ពាណិជ្ជកម្មដ៏សំខាន់បានបន្តនៅច្រកព្រំដែនសំខាន់រវាង ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ខណៈដែលច្រកផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតរបស់ពួកគេ បានបើកឡើងវិញ ជិត ១ សប្តាហ៍ បន្ទាប់ពីត្រូវបានបិទ ដោយអាជ្ញាធរតាលីបង់។
ទំនាក់ទំនងរវាងប្រទេសទាំង ២ បានផ្ទុះឡើងចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១ ដោយទីក្រុងអ៊ីស្លាម៉ាបាដបានចោទប្រកាន់ប្រទេសជិតខាងរបស់ខ្លួនពីបទផ្តល់ជម្រកឱ្យក្រុមសកម្មប្រយុទ្ធដែលបានធ្វើការវាយប្រហារលើដីរបស់ខ្លួន ជាការចោទប្រកាន់ដែលទីក្រុងកាប៊ុល បដិសេធ។
មានការបិទប៉ុស្តិ៍ត្រួតពិនិត្យជាញឹកញាប់ និងការផ្ទុះឡើងនៃអំពើហឹង្សានៅតាមខ្សែបន្ទាត់ដែលភាគច្រើនភ្នំ ខណ្ឌចែកប្រទេសទាំង ២ ដែលមិនមានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ធ្លាប់ទទួលស្គាល់នោះទេ។
ច្រកឆ្លងកាត់ព្រំដែន Torkham ត្រូវបានបើកឡើងវិញនៅម៉ោង ៦ ព្រឹក (ម៉ោង ១០:៣០ ម៉ោងសកល) កាលពីថ្ងៃសៅរ៍ មន្ត្រីគយអាហ្វហ្គានីស្ថានលោក Muslim Khaksar បាននិយាយថា នៅទីតាំងនេះក្នុងខេត្ត Nangarhar ភាគខាងកើតអាហ្វហ្គានីស្ថាន។
លោកបានថ្លែងថា៖ «ព្រំដែនឥឡូវនេះ បើកពីភាគីទាំងសងខាងសម្រាប់ជនស៊ីវិល ក៏ដូចជាអ្នកជំនួញដែរ»។
មន្ត្រីគយប៉ាគីស្ថាន បាននិយាយថា៖ «រថយន្តដឹកអង្ករ ស៊ីម៉ងត៍ សម្ភារសំណង់ ថ្នាំពេទ្យ និងរបស់របរប្រើប្រាស់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។ លោកបន្ថែមថា រថយន្តដឹកទំនិញដែលផ្ទុកដោយ ធ្យូងថ្ម បន្លែ និងផ្លែឈើ បានធ្វើដំណើរតាមផ្លូវផ្សេង។
លោកបានបន្ថែមថា ប៉ុន្តែរថយន្តដឹកទំនិញប្រហែល ១ ៤០០ គ្រឿងនៅខាងប៉ាគីស្ថាន នៅតែរង់ចាំឆ្លងចូលប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលកិច្ចការដឹកជញ្ជូនដែលជាប់គាំង ត្រូវបានដោះស្រាយចប់សព្វគ្រប់៕