​តាកែវ: លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ នឹង​ធ្វើជា​អ្នកសម្របសម្រួល​ក្នុងការ​បង្កើត​ទំនុក​ចិ​ត្ដ​ឱ្យ​ប្រជាកសិករ​ក្នុង​កិច្ចសហការ​វិនិយោគ​ជា​មួយ ម្ចាស់​កសិដ្ឋាន គិរី​សួគ៌ នៅក្បែរ​ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ​។​

​លោក​រដ្ឋមន្ដ្រី មានបំណង​ចង់ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជុំវិញ​កសិដ្ឋាន​គិរី​សួគ៌ ដាំ​ស្មៅ ម៉ុម​បា​សា ស្របតាម​បច្ចេកទេស សម្រាប់​លក់​ឱ្យ​ក្រុមហ៊ុន ដែល លោក​មើលឃើញថា វា​ផ្ដល់​ផល​ចំណេញ​ច្រើនជាង​ការធ្វើ​ស្រែ​។ ប៉ុន្ដែ​អ្វីដែល​លោក​មើលឃើញ​នាពេល​បច្ចុប្បន្ននេះ​គឺ​បញ្ហា​ទំនុក​ចិ​ត្ដ ដែល​ប្រជាកសិករ​មាន​ទៅលើ​ការវិនិយោគ​ដ៏​ធំ​ជាមួយ​ក្រុមហ៊ុន​។ នេះ​ជាការ​លើកឡើង​របស់លោក​ ឌិ​ត ទីណា នៅពេល​លោក និង​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ ក្រសួង​ក​សិ​កម្ម ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​កសិដ្ឋាន​គិរី​សួគ៌ របស់​ក្រុម​ហ៊ុន​ខ្មែរ ហ្រ្វ​សមី​ល ឯ​.​ក ដែល​ចិញ្ចឹម​គោ​យក​ទឹកដោះ និង​ផលិត​នូវ​ផលិតផល​ទឹកដោះគោ ស្ថិតនៅ​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃ​ ទី ​២៤ ខែកុម្ភៈ ឆ្នាំ ​២០២៣​។ ទស្សនកិច្ច​នេះ ធ្វើឡើង​ក្នុង​បំ​ណង​សិក្សា​ស្វែងយល់​ពី​ដំណើរ​ការ​នៃ​កសិកម្ម​ទំនើប ការចិញ្ចឹម​គោ​ដោយ​ប្រើ​បច្ចេកវិទ្យា​ជឿន​លឿន និង​ដំណើរ​ការផលិត​កែច្នៃ​ទឹកដោះគោ​ប្រកបដោយ​ស្ដង់ដា​ខ្ពស់ របស់​ក្រុមហ៊ុន ដែល​ទើប​ជាប់​ពានរង្វាន់​សហគ្រិន​ជាតិ​កាលពី​ចុងឆ្នាំ​ ២០២២​។​

​លោកថ្លែងថា​៖ «​ខ្ញុំ​មិន​មើលឃើញថា យើង​មាន​កសិដ្ឋាន​ទំនើប​មួយ​តែឯង តែ​កសិករ​នៅ​ជុំវិញ​នេះ​ធ្វើ​ការងារ​តាមរបៀប​បុរាណ​តែឯង​ផ្សេងគ្នា​នោះទេ​។ យើង​មានលទ្ធភាព​ធ្វើ​ពិពិធ​កម្ម​បន្ថែម និង​ប្រគល់​ផល​ប្រ​យោ​ជន៍​ដល់​ប្រជាពលរដ្ឋ ផ្សេងទៀត​ដែល​នៅ​ជុំវិញ​នេះ​»​។

​លោក​ឱ្យដឹងថា លោក​តែងតែ​ចុះទៅ​ដល់​ទាំង ទីតាំង​ប្រភេទ​កសិកម្ម​បែប​បុរាណ និង​ទំនើប​ធំៗ ដែល​ពួកគេ​ត្រូវការ​ជំនួយ​នៃ​ការ​ជ្រោមជ្រែង​ពី​ក្រសួង​ដើម្បីឱ្យ​ដំណើរការ​ទៅមុខ​។ សូម្បីតែ​កសិដ្ឋាន [​គិរី​សួគ៌​] បានធ្វើការ​វិនិយោគ​លើ​គម្រោង​ធំៗ​ជាច្រើន ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែរ ដែល​ទាក់​ទង​តម្រូវការ​ទឹក តម្រូវការ​ដី និង​តម្រូវ​ការពង្រីក​វិសាលភាព​ជាដើម​។

