ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត បានបង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់ ខណៈដែលគម្រោងនេះត្រូវបានព្យាករណ៍ថា នឹងក្លាយជាកម្លាំងចលករ កែប្រែមុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា លើឆាកអន្តរជាតិ និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ។
នៅក្នុងកិច្ចប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។
លោកបានបន្ថែមថា នៅក្នុងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ជាមួយគ្នានេះ លទ្ធផលនៃការសិក្សាផ្នែកជលសាស្រ្ត ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចប់សព្វគ្រប់ និងលើកយកមកបង្ហាញជូនអង្គប្រជុំនាឱកាសនេះផងដែរ។
លោកបានបញ្ជាក់ថា៖«គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។ ទន្ទឹមគ្នានេះដែរ គម្រោងនេះត្រូវបានរំពឹងទុកថា នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភ័ស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន»។
លោកបានបន្តថា ប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ នឹងជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងផ្តល់ភាពងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បាននិយាយថា នៅក្នុងករណីដែលក្រសួងសាធារណការជោគជ័យលើផែនការពង្រីកកំពង់ផែ ដែលឈានដល់ការជីកព្រែកភ្ជាប់ទៅកាន់ខេត្តកែបនេះ គឺរឿងដ៏ល្អបំផុត និងជាសមិទ្ធផលដ៏ធំធេងមួយនៅក្នុងប្រវត្តិសាស្ត្រវិស័យដឹកជញ្ជូនកម្ពុជា។
លោកបានបញ្ជាក់ថា៖« នេះគឺជាការបើកច្រកដ៏ទូលំទូលាយមួយសម្រាប់ការដឹកជញ្ជូនរបស់យើង ដោយសារតែសព្វថ្ងៃនេះយើងមានទំនិញមួយចំនួនមកពីខាងក្រៅប្រទេស ជាពិសេសប្រទេសចិន ដែលលំហូរទៅខាងផែខាត់ឡៃ និងខៃមេប ប្រទេសវៀតណាមហើយ ទើបដឹកជញ្ជូនតាមរថយន្តមកកម្ពុជា។ដូចនេះបើសិនជាយើងមានផែខ្លួនឯង ពីទន្លេបាសាក់ទៅដល់កែប ឬកំពតនោះ ច្បាស់ណាស់យើងនាំចេញទៅដោយមិនចាំបាច់ឆ្លងកាត់ផែវៀតណាមទៀតទេ»។
សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត បើតាមលទ្ធផលសិក្សាសមិទ្ធិលទ្ធភាពទាំងដំណាក់កាលទី១ និងទី២ បានបង្ហាញឱ្យឃើញថា មិនមានចោទជាបញ្ហាឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ ទន្ទឹមនឹងនេះដែរ គម្រោងត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និង អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញថាមានកម្រិតខ្ពស់ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ តាមរយៈផ្លូវគោក និងផ្លូវដែក៕