ភ្នំពេញៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា បានលើកឡើងថា វិនិយោគិនជប៉ុនជានិច្ចកាលតែងផ្ដល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា និងបានស្នើឱ្យពួកគេចូលមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការចម្រុះកម្ពុជាជប៉ុន ដែលបានរៀបចំនៅទីស្តីការរបស់ CDC កាលពីថ្ងៃទី ២១ ខែកុម្ភៈ ដោយមានការចូលរួមពីសំណាក់ភាគីជប៉ុន លោក Atsushi UENO ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនទៀត។
ជាកិច្ចចាប់ផ្តើម លោក ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ជប៉ុននៅកម្ពុជា ដែលកំពុងដើរតួនាទីសំខាន់ក្នុងការរួមចំណែកធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ រាជរដ្ឋាភិបាលបានប្ដេជ្ញាកែលម្អនីតិវិធីរដ្ឋបាលទាំងឡាយក្នុងគោលបំណងធ្វើឱ្យកម្ពុជាក្លាយជាផ្នែកមួយនៃខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
លោកឱ្យដឹងទៀតថា រដ្ឋាភិបាលនឹងខិតខំបន្ថែមទៀតក្នុងការពន្លឿនការស្តារឡើងវិញ និងការពង្រឹងភាពធន់នៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតបរិស្ថានអនុគ្រោះសម្រួលដល់ការវិនិយោគ ព្រមទាំងការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគ និងការដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក។
លោកថ្លែងថា៖ «វិនិយោគិនជប៉ុនជានិច្ចកាលតែងផ្ដល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការសម្រេចចិត្តវិនិយោគ»។
ឯកអគ្គរដ្ឋទូតជប៉ុន លោក Atsushi UENO បានលើកឡើងថា ទំនាក់ទំនងកម្ពុជាជប៉ុន បានកើតឡើង ៧០ ឆ្នាំមកហើយ ដោយបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំង ២ កាន់តែល្អជាលំដាប់ រហូតក្លាយជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ កិច្ចប្រជុំនេះ គឺមានសារៈសំខាន់ណាស់ ខណៈរដ្ឋាភិបាលកម្ពុជា តែងផ្ដល់ឱកាសឱ្យវិនិយោគិនជប៉ុនអាចលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានាជូនរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការបកស្រាយ និងផ្តល់ដំណោះស្រាយឈ្នះឈ្នះ សម្រាប់ភាគីរដ្ឋាភិបាល និងវិស័យឯកជន។
លោក Atsushi UENO បញ្ជាក់ថា៖ «យើងប្ដេជ្ញាបន្តចូលរួមសហការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុន មកកម្ពុជា និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំបន្ថែមទៀត»។
លោក Yogo Kanda ប្រធានសមាគម JBAC ក៏បានលើកឡើងពីតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងស្ថិរភាពនយោបាយកម្ពុជា ដោយលោកមានក្តីសោមនស្សក្នុងនាមតំណាងក្រុមហ៊ុនជប៉ុនដែលកំពុងមានប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោកអះអាងថា៖ «ភាពជោគជ័យរបស់ធុរជន និងវិនិយោគិនជប៉ុននៅកម្ពុជានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការទាក់ទាញធុរជន និងវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជា»។
សេចក្តីប្រកាសព័ត៌មានរបស់ CDC ឱ្យដឹងថា ក្នុងកិច្ចប្រជុំខាងលើ គឺមានប្រធានបទសំខាន់ៗចំនួន ៣ ដែលត្រូវបានលើកយកមកពិភាក្សា រួមមាន បញ្ហាថាមពល, ពន្ធដារ, ភ័ស្តុភារកម្ម។
ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០៧ កិច្ចប្រជុំទ្វេភាគីនេះគឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគត្រូវបានរៀបចំឡើងជាទៀងទាត់រៀងរាល់ ៦ ខែម្តងចាប់តាំងពីឆ្នាំ ២០០៩ មក។
យោងតាម CDC គិតត្រឹមដំណាច់ខែមករា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យគម្រោងវិនិយោគជប៉ុនចំនួន ១៥០ ក្នុងទុនវិនិយោគប្រមាណ ២,៩ ពាន់លានដុល្លារ ក្នុងនោះគម្រោងលេចធ្លោ រួមមាន ផ្សារទំនើប, គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត, រោងចក្រផលិតម៉ូទ័រខ្នាតតូច, ឧបករណ៍អគ្គិសនី និងគម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យ ជាដើម៕