នៅ​ថ្ងៃទី​ ១៩ ខែកុម្ភៈ ឆ្នាំ​ ​២០២៣ ឧបនាយករដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច បានលើកឡើង​នៅក្នុង​សេចក្តី ថ្លែងការណ៍​មួយ​ថា រដ្ឋាភិបាល​តា​លី​បង់​នឹង​ដាក់ចេញ​នូវ​ផែនការ​ប្រែក្លាយ​តំបន់​មូលដ្ឋាន​យោធា​បរទេស​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​សកម្ម ភាព​អាជីវកម្ម​ផ្សេងៗ​។​

​កាលពី​ខែធ្នូ​កន្លងទៅ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្តីទី​បាន​ប្រាប់​ព័ត៌មាន​រ៉​យ​ទ័​រ (Reuters) ថា ក្រសួងពាណិជ្ជកម្ម​កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់​លើ ផែនការ​ថ្មី​នេះ​ក្នុង​តំបន់​អតីត​មូលដ្ឋានទ័ព​អាមេរិក ហើយនឹង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ ផ្សេងៗ​ដើម្បី​ដាក់ជូន​ទៅកាន់​គណៈកម្មាធិកា​រ​សេដ្ឋកិច្ច​ទាំង ​២ ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ស្តីទី​លោក ​Mullah Abdul Ghani Baradar និង​បន្ត​ដាក់ជូនទៅ​គណៈរដ្ឋមន្ត្រី​ដើម្បី​ធ្វើការ​អនុ ម័ត​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ស្តីទី​រូបនេះ បាន​មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​បន្ទាប់ពី​ការពិភាក្សា​យ៉ាងសកម្ម និង​គ្រប់​ជ្រុងជ្រោយ​រួចមក គម្រោង​នេះ​ត្រូវបាន​សម្រេច​ថា ក្រសួង​ឧស្សាហក​ម្ម និង​ពាណិជ្ជកម្ម​នឹង​បន្ត​មើល​ការខុសត្រូវ​ទៅលើ​មូល ដ្ឋា​ន​យោធា​បរទេស​ទាំងអស់​ដែល​នៅ​ទំនេរ ដើម្បី​បំប្លែង​តំបន់​ទាំងនោះ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​»​។

​លោក​បាន​បន្ថែមថា​៖ «​ផែនការ​សាកល្បង នឹង​ចាប់ផ្តើម​ផ្លាស់ប្តូរ​មូលដ្ឋាន​យោធា​ដែល​ស្ថិតនៅ​រដ្ឋធានី​កា​ប៊ុល និង នៅ​ភាគ​ខាងជើង​ខេត្ត​បាល់​(Balkh)»​។​

​នៅពេលដែល​បាន​សាកសួរ​អំពី​ស្ថានភាព​នៃ​អតីត​ទីតាំង​យោធា​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក លោក Zabihullah Mujahid អ្នកនាំពាក្យ​របស់​ក្រុម​តា​លី​បង់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ VOA ថា​«​ពិតមែន​ហើយ មូលដ្ឋាន​យោធា​បាហ្រ្គា​ម (Bagram)​​ ស្ថិត​ក្នុងចំណោម​មូលដ្ឋាន​យោធា​ដែល​កំពុង​ត្រូវបាន​បំប្លែង​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រោម ផែនការ​ដែល​បានបង្ហាញ​នៅថ្ងៃនេះ​»​។​

​សូម​ជម្រាប​ដែរ​ថា មូលដ្ឋានទ័ព​ប្រា​ហ្គា​ម ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា ៧០ ​គីឡូម៉ែត្រ​ភាគ​ខាងជើង​នៃ​ទីក្រុង​កា​ប៊ុល ​(Kabul)​។​

