ភ្នំពេញៈ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ច្បាស់ថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ (SAI) ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់កម្ពុជា ដែលនឹងពន្លឿនចក្ខុវិស័យ និងបេសកកម្មក្នុងការពង្រឹង និងពង្រីកសេវាដឹកអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ខណៈបម្រើដល់លំហូរចូលនៃការស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរបរទេស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។
ការអត្ថាធិប្បាយនេះបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្នែកបច្ចេកទេសរបស់លោក និងណែនាំដល់ក្រុមការងារនៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ (SAI) កាលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) គិតដល់ពេលនេះ (ខែកុម្ភៈ) ការងារសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ (SAI) សម្រេចបាន ៧៥ ភាគរយនៃការងារទាំងមូល និងចំណាយសរុប ៦២០ លានដុល្លារ(តួលេខនៃការវិនិយោគសរុបកើនពី ៨៨០ លានដុល្លារកាលពីឆ្នាំ ២០១៩ ដល់ ១ ១០០ លានដុល្លារក្នុងឆ្នាំ២ ០២២)។
ការកសាងគម្រោងទាំងមូលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ ២០២៣ ហើយបើសិនគ្មានអ្វីប្រែប្រួល ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ (SAI) នឹងបើកដំណើរការ និងប្រតិបត្តិការនៅខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមក្រុមហ៊ុន AIAI។
លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ក្នុងស្ថានភាពពិភពលោកបច្ចុប្បន្ន ដែលឧស្សាហកម្មអាកាសចរណ៍កំពុងទទួលបានការស្ទុះងើបឡើងវិញមិនស្មើគ្នាពីការរីករាលដាលជំងឺកូវីដ ១៩ ឧស្សាហកម្មមួយនេះ ក៏កំពុងស្ទុះងើបឡើងវិញ និងបន្តរីកចម្រើនជាវិជ្ជមាន ជារួមនៅឆមាសទី ២ ឆ្នាំ ២០២២។
លោកបន្តថា ប្រទេសជាច្រើនបានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ និងបើកប្រទេសរបស់ពួកគេឡើងវិញ រួមទាំងប្រទេសមួយចំនួនធំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ដែលនឹងជំរុញ និងបង្កើនការស្ទុះងើបឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍ ដោយគេរំពឹងថា ឧស្សាហកម្មនេះ នឹងឈានដល់កម្រិតធម្មតាដូចឆ្នាំ ២០១៩ វិញក្នុងឆ្នាំ ២០២៣-២០២៤ ខាងមុខ។
លោកបញ្ជាក់ថា៖« ជាមួយនឹងការស្ទុះងើបឡើងវិញជាបន្តបន្ទាប់នៃការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងស្រុក អន្តរជាតិ ក្នុងតំបន់ និងពិភពលោក រួមជាមួយនឹងភាពប្រសើរនៃសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលស្ទុះងើបវិញលឿនជាងការរំពឹងទុកនៅឆ្នាំ ២០២១ ហើយជាមួយការវិលត្រឡប់មករកភាពប្រក្រតីវិញ ពិសេសវិស័យទេសចរណ៍ មានការបង្កើនឱកាសការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវអាកាស»។
លោក ហាវណ្ណាល់ បានលើកឡើងទៀតថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បង្ហាញសញ្ញាវិជ្ជមានសម្រាប់ការលើកកម្ពស់កំណើន និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ពិសេសការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ដែលវិស័យឯកជននាំមកនូវបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមការអនុវត្តល្អបំផុតជាអន្តរជាតិ ដើម្បីរួមចំណែកដល់ការផ្តល់សេវាសាធារណៈ ក៏ដូចជាការគ្រប់គ្រងហានិភ័យ និងការកាត់បន្ថយការចំណាយរបស់រដ្ឋ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២១ ខែកុម្ភៈថា ព្រលានយន្តហោះនេះ នឹងដើរតួនាទីសំខាន់ក្នុងការស្វាគមន៍ជើងហោះហើរផ្លូវឆ្ងាយ ហើយនឹងបង្វែរទិសដៅរបស់ប្រទេសនេះទៅកាន់តំបន់ និងពិភពលោក។
លោកថ្លែងថា៖ «ប្រសិនបើព្រលានយន្តហោះនេះអាចដំណើរការបានក្នុងឆ្នាំនេះ វានឹងជាកម្លាំងជំរុញមួយ ក្នុងការផ្តល់ជម្រើសកាន់តែច្រើន សម្រាប់អ្នកធ្វើដំណើរ ដោយសារវាកំពុងងើបឡើងវិញបន្តិចម្តងៗ នៅពេលនេះ។ ទន្ទឹមនឹងនោះ យើងសង្ឃឹមថាព្រលានយន្តហោះនេះនឹងតភ្ជាប់ទៅគោលដៅកាន់តែច្រើនក្នុងការនាំមកប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន»។
ព្រលានយន្តហោះនេះបានចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ ដោយមានផ្ទៃដីទំហំ ៧០០,០៦ហិកតា និងបែងចែកជា ៣ ដំណាក់កាល មានទុនវិនិយោគ ៨៨០ លានដុល្លារ ក្នុងនោះទឹកប្រាក់ជាង ៥០០ លានដុល្លារត្រូវចំណាយក្នុងដំណាក់កាលទី ១ និងទី ២។
ព្រលានយន្តហោះនេះ ស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគមខាងកើតក្រុងសៀមរាប ហើយបើតាមសេចក្ដីរាយការណ៍ វាអាចទទួលអ្នកដំណើរបានប្រមាណ ៧ លាននាក់នៅក្នុងឆ្នាំដំបូងៗ, ចំនួន ១០ លាននាក់នៅឆ្នាំ ២០៣០ និង ២០ លាននាក់នៅឆ្នាំ ២០៥០។ ដូចគ្នានេះដែរសមត្ថភាពដឹកទំនិញប្រចាំឆ្នាំ ក៏ត្រូវបានគេរំពឹងថា នឹងកើនឡើងពី ១០ ០០០ តោន នៅឆ្នាំដំបូងដល់ ៦០ ០០០ តោន នៅឆ្នាំ ២០៥០៕