្ខណៈស្រដៀងនឹងខេត្តកណ្តាលដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកចិញ្ចឹមត្រីនៅក្នុងខេត្តនេះ ទទួលបានជោគជ័យខ្លាំងនោះ គឺការចងក្រងគ្នាជាប្រព័ន្ធរវាងកសិករចិញ្ចឹមត្រីនៅក្នុងខេត្ត។
លោកបានបន្ថែមថា ក្រុមកសិករនៅខេត្តកណ្តាលនៅមានភាពរប៉ាត់រប៉ាយនៅឡើយ មិនមានការចងក្រងជាប្រព័ន្ធឱ្យបានច្បាស់លាស់នៅឡើយទេ ទើបធ្វើឱ្យការផលិតពូជត្រី និងចិញ្ចឹមត្រី ជួបបញ្ហាមួយចំនួនដូចជា ការប្រមូលផលព្រមៗគ្នា ដែលបណ្តាលឱ្យលើសតម្រូវការទីផ្សារ និងរៀនសូត្របច្ចេកទេសចិញ្ចឹមត្រីតៗគ្នា ដោយមិនមានបច្ចេកទេសច្បាស់លាស់ជាដើម។
លោកជួន ធួក ថ្លែងថា៖ «អ្នកចិញ្ចឹមនៅខាងស្អាងនេះ មានច្រើនគួរសមដែរ ប៉ុន្តែយើងជួបការលំបាកមួយចំនួន ដោយសារតែយើងមិនទាន់បានចងក្រងគ្នាជាប្រព័ន្ធនៅឡើយ ដូច្នេះយើងពិបាកក្នុងការគ្រប់គ្រងទិន្នន័យត្រី ដែលធ្វើឱ្យពេលខ្លះត្រីថោកពេក ឬថ្លៃពេក។ខាងបាត់ដំបងគេធ្វើបានជោគជ័យណាស់ព្រោះគេស្រុះស្រួលគ្នាបានល្អក្នុងការចងក្រងគ្នាជាបណ្តុំជាមួយកសិករចិញ្ចឹមត្រី អ៊ីចឹងគេមានព័ត៌មានច្បាស់លាស់ពីបច្ចេកទេសចិញ្ចឹមត្រី និងពីតម្រូវការទីផ្សារ គេអាចលក់បានវិលជុំរហូត។ដូចនេះខ្ញុំយល់ថា ការចងក្រងគ្នាជាបណ្តុំកសិករនេះមានសារៈសំខាន់ណាស់»។
ចំណែក លោក ថៃ ចាន់ណារិទ្ធ មន្ត្រីរដ្ឋបាលជលផល ដែលបានចុះទៅទស្សនកិច្ចជាមួយសមាគមវារីវប្បករកម្ពុជា និងកសិករអ្នកចិញ្ចឹមត្រីដែរនោះបានប្រាប់ថា ទស្សនកិច្ចនេះ គឺដើម្បីបង្ហាញដល់កសិករ និងនិស្សិតផ្នែកជលផលនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម អំពីរបៀបក្នុងការចិញ្ចឹមត្រីតាមបែ ជាពិសេសការចិញ្ចឹមត្រីទីឡាព្យាក្រហមក្នុងស្រះ។
លោកបានបន្ថែមថា ខាងជលផល តែងជួយដល់កសិករចិញ្ចឹមត្រី ក៏ដូចជាវារីវប្បករទាំងអស់ ពីបច្ចេកទេសចិញ្ចឹម ហើយរដ្ឋបាលជលផល តែងតែលើកទឹកចិត្តអ្នកចិញ្ចឹមទាំងអស់ឱ្យមានកត់ត្រាផ្សេងៗចាប់តាំងពីការដាក់កូនត្រីដំបូង រហូតដល់ការប្រមូលផលត្រី។
លោក ចាន់ណារិទ្ធ បានបញ្ជាក់ថា៖«ការណ៍ដែលឱ្យកសិករព្យាយាមកត់ត្រានូវរាល់សកម្មភាពនានាក្នុងការចិញ្ចឹមត្រីនេះ គឺដើម្បីដឹងពីចំណុចខ្វះខាត រួចកែតម្រូវវា បន្ទាប់មកយើងអាចអភិវឌ្ឍបន្ថែម ដើម្បីអនុវត្តនៅពេលក្រោយឱ្យបានល្អ។ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា កសិករយើងមានការអភិវឌ្ឍសមត្ថភាពរបស់គាត់បានច្រើនមែនទែន ដោយគាត់បានយកចិត្តទុកដាក់ និងអនុវត្តតាមកែណែនាំរបស់មន្ត្រីបច្ចេកទេសអ្នកជំនាញបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យការចិញ្ចឹមទទួលផលបានច្រើនជាងមុនដែរ»។
យោងតាមរបាយការណ៍ពីរដ្ឋបាលជលផលបានបង្ហាញថា ក្នុងឆ្នាំ២០២២ ការចិញ្ចឹមត្រីអនុវត្តបានចំនួន៣៣០ ៦០០តោន ស្មើ៩១,៨៣% នៃផែនការ៣៦០ ០០០តោន ប្រៀបធៀបរយៈពេលដូចគ្នាថយចុះចំនួន១៧ ៧៥០តោន។ នៅក្នុងនោះបានបង្កើតស្រះជម្រកត្រីសហគមន៍ចំនួន៩២៩កន្លែង ក្នុងនោះខេត្តកំពង់ស្ពឺមានចំនួនច្រើនជាងគេរហូតដល់១៨០កន្លែង បានបង្កើតបណ្ដុំវារីវប្បករចំនួន៣៣១កន្លែង មានសមាជិកចំនួន១០ ៨០៦នាក់ (ស្រី្ត២ ៩១២នាក់)។ បានរៀបចំបណ្តុះបណ្តាលអំពីការអនុវត្តវារីវប្បកម្មល្អដល់កសិដ្ឋានចំនួន៨កសិដ្ឋាន និងបានចេញលិខិតអនុញ្ញាតឱ្យធ្វើវារីវប្បកម្មបានចំនួន៣៥ច្បាប់៕