​អស់​រយៈពេល​ជិត ២០​ ឆ្នាំ​ហើយ​ដែល​ទីតាំង​នេះ ត្រូវបាន​បម្រើការ​ជា​មជ្ឈមណ្ឌល​សរ សៃ​ប្រសាទ​នៃ​បេសកកម្ម​ប្រឆាំង ភេរវកម្ម​របស់​សហ​រដ្ឋ​អាមេរិក​ប្រឆាំងនឹង​ប្រតិបត្តិការ​អាល់កៃ​ដា​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន និង​ប្រតិបត្តិការ​យោធា​ប្រឆាំងនឹង​ក្រុម តា​លី​បង់​ដែល​បះបោរ​នៅពេលនោះ​។​

​គួរ​រំឭក​ដែរ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ជួប​ជាមួយនឹង​បញ្ហា​ប្រឈម​ជាច្រើន​មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីភ្នាក់ងារ​ផ្តល់ជំនួយ កំពុង​ព្រមាន​អំពី​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​ចាប់តាំងពី​ក្រុម​តា​លីបង់ បាន​ចូល​កាន់កាប់​ក្នុង​ឆ្នាំ​ ២០២១ ខណៈដែល​កងទ័ព​បរទេស​បាន​ដកខ្លួន​ចេញ​ក្រោយពី​សង្គ្រាម​រយៈពេល ២០ ​ឆ្នាំ​។​

​ការចូល​កាន់កាប់​រប​ស់​ក្រុម​តា​លី​បង់​នេះ បាន​ជំរុញ​ឱ្យមានការ​កាត់ផ្ដាច់​មូល​និ​ធិ​អភិវឌ្ឍន៍​ជាច្រើន ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ធនាគា​រ​កណ្តាល​ដែល​គ្រប់គ្រង​ដោយ​បរទេស និង​ការដាក់ទណ្ឌកម្ម​លើ​វិស័យ​ធនាគារ​ទៀតផង​។​

​ម្យ៉ាងវិញទៀត កាលពី​ឆ្នាំមុន ការសម្រេចចិត្ត​របស់​រដ្ឋបាល​តា​លី​បង់​ក្នុង​ការរារាំង​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​ជា​ស្ត្រី​ភាគច្រើន​មិនឱ្យ​ចូល​បម្រើការងារបាន​ជំរុញ​ឱ្យ​ភ្នាក់ងារ​ជំនួយ​ជាច្រើន​ផ្អាក​ប្រតិបត្តិការ​មួយផ្នែកធំ​របស់​ពួកគេ ខណៈដែល​មនុស្ស​នៅក្នុង​ប្រទេស​រាប់លាន​នាក់​នៅតែ​ពឹង​ផ្អែកលើ​ជំនួយ​មនុស្សធម៌​។​

​គួរ​បញ្ជាក់ថា ក្រុម​តា​លី​បង់​បាន​លើកឡើងថា ពួកគេ​កំពុង​ផ្តោតលើ​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង តាមរយៈ​ពាណិជ្ជកម្ម និង​ការ​វិ​និយោគ​ផ្សេងៗ​។​

វិនិយោគិន​បរទេសមួយ ចំនួន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការវាយប្រហារ​ជា​បន្តបន្ទាប់ រួមទាំង​នៅក្នុង​សណ្ឋាគារ​ដ៏​ពេញនិយម​មួយ ដែល​ពោរពេញ​ទៅដោយ​ពាណិ​ជ្ជ​ករ​ចិន​។​

​ទោះជា​យ៉ាងណាក៏ដោយ ធនាគារពិភពលោក​ក៏បាន​កត់សម្គាល់​ផងដែរ​ថា ការនាំចេញ​បាន​កើនឡើង ហើយ​រដ្ឋបាល​របស់​តា​លី​បង់​បាន​គ្រប់គ្រង​កំណើន​នេះ​បានល្អ ដោយ​រក្សា​ប្រាក់ចំណូល​បាន​យ៉ាងច្រើន​កាលពី​ឆ្នាំ​ ២០២២៕