ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា និងប្រតិភូខេត្តហៃណានរបស់ចិន បានយល់ស្របលើគម្រោងក្នុងការបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាជំហានដំបូង លើកិច្ចសហប្រតិបត្តិការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ខណៈជំហានបន្ទាប់ នឹងបង្កើតឱ្យមានអនុស្សរណៈនៃ ការយោគយល់គ្នារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន លើកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្ម រវាងប្រទេសទាំង២។
ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហៃណាន កាលពីថ្ងៃទី២១ ខែកុម្ភៈ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា សាធារណរដ្ឋប្រជាមានិតចិន តែងតែមានកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងជាមិត្តដែកថែបជាមួយកម្ពុជាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅទីក្រុងព្រះសីហនុ(តំបន់សេដ្ឋកិច្ចពិសេស)។ ប្រទេសចិនបានធ្វើការគាំពារ និងផ្តល់ជំនួយលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដល់កម្ពុជា ពិសេសក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ១៩ ។
លោកបន្ថែមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំង២ មានកំណើនគួរឱ្យកត់សម្គាល់ និងកាន់តែល្អប្រសើរ បន្ទាប់ពីប្រទេសទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីឆ្នាំ២០២០ បន្ទាប់មកបានចូលជាធរមានកាលពីដើមឆ្នាំ២០២២ កន្លងទៅនេះ។
លោកថ្លែងថា៖«ការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងការអញ្ជើញបំពេញទស្សនកិច្ចនានារបស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំង២ នឹងជំរុញឱ្យសេដ្ឋកិច្ច វិនិយោគ ជាពិសេសទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២ កាន់តែរីកធំឡើងជាលំដាប់ និងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ដើម្បីជំរុញ និងបើកទីផ្សារ រវាងប្រទេសទាំង២ ដែលជាធ្នាក់ឈានដល់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍ និងបន្តដល់ទីផ្សារអន្តរជាតិ»។
លោកShen Danyang អភិបាលរងខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា គោលបំណងសំខាន់ៗនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនាពេលនេះ គឺដើម្បីផ្សព្វផ្សាយពីសក្តានុពលនៃការបង្កើតកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៥ ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ និងបន្តកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន (ខេត្តហៃណាន)។
លោកបញ្ជាក់ថា៖«ខេត្តហៃណានបានយល់ស្របលើគម្រោងក្នុងការបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា(ក្រសួងពាណិជ្ជកម្ម) និងចិន(ខេត្តហៃណាន) លើកិច្ចសហប្រតិបត្តិការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ»។
លោកបន្តថា៖«ហើយសង្ឃឹមថា នឹងមានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងមានការផ្លាស់ប្តូរទស្សនកិច្ច រវាងប្រទេសទាំង២ ជាបន្តបន្ទាប់នាពេលខាងមុខ»។
លោកលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ថា នៅថ្ងៃទី២២ ខែកុម្ភៈ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំជំនួបពិភាក្សាការងារពាណិជ្ជកម្មជាមួយគណៈប្រតិភូខេត្តហៃណាន របស់ចិនដែរ។ ភាគីទាំង២បានចុះអនុស្សរណៈយោគយល់មួយជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងខេត្តហៃណាន និងសភាពាណិជ្ជកម្មកម្ពុជា។
លោកបញ្ជាក់ថា៖«MoU រវាងក្រសួងពាណិជ្ជកម្មក៏ដោយ រវាងសភាពាណិជ្ជកម្មកម្ពុជាក៏ដោយ គឺកិច្ចព្រមព្រៀងមួយល្អ សម្រាប់ជំរុញពាណិជ្ជកម្ម ទន្ទឹមនឹងពេលដែលយើងកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនផង និង RCEP ផងនេះ ដែលជាឱកាសសម្រាប់វិស័យឯកជនទាំងសងខាងបានចាប់ដៃគូគ្នា ក្នុងការសហការលើការវិនិយោគទៅវិញទៅមក»។
លោកបន្ថែមថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូចិននេះ មានក្រុមហ៊ុនឯកជនមកពីខេត្តហៃណាន ប្រទេសចិនចំនួន៣៨ក្រុមហ៊ុន ដើម្បីមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈដែលពាណិជ្ជករកម្ពុជា មកពី៦០ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកឱកាសវិនិយោគពីភាគីចិន ក៏ដូចជាចូលរួមក្នុងការអនុវត្តកិច្ចព្រមព្រៀងសេរី រវាងប្រទេសទាំង២ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៣នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំទឹកប្រាក់៩៧២លានដុល្លារ ធ្លាក់ចុះជាង១៨ភាគរយ៕