ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ចំនួន ២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ជាមួយធនាគារកណ្តាលនៃកោះ សូឡូម៉ូន និង ធនាគារកណ្ដាល ហ្វីជី។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះធ្វើឡើង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយលោក Luke Forau ទេសាភិបាល ធនាគារកណ្តាលនៃកោះ សូឡូម៉ូន និងលោក Esala Masitabua ទេសាភិបាលរងនៃធនាគារកណ្ដាល ហ្វីជី។
លោក ជា ចាន់តូ បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជា ព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ធនាគារកណ្តាលទាំង ៣ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងផ្នែកហិរញ្ញវត្ថុឱ្យបានកាន់តែល្អមួយកម្រិតទៀត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងប្រទេសនីមួយៗ។
លោកបានមានប្រសាសន៍បញ្ជាក់ថា៖ «គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ ព្រមទាំងដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធស្តីអំពីនវានុវត្តន៍ និង ការទូទាត់តាមបែបឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ។ អនុស្សរណៈយោគយល់នេះនឹងផ្តល់ជាក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដល់គ្នាទៅវិញទៅមក»។
លោក Luke Forau ទេសាភិបាលធនាគារកណ្តាលកោះសូឡូម៉ូន បានសម្ដែងនូវអារម្មណ៍រីករាយយ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាអំពីបទពិសោធន៍របស់កម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រជាជន កោះសូឡូម៉ូន។
លោក Luke Forau បានបញ្ជាក់បន្ថែមថា ៖«ប្រទេសកម្ពុជា បានផ្តល់ឱកាសឱ្យយើងស្វែងយល់ពីការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាលើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងបានផ្តល់ការគាំទ្របន្ថែម តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលអាចឱ្យសាធារណជនធ្វើការទូទាត់ និងទទួលបានមូលនិធិងាយស្រួលនិងភ្លាមៗ»។
ជាមួយគ្នានេះដែរ លោក Esala Masitabua ទេសាភិបាលរង ធនាគារកណ្ដាល ហ្វីជី បានថ្លែងថា ធនាគារកណ្ដាលហ្វីជី ពិតជាអរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារជាតិនៃកម្ពុជា ចំពោះទឹកចិត្តក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិវឌ្ឍប្រព័ន្ធទូទាត់។
លោក Esala បានមានប្រសាសន៍យ៉ាងដូច្នេះថា៖« អនុស្សរណៈនៃការយោគយល់នេះបានផ្តល់នូវក្របខ័ណ្ឌសម្រាប់ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការដោយបើកចំហ ដែលនឹងជួយដល់ប្រទេស ហ្វីជី ក្នុងដំណើរការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល ដែលទំនើប មានប្រសិទ្ធភាព និងអាចទុកចិត្តបាន សម្រាប់គាំទ្រដល់តម្រូវការរបស់ប្រជាជន ហ្វីជី។ កិច្ចសហប្រតិបត្តិការនេះ ក៏នឹងគាំទ្របន្ថែមទៀតដល់ការកែទម្រង់ប្រព័ន្ធទូទាត់ជាតិដែលកំពុងដំណើរការ និងអនុញ្ញាតឱ្យ ហ្វីជី អាចរីកចម្រើនបានលឿនក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ»។
គូសបញ្ជាក់ថា ប្រព័ន្ធបាគង របស់ធនាគារជាតិនៃកម្ពុជា គឺជា គម្រោងដែលបានប្រើប្រាស់ផ្លេតហ្វមបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការតភ្ជាប់ និងការធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថាន ដើម្បីពង្រឹងប្រសិទ្ធភាព ប្រព័ន្ធទូទាត់ និងដើម្បីរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល។
បច្ចុប្បន្ន ប្រព័ន្ធបាគងមានគ្រឹះស្ថានជាសមាជិកចំនួន ៧០៕