ភ្នំពេញៈ កម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់កសិផលសំខាន់មួយសម្រាប់ទីផ្សារវៀតណាម ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈវៀតណាមបានចំណាយប្រាក់ជាង ២,៤ ពាន់លានដុល្លារ លើការនាំចូលកសិផលពីកម្ពុជាគិតត្រឹមខែតុលាឆ្នាំ ២០២២។ នេះបើយោងតាមសារព័ត៌មានវៀតណាម ដែលបានរាយការណ៍ពេលថ្មីៗនេះ។
សារព័ត៌មានអនឡាញ Vietnamnet បានរាយការណ៍កាលពីថ្ងៃទី ២១ ខែកុម្ភៈថា រយៈពេល២ឆ្នាំចុងក្រោយផលិតផលកសិកម្មកម្ពុជាបានចូលទីផ្សារវៀតណាមច្រើន ហើយកម្ពុជាថែមទាំងជាប្រទេសផ្គត់ផ្គង់កសិផលច្រើនជាងគេទៅវៀតណាមផងដែរ។
យោងតាមស្ថិតិអគ្គនាយកដ្ឋានគយវៀតណាម ក្នុងឆ្នាំ ២០១២ វៀតណាមបានចំណាយប្រាក់ ២១៤,៨ លានដុល្លារ ដើម្បីនាំចូលកសិផលពីកម្ពុជាចំនួន ៤ មុខ គឺឈើ និងផលិតផលឈើ ពោត អាហារសមុទ្រ និងកៅស៊ូ។
ប៉ុន្តែកាលពីឆ្នាំ ២០២១ ត្រូវបានគេមើលឃើញថា ផលិតផលកសិកម្មកម្ពុជា បានចូលទៅប្រទេសវៀតណាមយ៉ាងច្រើន ដោយទឹកប្រាក់ការនាំចូលកើនដល់ ៣,៤៨៧ ពាន់លានដុល្លារ កើនឡើង ៤,៦ ដង ខ្ពស់ជាងឆ្នាំ ២០២០ និង ១៦,២ ដង ច្រើនជាងឆ្នាំ ២០១២។ នៅឆ្នាំ ២០២២ គិតត្រឹមចុងខែតុលា វៀតណាមបានចំណាយរហូតដល់ ២,៤២៩ ពាន់លានដុល្លារ ដើម្បីនាំចូលផលិតផលកសិកម្មពីកម្ពុជា។
ក្នុងឆ្នាំ ២០២១ ទំនិញសំខាន់ៗដែលវៀតណាមនាំពីកម្ពុជា រួមមាន គ្រាប់ស្វាយចន្ទី ឈើ ផលិតផលឈើ ពោត សណ្ដែក កៅស៊ូ អង្ករ និងបន្លែ។
របាយការណ៍អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លើកឡើងថា ប្រទេសកម្ពុជា មានឧត្តមភាពប្រកួតប្រជែងខ្លាំងលើផលិតផលកសិកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ផលិតផលកសិកម្មកម្ពុជាផ្តល់ទិន្នផលខ្ពស់ ហើយគុណភាពត្រូវបានកែលម្អយ៉ាងឆាប់រហ័ស។ វាជាអត្ថប្រយោជន៍ដែលកសិករខ្មែរប្រើថ្នាំសម្លាប់សត្វល្អិតតិចបំផុត និងគ្រាប់ពូជល្អ បូករួមទាំងដីមានជីជាតិ ដូច្នេះផលិតផលកសិកម្មកម្ពុជា មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានគុណភាពល្អទៀតផង។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និយាយថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញកសិផលសំខាន់ៗក្នុងតំបន់ និងពិភពលោក ដែលចូលរួមដើម្បីរក្សានិរន្តរភាពស្បៀងអាហារក្នុងតំបន់ និងពិភពលោក។ លោកបានបន្ថែមថា ក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ វិស័យកសិកម្មកម្ពុជាមានការរីកចម្រើនសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែក៏បាននាំចេញទៅកាន់តំបន់ និងពិភពលោកផងដែរ។
លោកថ្លែងថា៖ «យើងធ្លាប់ជាប្រទេសខ្វះស្បៀងអាហារ នឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញសំខាន់ៗ។ យើងមើលឃើញថា ការនាំចេញកសិផលរបស់យើងភាគច្រើន គឺទៅកាន់ប្រទេសជិតខាងថៃ និងវៀតណាម។ ប្រទេសជិតខាងទាំង ២ គឺមានសារៈសំខាន់សម្រាប់ផលិតផលកសិកម្មរបស់យើង ដោយសារយើងនៅជិតគ្នា ងាយស្រួលក្នុងការដឹកជញ្ជូន និងតម្លៃដឹកជញ្ជូនទាប»។
ទោះបីយ៉ាងណា លោកមានសុទិដ្ឋិនិយមថា ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន, កូរ៉េខាងត្បូង, និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងក្លាយជាកម្លាំងជំរុញថ្មីមួយទៀតក្នុងការស្រូបយកកសិផលកាន់តែច្រើនពីកម្ពុជានៅឆ្នាំខាងមុខ ហើយការណ៍នេះនឹងជួយកសិករកម្ពុជាមិនគ្រាន់តែពឹងផ្អែកលើទីផ្សារប្រទេស ជិតខាងដែលមានស្រាប់នោះទេ៕