ភ្នំពេញៈ លោក ​ហ៊ុន ម៉ាណែត ​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន ​នាពេល​អនាគត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលជា​បក្ស​កាន់អំ​ណាច ​បានលើក​ទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​អាមេរិក​ទាំងឡាយ ​ឱ្យ​បន្ត​វិនិយោគ ​ធ្វើធុរកិ្ចច​នៅ​កម្ពុជា ​ដែលជា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍ក្នុង​ល្បឿន​លឿន​មួយ​​ស្ទើរ​គ្រប់​វិស័យ។

នា​ដើម​សប្តាហ៍​នេះ ​នៅ​សណ្ឋាគារ ​Hyatt Regency ​រាជធានី​ភ្នំពេញ ​លោក​ហ៊ុន ម៉ាណែត ​បានជួប​ជាមួយ​ប្រតិភូ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន ​ដែល​ដឹកនាំ​ដោយ​លោក​ Michael Malacka ​ជាឯកអគ្គរដ្ឋទូត ​ជាអនុប្រធាន ​និង​នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់ ​ដើម្បី​ពិភាក្សា​ការងារ​លើ​បញ្ហា​វិនិយោគ ​និង​ធុរកិច្ច។​

ក្នុង​ជំនួប​នោះ ​លោក​ហ៊ុន​ ម៉ាណែត ​ដែលជា​មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា ​និង​ជាអគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ ​បានសម្តែង​ការស្វាគមន៍​ដល់​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក-​អាស៊ាន ​ដែល​សុទ្ធតែជា​ក្រុមហ៊ុន​របស់​អាមរិក ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជារៀងរាល់​ឆ្នាំ ​ក្នុង​ការផ្តល់​យោបល់ ​ដំណោះ​ស្រាយ​ផ្នែក​ធុរកិច្ច ​ក៏ដូចជា​បង្កើន​ឱកាស​ពី​សហរដ្ឋ​អាមេរិក​មក​ក្នុង​ប្រទេស​កម្ពុជា។​

បន្ថែម​ពីនេះ ​លោក​ក៏បាន​លើក​ទឹកចិត្ត​បន្ថែម​ទៀត ​ដល់​បណ្តា​ក្រុមហ៊ុន​អាមេរិក​ទាំងអស់ ​ឱ្យបន្ត​វិនិយោគ ​និង​ធ្វើធុរកិច្ច​នៅ​កម្ពុជា ​ដែល​លោក​អះអាង​ជាប្រទេស​កំពុង​អភិវឌ្ឍ​ន៍ក្នុង​ល្បឿន​មួយ​យ៉ាងលឿន ស្ទើរ​គ្រប់​វិស័យ។​

ជាមួយ​គ្នានោះ ​លោក ​Michael Malacka ​ក៏បាន​ថ្លែង​អំណរគុណ​ដល់​លោក ​ហ៊ុន ម៉ាណែត ​ដែល​បានផ្តល់​ឱកាស​លើក​ដំបូង​ដល់​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន ​បានជួប​ពិភាក្សា​ការងារ ​បន្ទាប់ពី​លោក​ត្រូវបាន​គណៈ​កម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​ផ្តល់​សេចក្តី​ទុកចិត្ត​ជ្រើសតាំង​ជាបេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​វេន​នា​ពេល​អនាគត​។​

លោក​Michael Malacka​ ក៏បាន​អបអរ ​និង​កោតសរសើរ​ផងដែរ​ថា​៖«កម្ពុជា​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​ជា​ប្រវត្តិ​សាស្ត្រ​ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ​កិច្ចប្រជុំ​កំពូល​អាស៊ាន-​អាមេរិក ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ​កាល​ពី​ឆ្នាំ២០២២​ កន្លង​ទៅ ​ដែល​នេះ​បាននាំ​ឱ្យ​ទំនាក់​ទំនង​អាមេរិក​-កម្ពុជា ​កាន់តែ​ជិតស្និទ្ធ​ទ្វេ​ឡើង​ថែម​ទៀត»។ ​

