ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៧ ដែលមានទុនវិនិយោគសរុប ១៩៨,២ លានដុល្លារ និងអាចបង្កើតការងារបាន ៣៩ ៩១៤ កន្លែង នារយៈពេល ២ ខែឆ្នាំ ២០២៣ ក្នុងនោះ ១៩ ក្នុងវិស័យវាយនភណ្ឌ។
យោងតាមការគណនារបស់ ភ្នំពេញ ប៉ុស្តិ៍ ដោយផ្អែកលើព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ CDC គឺក្នុងខែមករា-កុម្ភៈ ក្នុងឆ្នាំ ២០២៣ មានគម្រោងវិនិយោគចំនួន ២៧ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឱ្យវិនិយោគ ដែលមានដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង, កាបូប, សម្ភារកីឡា, សម្ភារការិយាល័យ, អំពូលភ្លើង, ឧបករណ៍អគ្គិសនី, កេសកាតុង, និងសង្ហារិម ជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បច្ចុប្បន្នមានអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកកាន់តែច្រើនបានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជា ខណៈការវិនិយោគនៅទីនេះមានលក្ខណៈអំណោយផលទាំងកត្តាខាងក្នុង និងខាងក្រៅ។
កត្តាខាងក្នុងសំដៅដល់វិធានការ និងច្បាប់នានាដែលរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាព និងបង្កើតថ្មីៗក្នុងន័យលើកទឹកចិត្តឱ្យវិនិយោគិនចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ស្របពេលកម្ពុជាជាប្រទេសមានលក្ខខណ្ឌភូមិសាស្ត្រល្អប្រសើរ និងជាប្រទេសមានកម្លាំងពលកម្មជំនាញវ័យក្មេងច្រើន។
លោកបន្តថា ចំណែកកត្តាខាងក្រៅ គឺកម្ពុជាក្រៅពីមានទំនាក់ទំនងទីផ្សារល្អជាមួយប្រទេសជាច្រើន កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាមួយប្រទេសជាច្រើន ដែលកិច្ចព្រមព្រៀងនេះបានផ្តល់លក្ខខណ្ឌពិសេសផ្នែកពន្ធគយសម្រាប់ទំនិញនាំចេញពីប្រទេសកម្ពុជា។
លោកបានបន្ថែមថា ម្យ៉ាងទៀតបញ្ហាជម្លោះភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងអសន្តិសុខក្នុងប្រទេសមួយចំនួនក៏បានជំរុញឱ្យមានការផ្លាស់ប្តូរទីតាំងរោងចក្រមួយចំនួនមកកម្ពុជាដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថានឹងមានគម្រោងវិនិយោគកាន់តែច្រើនបន្ថែមទៀតចូលមកបណ្តាក់ទុននៅកម្ពុជា ខណៈរដ្ឋាភិបាល និងវិស័យឯកជនបានត្រៀមខ្លួនរួចរាល់សម្រាប់ក្នុងការស្វាគមន៍ពួកគេ»។
អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា នៅពេលប្រទេសមួយមានស្ថិរភាពនយោបាយល្អប្រសើរ ទីផ្សារនាំចេញធំទូលាយ និងមានពលកម្មសម្បូរបែប គឺជាសក្តានុពលដ៏ខ្លាំងក្នុងការទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគឱ្យមកបណ្តាក់ទុន។ ការខិតខំរបស់រដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែល្អ និងសម្បូរបែប (ផ្លូវថ្នល់ អាកាសយានដ្ឋាន...កំពង់ផែ) គឺជាផ្នែកមួយធ្វើឱ្យអ្នកវិនិយោគសម្រេចចិត្តមកបើកដំណើរការអាជីវកម្មនៅកម្ពុជា។
លោកបន្ថែមថា កម្ពុជាក៏មានទីតាំងភូមិសាស្ត្រអំណោយផលផងដែរ ព្រោះមិនមានគ្រោះធម្មជាតិធំៗ ដែលអាចជាឧបសគ្គសម្រាប់ការបើករោងចក្រ/សហគ្រាស។
លោកប្រាប់ថា៖ «ការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នៃច្បាប់នានា និងការសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយប្រទេសនានាកំពុងក្លាយទៅជាកម្លាំងចលករក្នុងការទាក់ទាញឱ្យគម្រោងវិនិយោគកាន់តែច្រើនមកកម្ពុជា»។
លោកបន្ថែមថា ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិត្រូវបានរំពឹងថា នឹងមានសម្ទុះកាន់តែខ្លាំងចាប់ពីពេលនេះតទៅ ព្រោះក្រៅពីទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចូល GSP ពីអាមេរិក និង EBA ពីសហភាពអឺរ៉ុប បច្ចុប្បន្នកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀង RCEP ដែលមានប្រទេស ១៥ ជាសមាជិក។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានចំនួន ៥២ ៤២៤,៥៣៩ លានដុល្លារ កើនឡើង ៩,២ ភាគរយធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារអន្តរជាតិចំនួន ២២ ៤៨២,៩៣៧ លានដុល្លារ កើន ១៦,៤ ភាគរយ និងទំនិញដែលកម្ពុជានាំចូល មានចំនួន ២៩ ៩៤១,៦០២ លានដុល្លារ កើន ៤,៣ភាគរយ។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ កើនឡើង ១១,២ ភាគរយធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះវិស័យហិរញ្ញវត្ថុ មានចំនួន ៩,៤ ពាន់លានដុល្លារ ស្មើនឹង ២២,៩ ភាគរយ, កម្មន្តសាល ៨,៥ ពាន់លានដុល្លារ ស្មើ ២០,៨ ភាគរយ, អចលនទ្រព្យ ៤,៩ ពាន់លានដុល្លារ ស្មើ ១២ ភាគរយ, សណ្ឋាគារ និងភោជនីយដ្ឋាន ៤,៤ ពាន់លានដុល្លារ ស្មើ ១០,៧ ភាគរយ, កសិកម្ម ៤,២ លានដុល្លារ ស្មើ ១០,៣ ភាគរយ, អគ្គិសនី ២,៦ ពាន់លានដុល្លារ ស្មើ ៦,២ ភាគរយ, សំណង់ ១,៦ ពាន់លានដុល្លារ ស្មើ ៤,១ ភាគរយ និងផ្នែកផ្សេងៗ ៥,៣ ពាន់លានដុល្លារ ស្មើ ១៣ ភាគរយ៕