ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្ម ១ នឹងទិញកសិផលបន្លែពីកសិករក្នុង ១ ថ្ងៃ ប្រមាណ ៥០០ តោន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងរាជធានីភ្នំពេញ ខណៈក៏មានការសាទរផងដែរពីសហគមន៍កសិកម្ម ១ នៅស្រុកស្អាង ខេត្តកណ្តាល។
លោក ផាន សុភ័ក្ត្រ ស្ថាបនិកមជ្ឈមណ្ឌលពាណិជ្ជកម្ម កសិកម្មដែលមានទីតាំងនៅសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១ មីនាថា មជ្ឈមណ្ឌលរបស់លោកមានឈ្មោះថា មជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា ហើយមានទិសដៅប្រមូលទទួលទិញភោគផលបន្លែកសិកម្មពីកសិករ ប៉ុន្តែត្រូវធ្វើការវេចខ្ចប់ទៅតាមលក្ខណៈបច្ចេកទេសអនាម័យឱ្យរួចរាល់នៅកសិដ្ឋាននោះតែម្តង ហើយទើបដឹកជញ្ជូនមកមជ្ឈមណ្ឌល។
លោកបន្តថា នៅពេលដែលកសិផលចូលដល់មជ្ឈមណ្ឌលគឺនឹងត្រូវធ្វើការបែងចែកលក់បន្តទៅឱ្យអតិថិជនដែលជាអាជីវករ។ ចំពោះបន្លែដែលលោកត្រូវប្រមូលទិញពីប្រជាកសិករនោះមាន២ប្រភេទគឺទី១-ជាបន្លែទូទៅឬអាចនិយាយបានថា បន្លែនៅតាមផ្សារ និងទី២-មានបន្លែសរីរាង្គតែស្ថិតនៅក្នុងទំហំប្រហែលជា១៥ទៅ២០ភាគរយនៃបន្លែចម្រុះប៉ុណ្ណោះ។ បើតាមលោកប៉ាន់ស្មានគឺសម្រាប់រាជធានីភ្នំពេញអាចត្រូវការផលកសិកម្មមកផ្គត់ផ្គង់ប្រហែលជា៥០០តោនក្នុង១ថ្ងៃ។
លោកថ្លែងថា៖«ជាផែនការរបស់ខ្ញុំសម្រាប់ពេលអនាគតគឺខ្ញុំទទួលទិញតែភោគផលណាដែលដាំតាមស្តង់ដាបច្ចេកទេសកសិកម្មទេ។អ៊ីចឹងសម្រាប់ថ្ងៃអនាគត់ទៅខ្ញុំសង្ឃឹមថាពលរដ្ឋកម្ពុជាយើងនឹងទទួលបានផាសុខភាពតាមរយៈការទទួលទានកសិផលសរីរាង្គ»។
បើតាមលោក សុភ័ក្ត្រ ចំពោះការងារបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មនេះគឺលោកបានគិតគូរតាំងពី១០ឆ្នាំមុនមកម្ល៉េះ។សម្រាប់តំបន់គោលដៅដែលលោកត្រូវប្រមូលទិញកសិផលកសិកម្មនៅតំបន់ណាមួយនោះគឺលោកបានគិតរួចហើយប៉ុន្តែលោកមិនទាន់បានទៅជួបសហគមន៍កសិកម្មក្នុងស្រុកឬខេត្តណាមួយនៅឡើយទេ។មជ្ឈមណ្ឌលកសិកម្មសាងសង់លើផ្ទៃដីទំហំ១៧០០០ម៉ែត្រការ៉េស្មើជាង១ហិកតាហើយគ្រោងនឹងដំណើរការក្នុងខែមេសាឆ្នាំ២០២៣នេះ។