​កសិដ្ឋាន​គិរី​សួគ៌ បានចាប់ផ្ដើម​នាំយក​គោ​ពូជ Holstein Heifer ពី​អូស្ដ្រាលី​ប្រមាណ ៥០០ ក្បាល និង​ចំណាយពេល ៤ ​ឆ្នាំ​ទើប​ទទួលបាន​ទឹកដោះគោ​តំណក់​ដំបូង​។ រហូតមកដល់​បច្ចុប្បន្ន​នេះ ជាមួយ​ចំនួន​សត្វ​គោ​ប្រមាណ​ជិត ​១ ​ពាន់​ក្បាល កសិដ្ឋាន​អាច​ផ្គត់ផ្គង់​ទឹកដោះ​គោ​ស្រស់ ទឹកដោះគោ​គ្មាន​ជាតិ​ស្ករ ទឹកដោះគោ​សូកូឡា ទឹកដោះ​គោ​កាហ្វេ (BARISTA MILK) ក៏ដូចជា​យ៉ា​អួ រសជាតិ​ផ្សេងៗ ប្រមាណ​ជាង ១ ម៉ឺន​លីត្រ​នៅលើ​ទីផ្សារ​ក្នុង​ ១ ​ថ្ងៃ ដែល​ស្មើនឹង ១៥ ភាគរយ​នៃ​ផលិតផល​ទឹកដោះគោ​ប្រើប្រាស់​នៅ​កម្ពុជា​។

​លោក ជី សិលា សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មី​ល ឯ​.​ក បានឱ្យដឹងថា​៖ «​យើង​មាន ៥០០-៦០០ ​ក្បាល​ដែល​ផលិត​ទឹកដោះគោ ក្រៅពី​ហ្នឹង​គឺ​គោ​ដែល​កំពុងតែ​ធំ គោ​កំពុងតែ​ផើម ឬ​គោ​ដែល​កំពុង​សម្រាក​ពី​ការផលិត​ទឹកដោះ​។ ទៅមុខទៀត​ក៏​យើង​សង្ឃឹមថា យើង​អាច​ផលិត​ទឹក​ដោះ​គោ​កាន់តែច្រើន ហើយ​ទឹក​ដោះ​គោ​យើង​អាច​ផលិត​បាន​ប្រភេទ​ផ្សេងៗ​ទៀត​»​។ លោក​បន្ដថា​៖«​ថ្មីៗ​នេះ​យើង​បាន​ផលិត​នូវ​ប៊័រ​និង​ក្រែ​ម​ទឹកដោះគោ​ហើយក៏​យើង​បាន​លក់​ទឹកដោះគោ​ស្រស់​របស់​យើង​ឱ្យទៅ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដែល​គាត់​ផលិត​ឈី​សលក់​នៅតាម​ទីផ្សារ​និង​តាម​ភោជនីយ​​ដ្ឋា​ន តាម​សណ្ឋាគារ​នានា​»​។​

​ថ្វីដ្បិតតែ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​លើ​ផ្ទៃដី​សម្បទាន ៣០០ ហិកតា នៅក្បែរ​ឧទ្យានជាតិ​ភ្នំ​តា​ម៉ៅ​នេះ​ប្រើប្រាស់​បច្ចេក​ទេស​ទំនើបៗ រួមទាំង Big Data Technology ដែលមាន AI ដើម្បី​ឱ្យដឹងថា គោ​មាន​ជំងឺ មាន​សុខ​ភាពល្អ ផឹក ឬ​មិន​ផឹកទឹក​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ដ៏​ធំ​នេះ ខ្វះ​លទ្ធភាព​ក្នុងការ​ពង្រីក​ខ្លួន​ឱ្យ​កាន់តែ​ធំ​ផងដែរ ដោយ​ក្រុមហ៊ុន​មានបំណង​ធ្វើ​កិច្ច​សហ​-​ការ​ជាមួយ​ប្រជាកសិករ​រស់នៅ​តំបន់​នោះ​។

​លោករដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ឱ្យដឹងថា តាម​ការពិនិត្យ និង​សិក្សា​ច្បាស់​អំពី​តម្រូវការ​ផ្សេងៗ លោក​រកឃើញ​នូវ​ឱកាស​ដែល​កសិករ​អាច​ចូលរួមចំណែក​ក្នុងការ​ពង្រីក​ចង្វាក់​ផលិតកម្ម​ផ្សេងៗ​តាមរយៈ​ការធ្វើ​កិច្ចសន្យា​ដាំ​ដុះ​លក់​ឱ្យ​ម្ចាស់​កសិដ្ឋាន​ទំនើប​និង​រក្សា​ដី​ខ្លួនឯងបាន​បើទោះបីជា​ភ្លឺស្រែ​របស់​ពួកគេ​ត្រូវបាន​រំលាយ​ជា​វាលស្មៅ​ដ៏​ធំ​តែមួយ​យ៉ាងណាក៏ដោយ​។ ប៉ុន្ដែ​អ្វី​ដែលជា​បញ្ហា​ប្រឈម លោក​រដ្ឋមន្ដ្រីបន្ដថា ក្នុង​អាណ​ត្ដិ​នៃ​ក្រសួងកសិកម្ម​នេះ​លោក​នឹង​ព្យាយាម​លុបបំបាត់​នូវ​សំណល់​ពី​សង្គ្រាម នៃ​របប​ប្រល័យពូជសាសន៍ គឺ​ភាពមិន​ទុក​ចិ​ត្ដ​គ្នា​នេះ​។​

​កសិដ្ឋាន​ដ៏​ធំ​នេះ ត្រូវការ​ដី​ចិញ្ចឹម​គោ​មិនធំ​នោះទេ តែ​ក្រុម​​ហ៊ុន​ត្រូវការ​កសិដ្ឋាន​សម្រាប់​ដាំ​ចំណី​គោ ជា​ផ្ទៃដី​ល្អ ជាទី​តាំង​យុទ្ធសាស្ដ្រ ដោយមាន​ប្រភពទឹក និង​ការដឹកជញ្ជូន​។

​លោក​បាន​ថ្លែងថា​៖ «​សូមជម្រាបថា កុំឱ្យ​មានការ​យល់​ច្រឡំ​ថា រាជរដ្ឋាភិបាល​យក​ចិ​ត្ដ​ទុកដាក់​តែ​កសិដ្ឋាន​ធំៗ​។ ការ​ចិញ្ចឹម​គោ​យក​ទឹកដោះ ដោយមាន​កិច្ចសហការ​ជាមួយ​អ្នក​បច្ចេកទេស​អ៊ី​ស្រា​អែល បាន​ជួយ​ពង្រីក​នូវ​អាហារូបត្ថម្ភ​សម្រាប់​កុមារ​យើង​តាមរយៈ​ការ​ទទួលទាន​ទឹកដោះគោ​ល្អ ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ ឱ្យ​អាច​ក្លាយ​ជា​កីឡាករ​មាន​សមត្ថភាព និង​ក្លាយជា​អ្នកស្រាវជ្រាវ​ដែលមាន​ខួរក្បាល​ល្អ​»​។

​លោក​រដ្ឋមន្ដ្រី​បាន​បន្ថែមថា ទឹកដោះគោ​ជាការ​រួមចំណែក​មួយ ទើប​មានការ​អនុញ្ញាតឱ្យ​ធ្វើកា​រ​វិនិយោគ​លើ​ទឹកដោះគោ​។ បច្ចុប្បន្ននេះ កសិដ្ឋាន​មាន​គោ ៩០០ ក្បាល ខណៈ​ទីតាំង​ក​សិ​ដ្ឋា​ន​នេះ​អាច​ពង្រីក​ដល់​ ២ ឬ ៣ ពាន់​ក្បាល​។ ប៉ុន្ដែ​លុះត្រាតែ​ពួកវា​មាន​ចំណី​គ្រប់គ្រាន់ ជា​ពិសេស​ផ្ទៃដី​ដាំ​ដុះ​គ្រប់គ្រាន់​។​

