ភ្នំពេញៈ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃប្រទេសជប៉ុន នឹងក្លាយជាចំណែកសំខាន់ក្នុងការជួយធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងជប៉ុន មានដំណើរការទៅមុខកាន់តែលឿន ខណៈកម្ពុជា-ជប៉ុន គឺជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ នេះបើតាមថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា។
ថ្នាក់ដឹកនាំរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី ២៤ កុម្ភៈ ២០២៣ បានធ្វើដំណើរទៅចូលរួមពិធីបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅតំបន់សេនដៃ ប្រទេសជប៉ុន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ដែលបានចូលរួមក្នុងពិធីបើកសម្ពោធ និងបោះឆ្នោតជ្រើសតាំងសមាជិកតំណាងសភាពាណិជ្ជកម្មនៅតំបន់សេនដៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២៨ ខែកុម្ភៈថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ នឹងជួយឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន មានទំហំកាន់តែធំ ព្រោះទីនោះនឹងជួយតភ្ជាប់រវាងអ្នកវិនិយោគជប៉ុន-កម្ពុជា ព្រមទាំងជំរុញឱ្យការអនុវត្តកិច្ចព្រមព្រៀង RCEP កាន់តែមានប្រសិទ្ធភាព និងការទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា។ លោកបន្តថា ការភ្ជាប់ទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធនេះ ក៏ជួយធ្វើឱ្យដំណើរការចរចារវាងរដ្ឋាភិបាលប្រទេសទាំង ២ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាន់តែមានភាពងាយស្រួលផងដែរ។
លោកអះអាងថា៖ «សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រដល់ការិយាល័យតំណាងនៅតំបន់សេនដៃ ក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជននៅកម្ពុជា។ សក្តានុពលវិនិយោគនៅកម្ពុជាមានវិសាលភាពធំធេង ហើយមានកិច្ចការជាច្រើនដែលភាគីទាំង ២ អាចធ្វើរួមគ្នាដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាសម្រាប់វិស័យឯកជនប្រទេសទាំង ២»។
នៅក្នុងអំឡុងដំណើរទស្សនកិច្ចនោះ លោក លឹម ហេង និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏បានធ្វើទស្សនកិច្ចក្រុមហ៊ុនជប៉ុនចំនួន ៣ ដើម្បីស្វែងយល់ពីស្ថានភាពនៃធុរកិច្ចជប៉ុន និងពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនជប៉ុន និងកម្ពុជាផងដែរ។
លោកនិយាយថា៖ «ខ្ញុំសង្កេតឃើញក្រុមហ៊ុនជប៉ុនជាច្រើនចាប់អារម្មណ៍ក្នុងការស្វែងរកដៃគូសហការ ឬមកបើកដំណើរការផ្ទាល់នៅកម្ពុជា។ នេះជាចំណុចល្អដែលជាសមាជិកការិយាល័យរបស់យើងមានឆន្ទៈក្នុងការបង្កើនកិច្ចសហការកាន់តែខ្លាំងជាមួយគ្នា»។
សភាពាណិជ្ជកម្មកម្ពុជា កាលពីចុងខែឧសភា ឆ្នាំ ២០២២ បានបើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដាផងដែរ។
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ជប៉ុន គឺជាប្រទេសដែលមកវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេលំដាប់ទី៥ ដោយមានទឹកប្រាក់ ២,៤ ពាន់លានដុល្លារ, តាមពីក្រោយប្រទេសចិនមានទឹកប្រាក់ ១៨ ពាន់លានដុល្លារ, កូរ៉េ ៤,៩ពាន់លានដុល្លារ, សិង្ហបុរី ២,៧ ពាន់លានដុល្លារ និងវៀតណាម ២,៥ ពាន់លានដុល្លារ។ វិនិយោគិនជប៉ុនភាគច្រើនវិនិយោគក្នុងវិស័យឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យលក់រាយ ផ្សារទំនើប វិស័យសេវាកម្ម និងវិស័យភោជនីយដ្ឋាន ជាដើម។
ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានចំនួន ១ ៧៣៤,១៤ លានដុល្លារ កើន ១,២ ភាគរយធៀបឆ្នាំ ២០២០ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅជប៉ុន មានទឹកប្រាក់ ១ ០៩៣,៦២ លានដុល្លារ កើន ៣ ភាគរយ និងការនាំចូលចំនួន ៦៤០,៥១លានដុល្លារ ធ្លាក់ ១,៦ ភាគរយ។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