ភ្នំពេញៈ ក្រុមហ៊ុនយក្សចំនួន ៦ បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរអាមេរិកឱ្យបានច្រើនថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍវិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជាឱ្យកាន់តែខ្លាំងដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។
ការសន្យានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិច-អាស៊ាន(US-ASEANBusiness Council – US-ABC) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមហ៊ុនធំៗចំនួន៦នេះ គឺជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិច-អាស៊ាន (US-ASEAN Business Council–US-ABC)រួមមាន៖ ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Ford,ក្រុមហ៊ុន RMA Group, ក្រុមហ៊ុន Pfizer,ក្រុមហ៊ុន Visa និងក្រុមហ៊ុន Vriens& Partners។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ជំនួបនេះដើម្បីពិភាក្សាការងារសំដៅឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ពិសេសវិស័យដឹកជញ្ជូន និងសាធារណការឱ្យកាន់តែមានភាពល្អប្រសើរឡើង។
លោកបានបន្តថា៖ «ជំនួបពិភាក្សានេះ ចង់ស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគនៅក្នុងតំបន់អាស៊ា នដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខសំដៅចូលរួមចំណែកក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ១៩ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍរបស់កម្ពុជា ពិសេសបង្ហាញនូវការគាំទ្ររបស់សហគមន៍អ្នកជំនួញអាមេរិកសម្រាប់ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ»។
លោកស៊ុន ចាន់ថុល បានបន្ថែមថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភ័ស្តុភារកម្ម នៅតែជាយុទ្ធសាស្ត្រចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលយកចិត្តទុកដាក់ខ្លាំងក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ។
ជាក់ស្តែង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតក៏គ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ ខណៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ក៏បានរៀបចំសិក្សា ព្រមទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ក៏កំពុងស្វែងរកដៃគូវិនិយោគលើកិច្ចការងារនេះថែមទៀត។
ជាងនេះទៀតលោកបានលើកឡើងពីគម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ដែលកំពុងត្រូវការដៃគូអភិវឌ្ឍន៍ធ្វើឱ្យលេចចេញជារូបរាងផងដែរ។
ឆ្លៀតឱកាសនោះ លោកស៊ុន ចាន់ថុល ក៏បានស្នើឱ្យប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានជួយពិនិត្យលទ្ធភាពក្នុងការចាត់អ្នកជំនាញការមកធ្វើបទបង្ហាញដោយផ្ទាល់ឬតាមប្រព័ន្ធ Online ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍លើការកសាងសមត្ថភាពរបស់មន្ត្រីរាជការក្រសួង។ ជាពិសេសមន្ត្រីជំនាញបច្ចេកទេសទាក់ទងនឹងភាពជាអ្នកដឹកនាំក៏ដូចជាជំនាញបច្ចេកទេសផ្សេងៗដើម្បីជួយឱ្យពួកគាត់អាចបំពេញការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពថែមទៀត និងចែកជូនទៅនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនចំណេះដឹង និងបណ្តុះផ្នត់គំនិតល្អៗបន្ថែម។
ជាការឆ្លើយតប លោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិក US-ABCបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័នដឹកជញ្ជូន។
លោកMichael W. Michalak ដែលជាតំណាងឱ្យក្រុមហ៊ុនធំៗចំនួន៦ នេះ ក៏បានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិកមកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនដើម្បីផ្ទេរក៏ដូចជាចែករំលែកចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗសំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនថែមទៀត។
សូមបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានវាយតម្លៃខ្ពស់លើទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២១ទោះបីប្រឈមនឹងជំងឺកូវីដ១៩ក៏ដោយ។
បើតាមក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២១ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបាន៧,៨ពាន់លានដុល្លារ កើនឡើងប្រមាណ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលសរុបជាទឹកប្រាក់ប្រមាណ៥,៥ពាន់លានដុល្លារ។
ពាក់ព័ន្ធនឹងអ្នកវិយោគនេះដែរ កាលពីថ្ងៃទី២៧ ខែកុម្ភៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងដែរថា កម្ពុជាត្រូវការបណ្តាវិនិយោគិនអន្តរជាតិមកបោះទុនវិនិយោគលើវិស័យជាច្រើនពិសេសលើគម្រោងហេដ្ឋរចនាសម្ព័ន្ធធំៗ ដូចជា៖ គម្រោងផ្លូវដែកល្បឿនលឿន ផ្លូវរថភ្លើងអាកាស និងផ្លូវរថភ្លើងក្រោមដីជាដើមដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរឹងមាំ៕