​លោក ​ឌិ​ត ទីណា បាន​ពិភាក្សា ជាមួយ​ម្ចាស់​កសិដ្ឋាន​ដើម្បី​រក​វិធី​ឈ្នះ​-​ឈ្នះ ក្នុង​បំណង​បង្វែរ​ការវិនិយោគ​រប​ស់​កសិដ្ឋាន​ផ្ដល់​មិន​ត្រឹមតែ​ផលប្រយោជន៍​ម្ចាស់​កសិដ្ឋាន​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ហើយ​ក្រៅពី​ការផ្ដល់​អាហារូបត្ថម្ភ​ដល់​ពលរដ្ឋ ប៉ុន្ដែ​ថែមទាំង​ផ្ដល់ឱ្យ​ប្រជាកសិករ​នៅ​ជុំវិញ​នេះ​អាច​ទទួលបាន​ផលប្រយោជន៍​ចំពោះ​ការវិនិយោគ​នេះ​ដូចគ្នា​។

លោករដ្ឋមន្ត្រីក្រសួង​កសិកម្ម ឌិត ទីណា ពេលចុះទៅ​កសិដ្ឋានចិញ្ចឹមគោ​យកទឹក​ដោះ​គិរីសួគ៌ កាលពីថ្ងៃទី​ ២៤ កុម្ភៈ​​។ ហុង រស្មី

​យ៉ាងណាមិញ លោក​ទទួល​​ស្គាល់​ថា​៖ «​ប៉ុន្ដែ​ចំណុច​សំខាន់ គឺ​ការកសាង​ទំនុក​នេះ​។ ខ្ញុំ​នឹងធ្វើ​ការងារ​នេះ មិនមែន​ត្រឹមតែ​កសិដ្ឋាន​នេះ​មួយ​ទេ​តែ​ជា​ទំនុក​ចិ​ត្ដ ដែល​ប្រជាពលរដ្ឋ​មាន​លើ​ក្រសួងកសិកម្ម ក្នុង​ការជួយ​សម្របសម្រួល​ដោយ​ធានា​ទំនុក​ចិ​ត្ដ​ថា ពួកគាត់​នឹងមិន​បាត់​ដី ឬ​ការ​កេង​ផលប្រយោជន៍​ពី​ការចុះ​កិច្ចសន្យា​នេះ​ទេ ហើយ​បង្ហាញឱ្យឃើញ​ទៀតថា ពេលខ្លះ ការធ្វើ​ប្រ​ព្រឹ​ត្ដិក​ម្ម ដែល​មានន័យថា ប្អូ​រ​ពី​ការដាំ​ដំណាំ​ធ្លាប់​ដាំ​។ ឧ​ប​-​មា​ថា ប្រជាពលរដ្ឋ​ធ្លាប់ធ្វើ​ស្រែ ថា តើ​១​ហិកតា​ពួកគាត់​ទទួលបាន​ផល​ប៉ុន្មាន​ក្នុង​ ១​ ឆ្នាំ​?»​។

​លោក​បាន​លើកឡើងថា ពេលខ្លះ ការដាំ​ស្មៅ​ទទួលផល​បាន​ច្រើនជាង​ធ្វើស្រែ ហើយ​ថ្វីដ្បិតតែ អ្នកខ្លះ​មិន​ជឿ​ក៏ដោយ ក៏ប៉ុន្ដែ​ដោយសារ​ការដាំ​ស្មៅ​មាន​បច្ចេក​ទេស និង​ពូជ​ស្មៅ​របស់​កសិដ្ឋាន ការដាំ​ម្ដង​ទទួលផល​បាន ៥​ឆ្នាំ ហើយ​មួយឆ្នាំ​ច្រូត​ ៦​ ដង​។

​លោក ឌិ​ត ទីណា បាន​បន្ដថា​៖ «​ថ្វីដ្បិតតែ​ស្មៅ​មានតម្លៃ​ថោក​ជាង​ស្រូវ​ក៏ពិតមែន តែ​ស្រូវ​នៅ​កន្លែង​ខ្លះ​ធ្វើបាន ២ ដងដោយ​មិនអាច​បាន ៣ ដង ស្មៅ​អាច​ធ្វើបាន ៦ ដង និង​បន្ដ​ទទួលផល​រហូតដល់ ៥ ឆ្នាំ ពេល​ដាំ​ម្ដង​»​។