សូម​បញ្ជាក់ថា ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន ​មាន​អាយុកាល​ជាង​៣៧ឆ្នាំ​មកហើយ ​ដោយ​មាន​សមាជិក​ ដែល​ជាក្រុម​ហ៊ុន​យក្ស​អាមេរិក ​ជាង​១៨០ក្រុមហ៊ុន​(Fortune 500 Companies) ​បានទទួល​ការសម្រប​សម្រួល ​និង​ជួយ​ជ្រោម​ជ្រែង​ដល់​ការធ្វើ​ធុរកិច្ច ​និង​វិនិយោគ​នៅ​អាស៊ាន។ នា​ពេល​នេះ ​ក្រុមហ៊ុន​ជាង​១០ ​បានចូលរួម​ជាមួយ​គណៈប្រតិភូ ​ដើម្បី​ពង្រីក​ការធ្វើ​ធុរកិច្ច ​និង​វិនិយោគ​នៅ​កម្ពុជា។ ជាពិសេស ​ជួយ​ដល់​ផែនការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍ ​លទ្ធភាព​ទទួល​ហិរញ្ញប្បទាន​របស់ ​SME​ ថាមពល ​និង​ហេដ្ឋារចនា​សម្ព័ន្ធ ​ផលិតផល​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ និង​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស ​យុវជន ​និង​SME។ល។ ​ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក ​Michael Malacka​ រាយការណ៍​ជូន​លោក​ហ៊ុន​ ម៉ាណែត។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ​លោក​ឆេង ​គឹមឡុង ​នាយក​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច ​និង​ប្រជាធិបតេយ្យ​នៃ​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី​(AVI) ​និងជា​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​លើកឡើង​ថា ​កម្ពុជា​មាន​ភាពអំណោយ​ផល​លើ​កត្តា​សន្តិសុខ​ សេដ្ឋកិច្ច ​និង​ផ្នែក​ច្បាប់​គតិយុត្ត ​ដែលអាច​ឱ្យ​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​សម្លឹង​ឃើញ​ផ្នែក​សន្តិសុខ ​កម្ពុជា​ជាប្រទេស​មាន​សន្តិភាព ​និង​ស្ថិរភាព។

លោក​បន្តថា ​ចំណែក​ផ្នែក​សេដ្ឋកិច្ច ​នោះ​គឺ​ចំណូល​ប្រជាជន​កម្ពុជា​ម្នាក់ៗ​បានកើន​ឡើង​ខ្ពស់ ​ប្រមាណ​៦ដង ​បើ​ធៀប​នឹង​ ២០ឆ្នាំ​មុន ​មាន​កម្លាំង​បញ្ជា​ទិញ​ខ្ពស់ ​ឯ​ផ្នែក​ច្បាប់​គតិយុត្ត ​គឺ​កម្ពុជា​មាន​ច្បាប់​វិនិយោគ​ល្អប្រសើរ​បូករួម​អភិបាលកិច្ច​ល្អ។​

លោក​គឹមឡុង ​បន្តថា​៖«កត្តា​អំណោយផល​នានា​នេះ ​គឺជា​ភាពទាក់ទាញ ​ដែល​ក្រុមហ៊ុន​អាមេរិក ​គួរពិចារណា​មក​វិនិយោគ​ ដែល​យើង​មិន​រំពឹង​ក្រុមហ៊ុន​យក្ស​នោះ​ទេ។ យើង​អាច​លើក​ទឹកចិត្ត​ក្រុមហ៊ុន​អាមេរិក​មួយចំនួន​ដែល​មាន​លក្ខណៈ​សម​ស្រប​ទៅ​នឹង​លក្ខខណ្ឌ ​និង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា»។​

នាយក​ AVI ​រូប​នេះ ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​កម្ពុជា-​អាមេរិក ​ដែល​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ លោក​បង្ហាញ​ក្តីសង្ឃឹម​ថា ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​គួរ​សម្លឹង​ឃើញ​កម្ពុជា ​មក​វិនិយោគ​ក្នុង​វិស័យ​អេឡិច​ត្រូនិក​កម្រិត​មធ្យម ​គ្រឿង​បន្លាស់​បង្គុំ​ ការកែច្នៃ​ម្ហូបអាហារ ​និង​ចំណី​សត្វ ​ជាដើម ​ខណៈ​សហរដ្ឋអាមរិក​ក៏ជា​ប្រទេស​ដែល​មាន​ការវិនិយោគ​ធំ​លើ​វិស័យ​ឧស្សាហកម្ម​កែច្នៃ​គីមី​ចំណីអាហារ​ផង​ដែរ៕