ភ្នំពេញៈ កម្ពុជាអាចមានផ្លូវល្បឿនលឿនទី៤ ដែលភ្ជាប់ពីរាជធានីភ្នំពេញទៅព្រំដែនប្រទេសថៃ (ច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត) នាពេលខាងមុខ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មីៗនេះបានបើកភ្លើងបៃតងឱ្យក្រុមហ៊ុនមួយធ្វើការសិក្សា។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាលពីថ្ងៃទី ២៨ ខែកុម្ភៈលោក ស៊ុន ចាន់ថុល បានឱ្យដឹងថា បើទោះបីផ្លូវជាតិលេខ ៥ ពីភ្នំពេញទៅក្រុងប៉ោយប៉ែត កំពុងពង្រីកពី ២ ទៅ ៤ គន្លង ក៏មានក្រុមហ៊ុនមួយ (មិនបញ្ចេញឈ្មោះ) បានស្នើសុំមកក្រសួងដើម្បីសិក្សាពីការសាងសង់ផ្លូវល្បឿនលឿន ១ ខ្សែពីភ្នំពេញទៅក្រុងប៉ោយប៉ែត។ លោកបន្តថា ពេលនេះក្រសួងអនុញ្ញាតឱ្យក្រុមហ៊ុនសិក្សាហើយ ដើម្បីពិនិត្យលទ្ធភាពវិនិយោគ។
លោកថ្លែងថា៖ «ទោះបីយើងធ្វើផ្លូវជាតិលេខ ៥ ដោយពង្រីកពី ២ គន្លងទៅ ៤ គន្លង ក៏មានក្រុមហ៊ុនឯកជនមួយស្នើសុំធ្វើផ្លូវល្បឿនលឿនជាប្រភេទ BOT ពីភ្នំពេញទៅបាត់ដំបង បន្តទៅប៉ោយប៉ែតដែរ ដោយគាត់យល់ឃើញថា ផ្លូវជាតិលេខ ៥ មាន ៤គន្លងមែន ប៉ុន្តែមានសត្វឆ្លងកាត់ និងមានការយឺតយ៉ាវ ដូច្នេះគាត់ស្នើសុំធ្វើផ្លូវល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត។ យើងបានអនុញ្ញាតហើយដោយក្រុមហ៊ុនមួយហ្នឹងកំពុងធ្វើការសិក្សា»។
លោកបន្តថា ផ្លូវល្បឿនលឿនបានរួមចំណែកយ៉ាងច្រើនក្នុងជំរុញកំណើនសេដ្ឋកិច្ច ពិសេសការតភ្ជាប់ពីប៉ូលសេដ្ឋកិច្ច ១ ទៅប៉ូលសេដ្ឋកិច្ច ១ ទៀត។
បច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿន ១ ខ្សែបើកដំណើរការជាផ្លូវការកាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២២ ដោយតភ្ជាប់ពីភ្នំពេញ ទៅក្រុងព្រះសីហនុ ខណៈចំនួន ២ ផ្សេងទៀត គឺ ១ ចេញពីភ្នំពេញទៅក្រុងបាវិត (ព្រំដែនវៀតណាម) គ្រោងបើកការដ្ឋានក្នុងពេលឆាប់ៗ និងគម្រោងភ្នំពេញ-សៀមរាបការសិក្សាជិតចប់ ១០០ ភាគរយហើយ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែមីនាថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺមានសារៈសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ដូច្នេះបើមានការសាងសង់ផ្លូវថ្នល់ស្ពាន អាកាសយានដ្ឋាន និងកំពង់ផែកាន់តែច្រើន គឺកាន់តែល្អ។
នៅពេលប្រព័ន្ធដឹកជញ្ជូនល្អ និងសម្បូរបែបនឹងធ្វើឱ្យអ្នកវិនិយោគ ព្រមទាំងភ្ញៀវទេសចរកាន់តែចាប់អារម្មណ៍ធ្វើដំណើរមកកម្ពុជា។ លោកបន្តថា ការដឹកជញ្ជូនទំនិញរវាងភ្នំពេញ-ក្រុងប៉ោយប៉ែត នាពេលនេះគេត្រូវប្រើពេលពី ៧-៨ ម៉ោង និងរថយន្តដឹកទំនិញធំៗអាចលើសពី ១០ ម៉ោង ដូច្នេះបើរយៈពេលធ្វើដំណើរត្រូវកាត់បន្ថយវានឹងនាំមកផលចំណេញច្រើនដល់ប្រជាជន និងសេដ្ឋកិច្ចជាតិ។
លោកនិយាយថា៖ «បើមានផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងប៉ោយប៉ែតនោះចរាចរណ៍ទំនិញ និងមនុស្សរវាងកម្ពុជា-ថៃ ប្រាកដជាឡើងមួយកម្រិតទៀត»។ ផ្លូវល្បឿនលឿននឹងក្លាយជាកម្លាំងស្រូបភ្ញៀវទេសចរពីប្រទេសជិតខាងមកកម្សាន្តនៅកម្ពុជាបានច្រើនផងដែរ»។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹងថា ក្នុងនាមសមាគមភ័ស្តុភារកម្មកម្ពុជា រូបលោកពិតជារីករាយខ្លាំងបើកម្ពុជាអាចមានផ្លូវល្បឿនលឿនកាន់តែច្រើន ដើម្បីដឹកទំនិញ និងមនុស្ស។ ការវិនិយោគផ្លូវល្បឿនលឿននេះគឺពិតជាល្អប្រសើរណាស់។ ផ្លូវល្បឿនលឿនទី ៤ នេះក៏នឹងជួយឱ្យការដឹកជញ្ជូនកសិផលពីកម្ពុជាទៅប្រទេសថៃកាន់តែងាយស្រួល ហើយការធ្វើដំណើរទៅចុងគោលដៅនៃផ្លូវល្បឿនលឿនផ្សេងទៀតក៏ងាយស្រួល និងឆាប់រហ័សផងដែរ។
លោកអះអាងថា៖ «ហេដ្ឋារចនាសម្ព័ន្ធគឺមានភាពចាំបាច់ណាស់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ព្រោះបើមានមធ្យោបាយដឹកជញ្ជូនកាន់តែច្រើន សមត្ថភាពប្រកួតប្រជែងក៏កើនឡើងកាន់តែខ្ពស់ដែរ»។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ៥២ ៤២៤,៥៣៩ លានដុល្លារ កើនឡើង ៩,២ ភាគរយធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារអន្តរជាតិ ២២ ៤៨២,៩៣៧ លានដុល្លារ កើន ១៦,៤ ភាគរយ និងទំនិញកម្ពុជានាំចូលមានចំនួន ២៩ ៩៤១,៦០២ លានដុល្លារ កើន ៤,៣ ភាគរយ៕