ភ្នំពេញៈ និយតករមូលបត្រកម្ពុជា (SERC) និងនិយតករមូលបត្រម៉ាឡេស៊ី បានសហការគ្នាក្នុងការសម្របសម្រួល ត្រួតពិនិត្យ និងអនុវត្តបទប្បញ្ញត្តិ និងការអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសអាស៊ានទាំង២នេះ ស្របទៅនឹងភាពរីកចម្រើននៃសកលភាវូបនីយកម្ម និងសកម្មភាពវិនិយោគឆ្លងដែនរបស់ឯកត្តបុគ្គល ឬនីតិបុគ្គលដែលស្ថិតក្រោមនិយតកម្មរបស់ប្រទេសទាំង២។
និយតករមូលបត្រកម្ពុជា (ន.ម.ក.) និងគណៈកម្មការមូលបត្រម៉ាឡេស៊ី (SCM) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅ SCM ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្ត និងការត្រួតពិនិត្យផ្នែកច្បាប់ឱ្យកាន់តែប្រសើរឡើងរវាងនិយតករទាំង២។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម សម្រាប់ MOU នេះ ត្រូវបានចុះហត្ថលេខាដោយលោក ស៊ូ សុជាតិ អគ្គនាយក SERC និងលោក Awang AdekHussin ប្រធានរបស់ SCM មានវិសាលភាពគ្របដណ្ដប់លើកិច្ចគាំទ្រពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់ឆ្លងដែន ការរៀបចំបទប្បញ្ញត្តិ និងការត្រួតពិនិត្យអន្តរការីទីផ្សារមូលបត្រ និងការសម្របសម្រួលព័ត៌មានអាជ្ញាប័ណ្ណ នឹងពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍សម្រាប់កិច្ចការនិយតកម្មទីផ្សារ។
« MOU នេះ ក៏បានលើកឡើងអំពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការចែករំលែកចំណេះដឹងបច្ចេកទេស និងជំនាញនៃការធ្វើនិយតកម្ម ដើម្បីជួយសម្រួល និងលើកទឹកចិត្តដល់ការអភិវឌ្ឍទីផ្សារមូលធន រៀងៗខ្លួន ស្របជាមួយនឹងការបន្តរីកចម្រើន និងការអភិវឌ្ឍនៃទីផ្សារមូលធនម៉ាឡេស៊ី និងកម្ពុជា»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម។
លោក Awang AdekHussin បានឱ្យដឹងថា ខណៈពេលដែលការតភ្ជាប់រវាងទីផ្សារមូលធនអាស៊ានមាន ការរីកចម្រើន ការបង្កើននូវកិច្ចសហប្រតិបត្តិការនិយតកម្មរវាងអាជ្ញាធរទាំង២ គឺកាន់តែចាំបាច់។
លោកថ្លែងថា៖ «សម្រាប់ MOU នេះបង្កើនទំនាក់ទំនងទ្វេភាគីរវាងអាជ្ញាធរទាំង២ ហើយនឹងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក នៅពេលយើងអភិវឌ្ឍ និងគ្រប់គ្រងទីផ្សារមូលធនរៀងៗខ្លួន»។
លោក ស៊ូ សុជាតិ បានឱ្យដឹងថា ក្រោមក្របខ័ណ្ឌនៃការចុះ MOU ថ្ងៃនេះ កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធររបស់យើងទាំង២ មានតម្លៃធំធេង បង្ហាញពីទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត និងចែករំលែកព័ត៌មានផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងបទប្បញ្ញត្តិ និងការគ្រប់គ្រង។
លោកថ្លែងថា៖ «ទីផ្សាររបស់ប្រទេសទាំង២ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការនេះ ដែលនឹងបង្កើតអត្ថប្រយោជន៍រយៈពេលវែងសម្រាប់ប្រជាជន និងប្រទេសជាតិរបស់យើងនៅក្នុងបរិការណ៍នៃសកលភាវូបនីយកម្មទីផ្សារហិរញ្ញវត្ថុនេះ»។
បន្ទាប់ពីការចុះ MOUនេះ មន្ត្រីជាន់ខ្ពស់ ន.ម.ក. និង SC បានធ្វើការពិភាក្សាទ្វេភាគីជាជំហាននៃការចាប់ផ្តើម ដើម្បីស្វែងយល់ពីគោលបំណងរបស់MOU ដើម្បីសម្រួលដល់ការអភិវឌ្ឍទីផ្សារមូលធនរៀងៗខ្លួន។ ផ្នែកសំខាន់ៗដូចជាការការពារវិនិយោគិន ការកសាងសមត្ថភាព និងការអភិវឌ្ឍ និងការបោះផ្សាយលក់ផលិតផល ត្រូវបានលើកយកមកពិភាក្សា។ បន្ថែមពីនេះ ន.ម.ក. និង SC បានព្រមព្រៀងគ្នាថា ការពិគ្រោះយោបល់ជា មួយអ្នកចូលរួមក្នុងទីផ្សារក្នុងស្រុក នឹងអាចឱ្យភាគីពាក់ព័ន្ធវាយតម្លៃពីលទ្ធភាព និងតម្រូវការទីផ្សារ។
យោងតាមរបាយការណ៍បានពីផ្សារមូលបត្រកម្ពុជា (CSX) គិតត្រឹមថ្ងៃទី១៩ ខែមករា មានក្រុមហ៊ុនសរុបចំនួន ១៨ ចុះបញ្ជីនៅលើទីផ្សារមូលបត្រក្នុងស្រុក ដែលក្រុមហ៊ុនចំនួន៩បានចុះបញ្ជីភាគហ៊ុន ខណៈដែលក្រុមហ៊ុនផ្សេងទៀតបានចេញមូលបត្របំណុល។ ក្រុមហ៊ុនទាំងនេះ បានប្រមូលមូលនិធិសរុបចំនួន៣១៧លានដុល្លារតាមរយៈការបោះផ្សាយមូលបត្ររបស់ពួកគេ។
រហូតមកដល់បច្ចុប្បន្ននេះ គណនីជួញដូរ CSX ប្រមាណ៣៦ ០០០ ត្រូវបានបើក។ លោកបញ្ជាក់ថា តម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមនៅលើផ្សារហ៊ុនបានកើនឡើងដល់ប្រហែល ៥០០ ០០០ ដុល្លារកាលពីឆ្នាំមុន។
យោងតាមព្រឹត្តិបត្រ សមិទ្ធផលចក្ខុវិស័យ ឆ្នាំ២០២២ និងផែនការសម្រាប់ឆ្នាំ២០២៣របស់ CSX ទីផ្សារមូលបត្រក្នុងស្រុកមួយនេះ បានបង្ហាញពីគោលដៅជំរុញការតម្លៃនៃការជួញដូរប្រចាំថ្ងៃជាមធ្យមដល់១លានដុល្លារ៕