មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិកម្ពុជា បានបង្ហាញក្តីរំពឹងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិនដែលត្រូវបានរៀបចំនៅក្នុងប្រទេសកម្ពុជា នឹងរួមចំណែក ដើម្បីបើកច្រកទីផ្សារ និងទំនាក់ទំនងនៃប្រទេសទាំង២ (កម្ពុជា-ចិន ) កាន់តែទូលំទូលាយ។
លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មថ្លែងក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ហៃណាន)កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ឱ្យដឹងថា តាមរយៈវេទិកានេះប្រទេសទាំង២នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាបន្តបន្ទាប់ ដែលនាពេលខាងមុខដ៏ខ្លីនេះ នឹងមានអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា (ក្រសួងពាណិជ្ជកម្ម) និងចិន (ខេត្តហៃណាន) ជាជំហានដំបូង លើកិច្ចសហប្រតិបត្តិការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបើកច្រកទីផ្សារ និងទំនាក់ទំនងកាន់តែទូលំទូលាយ។
លោកបន្តថា ជាមួយគ្នានេះ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំង២ជាមួយកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងបន្តការសហការជួយគ្នាដើម្បីជំរុញសម្រេចទិសដៅតែមួយ ក្នុងការតភ្ជាប់ទំនាក់ទំនង ក៏ដូចជាបើកទីផ្សារចូលទៅកាន់តំបន់អាស៊ាន និងពិភពលោកផងដែរ។
លោកបន្ថែមថា មួយវិញទៀត សក្តានុពលនៃគម្រោងបង្កើតកំពង់ផែតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ ដែលស្របគ្នានឹងខេត្តហៃណាន កំពុងតែសាងសង់នូវកំពង់ផែពាណិជ្ជកម្មសេរី នឹងជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២នាពេលអនាគត លើការអភិវឌ្ឍសេដ្ឋកិច្ច កិច្ចសម្រួលពាណិជ្ជកម្ម ការស្រូបយកការវិនិយោគពីបរទេស និងជំរុញវិស័យឧស្សាហកម្ម។
លោក SHEN Danyang អភិបាលរងខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យដឹងថា សក្តានុពលនៃខេត្តហៃណាន មាននូវប្រវត្តិដ៏ស្រស់ត្រកាលជាមួយភាពយុត្តិធម៌ និងសមភាព ព្រមទាំងមានទីតាំងភូមិសាស្រ្ត និងមានភាពអំណោយផលផ្នែកទេសចរណ៍ កសិកម្ម និងបច្ចេកទេសឧស្សាហកម្ម។
លោកបន្តថា បើក្រឡេកមើលពីកាលានុវត្តភាពនៅខេត្តហៃណាន នាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ លោក ស៊ី ជីនភីង ប្រធានាធិបតីចិន បានធ្វើការកែសម្រួលគោលនយោបាយអនុគ្រោះពន្ធ ការវិនិយោគ ជាពិសេសការកសាងនូវកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។
លោកថ្លែងថា៖ «អ្វីដែលពិសេស ការពង្រីកទំនាក់ទំនងជាមួយកម្ពុជា បន្ទាប់ពីបើកប្រទេសឡើងវិញនាពេលថ្មីៗនេះ នឹងជំរុញឱ្យទំហំពាណិជ្ជកម្មសម្រាប់ការនាំចេញ-នាំចូលរវាងប្រទេសទាំង២មានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងបច្ចុប្បន្នខេត្តហៃណាន កំពុងនាំចូលផ្លែចេកស្រស់ និងម្រេចពីកម្ពុជា»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ដែលត្រូវបានធ្វើនៅពេលនេះ គឺដើម្បីអនុញ្ញាតឱ្យអ្នកជំនួញទាំងអស់ និងថ្នាក់ដឹកនាំនៃប្រទេសទាំង២បានជួបគ្នា និងបានផ្សព្វផ្សាយឱ្យដឹងនូវព័ត៌មាននានាផងដែរ។
លោកបន្តថា មួយវិញទៀត វេទិកានេះ ក៏នឹងជួយឱ្យអ្នកនយោបាយ ឬអ្នកកំណត់គោលនយោបាយទាំងអស់លើកឡើងនូវបញ្ហារបស់ប្រទេសខ្លួនរៀងៗខ្លួន ដើម្បីរកដំដោះស្រាយ ជាពិសេស លើកឡើងនូវបញ្ហាប្រឈមលើផ្នែកពាណិជ្ជកម្ម ដើម្បីឱ្យភាគីទាំង២រកដំណោះស្រាយបែបណា ក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសឱ្យមានការរីកចម្រើន។
លោកថ្លែងថា៖ «ខ្ញុំយល់ថា វេទិកានេះ នៅតែមានសារៈសំខាន់ និងជាវេទិកាមួយជំរុញពាណិជ្ជកម្មរបស់ប្រទេសយើងឱ្យរឹងម៉ាំឡើងជាងមុន»។
សូមបញ្ជាក់ថា ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច វេទិកានេះក៏រៀបចំឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ២ រួមមាន ១ រវាងក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន នៃក្រុមប្រឹក្សាខេត្តហៃណាន (CCPIT Hainan) និងសភាពាណិជ្ជកម្មអន្តរជាតិចិន ហៃណាន (CCOIC Hainan) ជាមួយក្រុមហ៊ុនឯកជនកម្ពុជានៅតំបន់សេដ្ឋកិច្ចពិសេស ស្តីពីកិច្ចជំរុញសហប្រតិបត្តិការឧស្សាហកម្ម និង ២ រវាងក្រុមហ៊ុនឯកជនកម្ពុជា និងក្រុមហ៊ុនខេត្ត ហៃណាន ស្តីពីកិច្ចសហប្រតិបត្តិការលើការដាំដុះម្រេច៕