ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរួមគ្នាដាក់ឱ្យដំណើរ ការគម្រោងស្តីពី «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជនតាមសហគមន៍ក្នុងឃុំ-សង្កាត់។
យោងតាមសេចក្តីប្រកាសព៏ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ បានឱ្យដឹងថា គម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» សំដៅលើកកម្ពស់ លទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាពនៅតាមសហគមន៍ ដែលនឹងចូលរួមជំរុញគោលនយោបាយជាតិស្តីពី ភូមិឃុំមានសុវត្ថិភាព។ គម្រោង «ការពង្រឹងសុវត្ថិ ភាពហិរញ្ញវត្ថុក្នុងសហគមន៍» នឹងត្រូវអនុវត្តសាកល្បង ក្នុងខេត្តកំពង់ធំ -កំពង់ស្ពឺ -ស្វាយរៀង និងខេត្តបាត់ដំបង ចាប់ ពីឆ្នាំ២០២៣នេះ ហើយនឹងបន្តពង្រីកវិសាលភាពនៅឆ្នាំបន្តបន្ទាប់។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា ការបង្កើតគម្រោងនេះ គឺផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវផ្សេងៗ ធ្វើឡើងក្នុងឆ្នាំ២០២២ ដោយ អង្គការJICA និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពី Cerise+SPTF និងអង្គការADA ប្រទេសលុចហ្សំបួរ។ ការសិក្សា រួមទាំងសិក្ខាសាលាពិគ្រោះយោបល់ដែលបានធ្វើឡើងជាមួយអាជ្ញាធរមូលដ្ឋាន បានរកឃើញស្រដៀង គ្នាអំពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនាំទៅដល់ការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្រិតមូលដ្ឋាន។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា៖«លទ្ធផលនៃការស្រាវជ្រាវបានឆ្លុះបញ្ចាំងតួនាទីដ៏សំខាន់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយលើកកម្ពស់ និង បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងប្រកបដោយសុវត្ថិភាព ដើម្បីរួម ចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជន នៅតាមមូលដ្ឋាន»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តថា៖ «ការអនុវត្តគម្រោងនេះ ចាំបាច់ឱ្យមានការចូលរួមយ៉ាងសកម្ម និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទីភ្នាក់ងាររដ្ឋាភិបាល អាជ្ញាធរ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត»។
លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ថ្លែងថា «ជំនឿទុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ជាកត្តាចម្បងដែលធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងបន្តអនុវត្តដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹងកិច្ច ការពារអតិថិជន ក្នុងគោលដៅរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសផងដែរ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក សុខ វឿន ក៏បានបញ្ជាក់ដែរថា៖ «ការអនុវត្ត គម្រោងនេះ ទាមទារការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធក្នុងចំណោមភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងដែរ។ យើងនឹងធ្វើការរួមគ្នាដើម្បីធានានូវការអនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព ហើយយើងជឿជាក់ថា វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជននៅក្នុងប្រទេសកម្ពុជា»។
សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបញ្ជាក់ថា គម្រោងនេះនឹងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាព និងការអភិវឌ្ឍក្នុងតំបន់សាកល្បងគម្រោង ព្រមទាំង បន្តពង្រីកសកម្មភាពទូទាំងប្រទេសកម្ពុជា ក្នុងគោលដៅរយៈពេលវែង តាមរយៈយន្តការក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានស្រាប់។ គម្រោងនេះក៏នឹងពង្រឹងភាពជាដៃគូ និងការប្រមូលធនធានដើម្បីបង្កើនគុណភាពនៃការអនុវត្ត ការចងក្រងឯកសារភ័ស្តុតាង និងគំរូនៃការអនុវត្តល្អបំផុត សំដៅពង្រីកវិសាលភាពគម្រោងនាពេលអនាគត។
គម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ពីវិស័យហិរញ្ញវត្ថុ ដែលរួមពង្រឹង បន្ថែមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ គម្រោងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជននៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យរបស់គម្រោង នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួល បានសេវាហិរញ្ញវត្ថុផ្លូវការ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។
គណៈកម្មាធិការដឹកនាំគម្រោង មានធនាគារជាតិនៃកម្ពុជា ជាប្រធាន ព្រមទាំងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាសហប្រធាន នឹងត្រួតពិនិត្យការអនុវត្តគម្រោង និងធានាឱ្យបាននូវលទ្ធផលស្របតាមយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥៕