
លោកគួច ចំរើន ក្នុងពិធីសម្ពោធស្ថានីយផ្ទុកទំនិញកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១ ខែមីនា ។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ព្រះសីហនុៈ ស្ថានីយផ្ទុកទំនិញកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ១ ខែមីនា ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាម្ចាស់ជំនួយ បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ)។
អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន មានប្រសាសន៍ថា ប្រទេសជប៉ុន បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យមានដូចជា ការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ប្រព័ន្ធបង្ហូរទឹក វិស័យសុខភាពសាធារណៈ ការផ្គត់ផ្គង់ទឹកស្អាត ការអប់រំ ការបោសសម្អាតគ្រាប់មីន និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងវិស័យជាច្រើនទៀត។
លោកបន្ថែមថា កំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក គួច ចំរើន ថ្លែងថា៖ «យើងក៏ទទួលបានហិរញ្ញប្បទានឥតសំណងជាក់ស្តែង គឺសំណង់ឃ្លាំង CFS ដែលដាក់សម្ពោធឱ្យដំណើរការនាថ្ងៃនេះ ហើយនៅពេលឆាប់ៗខាងមុខនេះ កំពង់ផែនឹងទទួលបានជំនួយលើមធ្យោបាយលើកដាក់ (Harbor Mobile Crane) ចំនួន ២គ្រឿងទៀត ពីរដ្ឋាភិបាលជប៉ុន»។
លោកបញ្ជាក់ពីសារៈសំខាន់នៃជំនួយរបស់ជប៉ុន ដែលជប៉ុនបានជួយទាំងផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ព្រមទាំងការជ្រោមជ្រែងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។
លោករំឭកថា កំពង់ផែបានទទួលកម្ចីសម្បទានពីជប៉ុនរួចហើយ សម្រាប់សាងសង់ចំណតផែកុងតឺន័រថ្មីប្រវែង ៤០០ម៉ែត្រ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ការសាងសង់ចំណតផែពហុបំណងប្រវែង ៣៥០ម៉ែត្រ ការកែសម្រួលផែច្រាំងទៅជាផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ ព្រមទាំងគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ ជំហានទី២ និងជំហានទី៣។
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោក UENO Atsushi បានថ្លែងថា រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ថវិកាដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់គុណភាពបន្ថែមនៃតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ភ័ស្តុភារកម្មអន្តរជាតិផ្សេងៗ។
លោកលើកឡើងថា ប្រទេសជប៉ុន និងកម្ពុជាបានព្រមព្រៀងសហការក្នុងកម្រិតអតិបរមា ដើម្បីធ្វើឱ្យកំពង់ផែស្វយ័តព្រះសីហនុ មានមុខងារជាកំពង់ផែស្នូល មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏ដូចជានៅក្នុងតំបន់មេគង្គទាំងមូល។
លើសពីនេះ ក៏មានសាងសង់ឃ្លំាងផ្ទុកទំនិញរបស់ AEON ជាក្រុមហ៊ុនជប៉ុនដ៏ល្បីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើឱ្យក្រុមហ៊ុនជប៉ុនវិនិយោគមកតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោក UENO Atsushi បន្តថា៖ «ខ្ញុំសង្ឃឹមថា ការចាប់បើកឱ្យប្រើប្រាស់ឃ្លាំងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀត នៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងនាំឱ្យក្រុមហ៊ុនជប៉ុន កាន់តែច្រើនបន្ថែមទៀត មកបណ្តាក់ទុននៅខេត្តព្រះសីហនុ បន្ទាប់ពីផ្សារទំនើប AEON»។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា-ជប៉ុន បានព្រមព្រៀងគ្នា ដំឡើងទំនាក់ទំនងទ្វេភាគីដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្រោមភាពជាដៃគូថ្មីនេះ ប្រទេសទាំង២ នឹងធ្វើការរួមគ្នាកាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមរួមទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗបន្ថែមទៀត។
អ្នកឃ្លាំមើលបញ្ហានយោបាយអន្តរជាតិយល់ថា រដ្ឋាភិបាលជប៉ុន អាចនឹងជួយកម្ពុជាលើច្រើនផ្នែកថែមទៀតរាប់តាំងពីសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលកម្ពុជានឹងគាំទ្រជប៉ុនលើនយោបាយអន្តរជាតិ៕