ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានបង្ហាញការគាំទ្រចំពោះក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុន ដែលមានផែនការចង់បណ្តាក់ទុនលើការ «ដាំជីរបន្លា» ក្នុងផ្ទះសំណាញ់តាមស្តង់ដាជប៉ុន និងសម្រាប់នាំចេញទៅប្រទេសជប៉ុន។
ការគាំទ្រ និងលើកទឹកចិត្តចំពោះគម្រោងខាងលើ ត្រូវបាន លោក ឌិត ទីណា លើកឡើងក្នុងឱកាសនៃជំនួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុន មានដូចជា ក្រុមហ៊ុន Maru Co., Ltd, ក្រុមហ៊ុន CJCG Co., Ltd និងធនាគារ AFP Bank Subsidiary កាលពីថ្ងៃទី ២១ ខែកុម្ភះ នៅទីស្តីការក្រសួងកសិកម្ម។
លោក ឌិត ទីណា បានលើកឡើងថា ក្រសួងកសិកម្មសូមគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំពោះការដាំជីរបន្លាក្នុងផ្ទះសំណាញ់តាមស្តង់ដារបស់ជប៉ុន សម្រាប់នាំទៅលក់នៅទីផ្សារប្រទេសជប៉ុន ខណៈបច្ចុប្បន្នការនាំចេញកសិផលពីកម្ពុជាទៅបរទេសបង្ហាញភាពវិជ្ជមានជាបន្តបន្ទាប់។ ក្រសួងនឹងត្រៀមខ្លួនជួយជំរុញការងារនេះឱ្យសម្រេចជោគជ័យតាមផែនការគ្រោងទុក។
លោកបន្តថា ជាមួយគ្នានេះក្រសួងកសិកម្ម ក៏នឹងជួយសម្របសម្រួលរវាងកសិករ និងក្រុមហ៊ុនឱ្យកសាងទំនុកចិត្តគ្នា តាមរយៈការផ្ដល់បច្ចេកទេស ការធានានូវការវិនិយោគ ពិសេសទីផ្សារសម្រាប់កសិករនៅពេលប្រមូលផល។
លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា ក្រសួងកសិកម្មបានត្រៀមខ្លួនហើយ ដើម្បីជួយឱ្យដំណើរការនេះប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យ»។
របាយការណ៍ក្រសួងកសិកម្មបង្ហាញថា រយៈពេល ១១ ខែ ឆ្នាំ ២០២២ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុប ៥ ២២២ ០៥៦,១៩ តោន ដែលក្នុងនោះបន្លែចម្រុះ (ទៅទីផ្សារតំបន់អឺរ៉ុប និងនូវែលសេឡង់) មានចំនួន ៨៨,៣៣ តោន។
លោក សុខ យ៉ន អនុប្រធានសមាគមសុវត្ថិភាព បន្លែ ត្រី សាច់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែកុម្ភៈថា ដោយសារទីផ្សារបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំង (បន្លែមួយចំនួនត្រូវបាននាំចូលពីប្រទេសជិតខាង) និងមិនសូវមានតម្រូវការ បានធ្វើឱ្យសកម្មភាពដាំបន្លែក្នុងស្រុកមិនសូវមានច្រើនទេ។
លោកបន្តថា ដើម្បីជំរុញការដាំដុះបន្លែឱ្យបានបរិមាណកាន់តែច្រើន និងគុណភាពកម្រិតស្តង់ដា គឺទាមទារឱ្យមានការវិនិយោគជាទ្រង់ទ្រាយធំ និងមានការធ្វើកិច្ចសន្យាកសិកម្មជាដើម។ ការធ្វើបែបនេះ នឹងជួយឱ្យកសិកម្មអ្នកដាំដុះមានទំនុកចិត្តលើតម្លៃ និងទីផ្សារ។
លោកថ្លែងថា៖ «កម្ពុជាមានកត្តាអាកាសធាតុ និងគុណភាពដីល្អប្រសើរសម្រាប់ការដាំដុះ ដូច្នេះបើមានការវិនិយោគកាន់តែច្រើន វានឹងជួយបង្កើតការងារ និងប្រាក់ចំណូលឱ្យកសិករបានមួយកម្រិតថែមទៀត»។
ទាក់ទងទៅនឹងការនាំចេញ លោក សុខ យ៉ន បានប្រាប់ថា ដើម្បីនាំបន្លែទៅទីផ្សារអន្តរជាតិ និងធានានិរន្តរភាពទីផ្សារ គឺទាមទារឱ្យមានការចងក្រងជាសហគមន៍អ្នកដាំដុះ, ការធ្វើកិច្ចសន្យាកសិកម្មរវាងកសិករ និងអ្នកទទួលទិញ, ការផ្តល់ពូជ, និងបច្ចេកទេសដាំដុះជាដើម។
យោងតាម លោក សុខ យ៉ន នៅថ្ងៃទី ២៨ ខែកុម្ភៈ សមាគមរបស់លោកនឹងមានជំនួបជាមួយក្រុមហ៊ុនមកពីប្រទេសកូរ៉េ ដើម្បីពិនិត្យលទ្ធភាពក្នុងការនាំចេញផលិតផលមួយចំនួនទៅទីផ្សារកូរ៉េ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីលីន កាលពីអំឡុងខែមករា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការវិនិយោគលើការដាំដុះបន្លែដែលមានគុណភាព និងគោរពតាមគោលការណ៍សុវត្ថិភាពចំណីអាហារ គឺមិនត្រឹមតែជួយឱ្យសុខភាពប្រជាជនក្នុងស្រុកល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនផងដែរ។
គុណភាពបន្លែ ឬម្ហូបអាហារមិនល្អ នឹងធ្វើឱ្យភ្ញៀវមិនចង់ធ្វើដំណើរមកឡើយ។ លោកស្រីបន្តថា កំណើនភ្ញៀវក៏ជួយធ្វើឱ្យតម្រូវការបន្លែកើនឡើង ដែលជួយឱ្យអ្នកដាំដុះបានចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ៕