​ដើម្បី​ជា​ទំនុកចិត្ត និង​តម្កល់​ផលប្រយោជន៍​ប្រជាកសិករ និង​ម្ចាស់​កសិដ្ឋាន លោក ឌិ​ត ទីណា សង្ឃឹមថា លោក​នឹងធ្វើ​កិច្ចការ​នេះ​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កសិដ្ឋាន ក្រោយពេល​សិក្សា​អំពី​ទីតាំង​សក្ដានុពល​។​

​លោក​ឱ្យដឹងទៀតថា​៖ «​អ្នក​ស្ម័គ្រចិត្ដ​ធ្វើ​មុនគេ ពួកគាត់​នឹង​ទទួលបាន​ផល​មុនគេ​។ អ្នកមាន​​ភាព​ឆ្លាត​វៃ​ក្នុង​ការមើលឃើញ​នូវ​ឱកាស និង​ចាប់យក​ឱកាស នឹង​ទទួលបាន​ផល​។ ប៉ុន្ដែ​ឱកាស​នឹង​ផ្ដល់ឱ្យ​ស្មើៗ​គ្នា​ទាំងអស់ សំខាន់​អ្នកណា ដែល​អាច​ចេះ​យក​ឱកាស​នេះ​មុនគេ​។

​ជាមួយ​ផែនការ​ពង្រីក​ការចិញ្ចឹម​គោ​ចន្លោះ​ពី ២ ពាន់​ទៅ ៣ ពាក់​ក្បាល​ក្នុង​រយៈពេល ១ ឬ ២ ឆ្នាំ​ទៅមុខ លោក ជី សិលា បានឱ្យដឹងថា កិច្ចសហការ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​ពិតជា​សំខាន់ ខណៈដែល​ពួកគេ​ធ្វើការ​វិនិយោគ​ជាមួយ​ក្រុម​ហ៊ុន​តាមរយៈ​ការដាំ​ដំណាំ​ចំណី​គោ ដូចជា ស្មៅ ដែលមាន​ការផ្ដល់​ជំនួយ​បច្ចេកទេស​ពី​ក្រុមហ៊ុន​។​

​លោក ជី សិលា បានឱ្យដឹងថា ការដាំ​ស្មៅ​ម៉ុម​បា​សា ក្នុង​១​ឆ្នាំ​អាច​ទទួលផល​ពី ​៤០០ ​ទៅ ​៥០០ ​តោន លើ​ផ្ទៃដី​ ១ ​ហិកតា ដែល​ក្នុង ​១ ​តោន​តម្លៃ​ពី​ ២០ ទៅ ៣០​ ដុល្លារ​។ ស្មៅ​ម៉ុម​បា​សា​នេះ ងាយស្រួល​ដាំ និង​ទទួលបាន​ផល​ច្រើន ហើយ​អ្វីដែល​ប្រជា​កសិករ​ត្រូវធ្វើ​គឺ​ការស្រោចស្រព និង​ដាក់​ជី​បន្ថែម​បន្ដិចបន្ដួច​។ រយៈពេល​ ៦០ ថ្ងៃ​ស្មៅ​ម៉ុម​បា​សា អាច​ប្រមូល​ផល​ម្ដង​។ លោក​បាន​និយាយ​ត្រួសៗ​អំពី​លទ្ធភាព​ដែល​ក្រុមហ៊ុន​អាច​ផ្ដល់​ឱ្យដល់​ប្រជាកសិករ​ក្នុង​ការដាំ​ស្មៅ​ម៉ុម​បា​សា​ថា ក្រុមហ៊ុន​អាច​រ៉ាប់​រង​នូវ​ការដាំ និង​ប្រមូល​ផល​តាមរយៈ​ម៉ាស៊ីន​ទំនើប​។

