ភ្នំពេញៈ វិស័យឯកជនបានប្តេជ្ញាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងការរៀបចំយុទ្ធនាការនានាក្នុងការផ្សព្វផ្សាយ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ជាមួយនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡា ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាឱ្យបាន ១៩ លាននាក់នៅឆ្នាំនេះ។
កាលពីថ្ងៃទី ២៣ កុម្ភៈរដ្ឋាភិបាលកម្ពុជាបានចេញសារាចរដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធនាកា រ«ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ក្នុងគោលបំណងលើកកម្ពស់ «កិត្តិនាមទេសចរណ៍កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្តៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យបានយ៉ាងតិច៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកឱ្យបានយ៉ាងតិច ១៥ លាននាក់ក្នុងឆ្នាំ ២០២៣»។
ជាមួយគ្នានេះដែរ ក៏ដើម្បីផ្សារភ្ជាប់រវាងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និង «យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ឆ្នាំ ២០២៣» ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ ១៩ ផងដែរ។
លោក ហ៊ុន សែន ក៏បានគូសបញ្ជាក់ក្នុងសារាចរនោះថា៖ «ឆ្នាំទស្សនាកម្ពុជា ២០២៣ ដោយភ្ជាប់នឹងយុទ្ធនាការ «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយផ្តល់ភាពកក់ក្តៅ» ដោយរំលេចពីអត្តសញ្ញាណនៃប្រទេសកម្ពុជាដែលជាគោលដៅទេសចរណ៍ប្រមូលផ្តុំដោយភាពទាក់ទាញទេសចរណ៍ដ៏អស្ចារ្យនិងការ ទទួលស្វាគមន៍ដ៏កក់ក្តៅ ដោយឈរលើសសរស្តម្ភសក្តានុពលទាំង ៤ នៃទេសចរណ៍កម្ពុជា (បេតិកភណ្ឌ វប្បធម៌; អេកូទេសចរណ៍; ទេសចរណ៍ឆ្នេរ; និងភាពជាខ្មែរ ដែលអាចផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ និង ភាពប្លែកៗគ្នា) តាមរយៈប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានស្វាគមន៍ចំពោះយុទ្ធនាការរបស់រដ្ឋាភិបាលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដើម្បីផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍នៃការរៀបចំកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដែលជាព្រឹត្តិការណ៍កីឡានិងទេសចរណ៍ដ៏មានសារៈសំខាន់។
លោកស្រីបានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ទេសចរណ៍នានា ពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនារយៈពេលខាងមុខ ក៏ជាផ្នែកដ៏សំខាន់ដែលទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ពិសេសមកពីប្រទេសចិនឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាផងដែរ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក៏បានលើកឡើងផងដែរថា ផែនការដែលរដ្ឋាភិបាលដាក់ចេញនេះនឹងក្លាយជាកម្លាំងមួយក្នុងការ ជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធដើម្បីជំរុញឱ្យវិស័យទេសចរណ៍នៅកម្ពុជាត្រូវបានគេទទួលស្គាល់កាន់តែច្រើន។
លោកបញ្ជាក់ថា៖ «ប្រសិនបើការអនុវត្តទៅតាមផែនការខាងលើធ្វើឡើងដោយប្រសិទ្ធភាព គឺប្រាកដជាកម្ពុជាអាចទទួលបានចំនួនភ្ញៀវទេសចរបរទេសដូចការរំពឹងទុក ឬយ៉ាងហោចណាស់ក៏បាន ៧០ ភាគរយដែរ»៕