ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាកំពុងព្យាយាមទាក់ទាញវិនិយោគិនឱ្យចូលមកបណ្តាក់ទុនលើការកែច្នៃ ពិសេសផលិតផលកសិកម្មឱ្យកាន់តែច្រើនដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើម ប៉ុន្តែទន្ទឹមនឹងនោះកម្ពុជាក៏ត្រូវតែខិតខំអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់ខ្លួនឱ្យឆ្លើយតបនឹងទីផ្សារការងារផងដែរ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសជាង ៥ ពាន់នាក់ដែលបានបញ្ចប់ការសិក្សា នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ជ្រោយចង្វារកាលពីថ្ងៃទី ២៧ ខែកុម្ភៈ លោក ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា គឺកំពុងខិតខំទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនគ្រប់វិស័យ ជាពិសេសឧស្សាហកម្មកែច្នៃប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដែលមានស្រាប់ដើម្បីនាំចេញជាផលិតផលសម្រេច។ ឧស្សាហកម្មកែច្នៃក្នុងស្រុក គឺមិនត្រឹមតែជួយបង្កើតការងារដល់ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើតតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពនាំចេញផងដែរ។
លោកថ្លែងថា៖ «បើកម្ពុជាអាចនឹងទាក់ទាញអ្នកវិនិយោគសម្រាប់វិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក វានឹងផ្តល់ឱកាសឱ្យកសិកររបស់យើងដាំដុះហើយមានទីផ្សារ គឺរោងចក្រនៅទីនេះ ដោះស្រាយការងារធ្វើឱ្យកូនចៅប្រជាពលរដ្ឋយើងផង ផ្តល់នូវតម្លៃបន្ថែមសម្រាប់ផលិតផលរបស់យើងផង ដែលនេះជាផ្នែកទី១ ដែលយើងចង់បាន ឯផ្នែកទី២ ដែលយើងចង់បានក្នុងគោលនយោបាយឧស្សាហកម្ម គឺទាក់ទាញឧស្សាហកម្មបច្ចេកទេសខ្ពស់ដែលសព្វថ្ងៃបានធ្វើដំណើរមកបណ្តើរៗដូចជាក្រុមហ៊ុនជប៉ុន Minebea ដែលមុននេះវិនិយោគត្រឹមជាង ៣០ លានដុល្លារ ឥឡូវក្រុមហ៊ុននេះវិនិយោគឡើងជិតដល់ ១ ០០០ លានដុល្លារហើយ»។
ទន្ទឹមនឹងនោះកម្ពុជាក៏ត្រូវខំពង្រឹងសមត្ថភាពប្រជាជនឱ្យមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនផងដែរ។ នេះបើតាមលោក ហ៊ុន សែន។
លោកបន្ថែមថា ក្នុង ១ ឆ្នាំៗកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃប្រហែល ១ លានតោនទៅក្រៅប្រទេស (វៀតណាម) ដូច្នេះបើកម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីគ្រប់គ្រាន់ គឺកម្ពុជានឹងអាចក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំមួយក្នុងពិភពលោក។ ចំណែកផលិតផលមួយចំនួនទៀតដូចជា ស្រូវ អង្ករ និងកៅស៊ូ ក៏ការនាំចេញបានជួបបញ្ហាច្រើនដោយសារចង្វាក់ផលិតកម្មកែច្នៃឱ្យទៅជាផលិតផលសម្រេចនៅមានកម្រិតនៅឡើយ។
លោកអះអាងថា៖ «ទៅមុខបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយទៅជាប្រទេសចែកចាយគ្រាប់ស្វាយចន្ទី សឹងតែក្លាយជាអ្នកខ្លាំងមួយនៅក្នុងចំណោមអ្នកខ្លាំងនៃការចែកចាយ ព្រោះក្នុង ១ ឆ្នាំៗ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃ ១ លានតោន។ យើងកែច្នៃខ្លួនឯងបានតិចតួចណាស់»។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ ខែកុម្ភៈថា ទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជាកំពុងកើនឡើងជាបន្តបន្ទាប់ ខណៈកំណើនទិន្នផលនេះបានធ្វើឱ្យសមាគមស្វាយចន្ទីនៅបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកព្រួយបារម្ភថាធ្វើឱ្យប៉ះពាល់ដល់តម្លៃទីផ្សាររបស់ខ្លួន។
លោកនិយាយថា៖ «ទោះយ៉ាងណា សមាគមបានប្រាប់ពួកគេកុំឱ្យបារម្ភ ព្រោះផលិតផលស្វាយចន្ទីកម្ពុជា គឺមិនមែនជាក្តីបារម្ភ ឬជាគូប្រជែងសំខាន់សម្រាប់ទីផ្សារគ្រាប់ស្វាយចន្ទីអាហ្រ្វិកឡើយ។ បច្ចុប្បន្នសមាគមកំពុងស្វែងរកទីផ្សារទៅកាន់ទីផ្សារអារ៉ាប់ អឺរ៉ុប និងអាមេរិកជាដើម»។
បើតាមលោក ស៊ីឡុត កាលពីថ្ងៃទី ២៣-២៥ ខែកុម្ភៈ សមាគមស្វាយចន្ទីកម្ពុជា ក៏ទើបត្រូវបានអញ្ជើញឱ្យទៅចូលរួមសន្និសីទស្វាយចន្ទីពិភពលោក World Cashew Conference នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីផ្សព្វផ្សាយពីសក្តានុពលស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក។
ទិន្នន័យអគ្គនាយកដ្ឋានគយ ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានទឹកប្រាក់សរុប ៥២ ៤២៤,៥៣៩ លានដុល្លារ កើន ៩,២ ភាគរយបើធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំចេញ ២២ ៤៨២,៩៣៧ លានដុល្លារ កើន ១៦,៤ ភាគរយ និងនាំចូលចំនួន ២៩ ៩៤១,៦០២ លានដុល្លារ កើន ៤,៣ ភាគរយ៕