ភ្នំពេញៈ សាធារណរដ្ឋកូរ៉េសន្យាថានឹងបង្កើនកូតាទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េឱ្យបានលើស ១ ម៉ឺននាក់នៅក្នុងឆ្នាំ ២០២៣។នេះបើតាមការបញ្ជាក់នៅក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងលោក UHSOOBONG អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េពីថ្ងៃទី ២០ ខែកុម្ភៈ។
លោក UH SOOBONG បានបញ្ជាក់ជូនរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេសដែលចប់អាណត្តិការងារនៅកូរ៉េដែលជាការជួយពួកគេបន្ថែមនៅពេលត្រឡប់មកស្រុកកំណើតវិញ។
លោកបានបញ្ជាក់ថា៖ «កម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។ ភាគីកូរ៉េសន្យាផ្តល់កូតាជូនពលករកម្ពុជាជាង១ម៉ឺននាក់ទៀតហើយតាមរយៈការវាយតម្លៃពីភាគីកូរ៉េឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម»។
នៅក្នុងជំនួបនោះ លោក អ៊ិត សំហេង បានលើកឡើងថា បើទោះស្ថិតក្នុងដំណាក់កាលកូវីដ ១៩ ក្តី ក៏សាធារណរដ្ឋកូរ៉េនៅតែបន្តជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅទីនោះ ព្រមទាំងមើលថែទាំ និងគាំពារពលករកម្ពុជាបានយ៉ាងល្អទៀតផង។ ម្យ៉ាងវិញទៀត នៅពេលពលករកម្ពុជាវិលត្រឡប់ពីកូរ៉េវិញ ពួកគាត់មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ច ជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះក្លាយជាសហគ្រិន និងជាអ្នកវិនិយោគដ៏ល្បីល្បាញ។
លោកថា៖ «កម្ពុជាពិតជាអរគុណដល់ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េដែលបានយកចិត្តទុកដាក់ផ្តល់ការងារជូនពលករកម្ពុជាបានល្អដោយនៅឆ្នាំ ២០២៣ នេះភាគីកូរ៉េសន្យាផ្តល់កូតាជូនពលករកម្ពុជាជាង១ម៉ឺននាក់ទៀត តាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលនឹងជ្រើសរើសពលករកម្ពុជាដែលមានសមត្ថភាពនិងឧស្សាហ៍ព្យាយាម ក្នុងការបំពេញការងារជូននិយោជកកូរ៉េឱ្យកាន់តែមានផលិតភាពខ្ពស់»។
ចំពោះគម្រោងជួយបណ្តុះបណ្តាលជំនាញដល់ពលករបរទេសដែលចប់អាណត្តិការងារដែលភាគីកូរ៉េសន្យាជួយបន្ថែមនោះគឺជាដំណឹងដ៏ល្អមួយទៀតសម្រាប់ពលករកម្ពុជាដែលពួកគាត់អាចទទួលបានការបណ្តុះបណ្តាលជំនាញដ៏ជាក់លាក់មួយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានថ្លែងថា ជាការគួរឱ្យសាទរដែលភាគីកូរ៉េសម្រេចបង្កើនកូតាពលករកម្ពុជាទៅធ្វើការនៅកូរ៉េ ដោយសារតែពលរដ្ឋកម្ពុជាភាគច្រើនមានចំណាប់អារម្មណ៍ខ្លាំងក្នុងការធ្វើការនៅប្រទេសនោះ ក្នុងនាមជាប្រទេសដែលផ្តល់ប្រាក់បៀវត្សរ៍ច្រើនជាងប្រទេសដទៃដល់ពលករបរទេស។
លោកបានបន្ថែមថា ពលរដ្ឋកម្ពុជាទៅធ្វើការនៅកូរ៉េទទួលបានប្រាក់ចំណូលច្រើន និងទទួលបានបទពិសោធន៍ការងារពីប្រទេសមួយដោយកន្លងទៅមានពលករមកពីកូរ៉េជាច្រើនមានជីវភាពធូរធារ និងមានដើមទុនដើម្បីធ្វើអាជីវកម្មខ្លួនឯងបាននៅពេលត្រឡប់មកពីកម្ពុជាវិញ។
លោកបានបញ្ជាក់ថា៖ «យើងឃើញបងប្អូនពលករយើងជាច្រើនដែលគាត់បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនក្រោយពីត្រឡប់មកពីកូរ៉េវិញ ជាពិសេសអ្នកនៅផ្នែកកសិកម្មដូចជាការដាំដុះបន្លែតាមទំនើប និងធម្មជាតិជាដើម។ ពួកគាត់បានប្រើចំណេះជំនាញ និងបទពិសោធន៍ ដែលបានពីការធ្វើការ និងយល់ដឹងនៅប្រទេសកូរ៉េ មកអនុវត្តនៅស្រុកកំណើត។ ម្យ៉ាងវិញទៀត ប្រាក់ចំណូលរបស់ពលករកម្ពុជាយើងបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមផងដែរ»។
លោក ថៃ វិមាន ជាពលករកម្ពុជាដែលកំពុងធ្វើការផ្នែកឧស្សាហកម្មនៅខេត្តឃ្យង់គីដូសាធារណរដ្ឋកូរ៉េ បានថ្លែងថា លោកទើបតែបានបញ្ចប់ការសិក្សាលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្ថែមពីមជ្ឈមណ្ឌលសិក្សាវិជ្ជាជីវៈរបស់កូរ៉េដោយការរៀននេះមានការឧបត្ថម្ភដោយផ្ទាល់ពីរដ្ឋាភិបាលកូរ៉េ។
លោកបានប្រាប់ថា ជំនាញដែលលោករៀនបន្ថែមនោះគឺផ្នែកចម្អិនអាហារដែលត្រូវការបណ្តុះបណ្តាលរយៈពេល ១០ សប្តាហ៍ ហើយ រាល់ការចំណាយផ្សេងៗរបស់ពលករដែលទៅរៀនរៀងរាល់ចុងសប្តាហ៍ ដូចជា ថ្លៃធ្វើដំណើរ និងប្រាក់ឧបត្ថម្ភបន្ថែម ជាបន្ទុករបស់រដ្ឋាភិបាលកូរ៉េ។ លុះដល់ពេលបញ្ចប់ មជ្ឈមណ្ឌលសិក្សាវិជ្ជាជីវៈរបស់កូរ៉េនឹងមានចេញវិញ្ញាបនបត្រជូនដល់អ្នកដែលបានឆ្លងកាត់ការបណ្តុះបណ្តាលនោះ។
លោកបានបញ្ជាក់ថា៖ «ការផ្តល់ជំនាញវិជ្ជាជីវៈបន្ថែមដល់ពលករកម្ពុជា ក៏ដូចជាពលករប្រទេសដទៃទៀតនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះថា ពេលយើងចប់អាណត្តិទៅ ត្រឡប់ទៅខ្មែរវិញ យើងនឹងមានជំនាញមួយជាប់ខ្លួន ដោយយើងអាចប្រើប្រាស់ដើមទុនផ្ទាល់ខ្លួនទៅបើកមុខរបរដោយខ្លួនឯងបាន។ ប៉ុន្តែទោះជាមានការប្រឹងប្រែងជួយពីភាគីពាក់ព័ន្ធច្រើនយ៉ាងណាក៏ដោយ ក៏វាអាស្រ័យទៅលើការព្យាយាមរបស់ពលករយើងម្នាក់ៗផងដែរថា តើយើងចង់មានការរីកចម្រើនជាងនេះឬអត់?»៕