​លោក​បាន​និយាយថា​៖ «​ខ្ញុំ​បាន​ទៅ​ពិភាក្សា​ជាមួយ​សហ​ករ​ណ៍​ព្រៃ​ស​ប្បាស ៨០០ គ្រួសារ ដែលមាន​ប្រព័ន្ធ​ស្រោចស្រព​។ យើង​បាន​អញ្ជើញ​ពួកគាត់​មក​ធ្វើ​ទស្សនកិច្ច​កសិដ្ឋាន​យើង​ ២​ ដង​ដែរ​។ សហគមន៍​របស់​ពួក​​គាត់​ស្ថិតនៅ​ចម្ងាយ​ពី​កសិដ្ឋាន​ប្រហែល​២០ គីឡូម៉ែត្រ ដែលជា​អំណោយផល​មួយ​សម្រាប់​យើង​ដែរ​»​។

​លោក​បន្ថែមថា ប្រជា​ពលរដ្ឋ​មានកម្ម​សិទ្ធិ​ដី​រៀងៗ​ខ្លួន ដោយ​ការ​ខណ្ឌ​បែងចែក​ដោយ​ភ្លឺស្រែ​។ ប៉ុន្ដែ​ដោយសារ​គម្រោង​ដាំ​ស្មៅ​ជា​ចំណី​គោ​អូស្ដ្រាលី​នេះ ត្រូវធ្វើឡើង​ក្នុង​បរិមាណ​ច្រើន ដែល​ទាមទារ​រំលាយ​ភ្លឺស្រែ​ដើម្បី​បង្កើតជា​វាលស្មៅ​តែ​ ១ ប្រជាកសិករ​មាន​បញ្ហា​មិន​ទុក​ចិ​ត្ដ​ដោយ​ខ្លាច​បាត់បង់​ដី​របស់ខ្លួន និង​ខ្លាច​មានទំនាស់​ដីធ្លី​។

​យ៉ាងណាមិញ ប្រធាន​កា​រិ​យា​ល័យ​កសិកម្ម​ស្រុក​ព្រៃកប្បាស លោក អ៊ុក សុខា ដែល​មិនទាន់​ដឹង​អំពី​គម្រោង​របស់​ក្រុមហ៊ុន​ចង់​សហការ​ជាមួយ​ប្រជា​កសិករ​ក្នុងស្រុក​ព្រៃកប្បាស​នេះ បាន​ទទួលស្គាល់ថា ប្រជាពលរដ្ឋ​នឹងមិន​ងាយ​ឯកភាព​ឱ្យ​រំលាយ​ភ្លឺ​ព្រំដី​របស់ខ្លួន​ឡើយ ខណៈ​ប្រជាកសិករ​ក្នុងស្រុក​កំពុង​បង្ក​បង្កើន​ផល​ស្រូវ​ចន្លោះ​ពី ២ ទៅ ៣​ដង​ក្នុង ​១ ​ឆ្នាំ​។ លោក សុខា ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ទោះជា​យ៉ាងណា ខ្ញុំ​ស្វាគមន៍​ក្នុង​កិច្ច​សហការ​ណាមួយ​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​បន្ថែមទៀត​»​។

​លោក ឌិ​ត ទីណា បាន​បន្ដថា ក្រសួង​ដើរតួនាទី​ជា​អ្នក​សម្របសម្រួល​ដើម្បី​បង្កើត​ទំនុក​ចិ​ត្ដ​ធ្វើការ​វិនិយោគ​រវាង​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​។ ពេល​ពួកគេ​ធ្វើទៅ ទទួលបាន​ផលចំណេញ​ពិតប្រាកដ​មែន ដោយមាន​ការជឿជាក់ នឹងមាន​ការបន្ដ​ពង្រីក​ការងារ​នេះ​។

​លោក​បាន​ថ្លែងថា​៖ «​នៅ​ជុំវិញ​ទីកន្លែង​អភិវឌ្ឍន៍​កុំ​មាន​អារម្មណ៍​ថា យើង​គ្មាន​ឱកាស​។ យើង​មានឱកាស​ច្រើនណាស់ តែ​ត្រូវការ​ទំនុក​ចិ​ត្ដ​នេះ ដែល​ខ្ញុំ​គិតថា វា​ពិបាក​។ ប៉ុន្ដែ​ខ្ញុំ​នឹង​ព្យាយាម​ដើម្បី​កសាង​ទំនុក​-​ចិ​ត្ដ​នេះ​ឡើង​»៕

វីដេអូ៖