ដោយឡែកលោក ឈឹម គឹមសាន ប្រធានអង្គការជំរុញការអភិវឌ្ឃន៍សេដ្ឋកិច្ចកម្ពុជាដែលជាដៃគូសហការបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១ មីនាថា អង្គការរបស់លោកបានធ្វើការសហការជាមួយខាងមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មនេះគឺជាអ្នកសម្របសម្រួលក្នុងការរត់លិខិតស្នាមផ្សេងតាមផ្លូវច្បាប់តាមក្រសួងស្ថាប័នពាក់ព័ន្ធ។ ប៉ុន្តែអង្គការក៏មានតួនាទីបណ្តុះបណ្តាលបង្ហាត់បង្រៀនពីបច្ចេកទេសដាំដុះដល់ប្រជាកសិករបន្ថែមពីលើចំណេះដឹងផ្នែកកសិកម្មដែលពួកគាត់មានស្រាប់។
លោកបញ្ជាក់ថា បច្ចុប្បន្នប្រជាកសិករ និងជាពិសេសសិស្សនិស្សិតកម្ពុជាបានសិក្សាជំនាញកសិកម្មចេះច្រើនទៅហើយក៏ប៉ុន្តែគ្រាន់តែថាមុខរបរកសិកម្មរបស់គាត់នៅជួបបញ្ហាទីផ្សារ។ការប្រកួតប្រជែងនឹងទីផ្សារនេះក៏ដោយសារមានការនាំចូលពីបរទេសច្រើន តែយ៉ាងណាទីផ្សារសេរីគឺលោកមិនជំទាស់នៃការនាំចូលទេ។«យើងសុខចិត្តបញ្ចេញស្នាដៃតាមរយៈការងារវិញដើម្បីទប់ការនាំចូល។ការនាំចូលគេមិនហាមឃាត់ទេតែនៅថ្ងៃក្រោយប្រជាកសិករគាត់ធ្វើការជាមួយមជ្ឈមណ្ឌលជាមួយអង្គការបានយល់ចិត្តគ្នាទៅគឺគាត់នឹងជួយចូលរួមក្នុងការងារនេះកាន់តែខ្លាំង»។
ពាក់ព័ន្ធការដាំដុះវិញត្រូវបានអ្នកស្រី ទូច ជិច ប្រធានសហគមន៍កសិកម្មស្វាយប្រទាលក្នុងក្តីសង្ឃឹម ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាលបានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកចំនួន១៧០គ្រួសារ ហើយដំណាំដែលកំពុងដាំដុះមាន សាលាដខ្មែរ ស្ពៃក្តោប ស្ពៃក្រញាញ់ ស្ពៃតឿខៀវ ស្ពៃពណ៌លឿង ស្ពៃចង្កឹះ ផ្កា ស្ពៃខ្មៅ ខាត់ណា ខាត់ណាដើម ស្ពៃផ្កាលឿង ស្ពៃផ្កាស។ បន្លែទាំងនេះត្រូវបានក្រុមហ៊ុនឈ្មោះ AIC បានចុះកុងត្រាជាមួយសហគមន៍ដើម្បីទិញជារៀងរាល់រដូវ។
អ្នកស្រីបន្តថា ក្នុង១ថ្ងៃសហគមន៍បានប្រមូលផលពីប្រជាកសិករបានជាង៣០០គីឡូក្រាមដែលការប្រមូលនេះជាការកុម្ម៉ង់ពីខាងក្រុមហ៊ុន។តែបើលើសតម្រូវការរបស់ក្រុមហ៊ុនគឺកសិករគាត់យកទៅលក់នៅតាមទីផ្សារដោយខ្លួនគាត់បាន។ចំពោះតម្លៃវិញគឺអាស្រ័យទៅតាមប្រភេទបន្លែជាមធ្យម១គីឡូក្រាមថ្លៃចន្លោះពីជាង២ពាន់ទៅជាង៤ពាន់រៀល។ប៉ុន្តែខែនេះកសិករជួបបញ្ហាដោយសារអាកាសធាតុប្រែប្រួល ដាំបន្លែមិនសូវបាន តែបន្លែក៏ឡើងថ្លៃដែរ។
អ្នកស្រីសង្កត់ធ្ងន់ថា៖«ខាងមន្ទីរកសិកម្មខេត្តកោតសរសើរថា បន្លែសហគមន៍ប្រើជីសរីរាង្គ ជីធម្មជាតិមានរសជាតិឆ្ងាញ់ ហើយកាត់បន្ថយជីគីមី ហើយខ្ញុំសង្ឃឹមថា ក្រោយមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មដំណើរការគឺបន្លែក្នុងសហគមន៍ឬខ្ញុំកាន់តែមានទីផ្សារ»៕